កម្ពុជាស្វះស្វែងរកដៃគូវិនិយោគព្រលានយន្តហោះខេត្តស្ទឹងត្រែងហើយ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបាននិងកំពុងស្វះស្វែងរកក្រុមហ៊ុនឯកជន ដើម្បីចាប់ផ្តើមវិនិយោគសាងសង់ព្រលានយន្តហោះខេត្តស្ទឹងត្រែង។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៩ ឧសភានេះថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ី​វិល បាននិងកំពុងស្វះស្វែងរកដៃគូវិនិយោគពីវិស័យឯកជន តាមរយៈមធ្យោបាយពីរ ទី១ ធ្វើឡើងតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទាញយកគំរោងនេះពីគោលនយោ​បាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន។ គំរោងនេះបានដាក់ទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ និងទី២ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីឲ្យធនាគារនេះជួយស្វែងរកដៃគូវិនិយោគពីវិស័យឯកជន។

លោកបន្តថា “ការវិនិយោគសាងសង់ព្រលាននេះឡើងវិញ ត្រូវការទឹកប្រាក់ប្រ​មាណ៤០លានដុល្លារ ដែលមានទំហំទឹកប្រាក់ច្រើន ហើយអ្នកវិនិយោគត្រូវចំណាយពេលវេលាច្រើន ដើ​ម្បីទាញយកផលចំណេញត្រលប់វិញ”។លោកបន្តថា “ទំហំទឹកប្រាក់នេះអាចប្រើប្រាស់បានសម្រាប់ពង្រីកព្រលាន ដែលអាចចុះចតអាកាសចរណ៍ក្នុងស្រុកប៉ុណ្ណោះ”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា បច្ចុប្បន្នព្រលានយន្តហោះខេត្តស្ទឹងត្រែង ស្ថិត​ក្រោមការគ្រប់គ្រងដោយអាជ្ញាធរខេត្ត ហើយជំនាន់លោកឡូយ សុផាតជាអភិបាលខេត្ត លោកបានទុកដីខ្លះ សម្រាប់ពង្រីកព្រលាននេះ ប៉ុន្តែរហូតមកទល់ពេលនេះ យើងមិនដឹងថាមានការប្រែប្រួលយ៉ាងណានៅឡើយទេ។

ព្រលានយន្តហោះខេត្តស្ទឹងត្រែង ជាព្រលានមួយដែលមានការរក្សាទុកបានល្អប្រ​សើរជាងគេ ធៀបនឹងបណ្តាព្រលានយន្តហោះនៅតាមបណ្តាខេត្ត នៃទឹកដីភូមិភាគឥសាន្តនានា។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា ប្រសិនជាមានព្រលានយន្តហោះខេត្តស្ទឹងត្រែង លោកស្រីជឿថា ខេត្តនៅតាមបណ្តាភូមិ​ភាគឥសាន្តនឹងមានការរីកចម្រើនលឿន ពិសេសភ្ញៀវទេសចរណ៍នឹងទៅទស្សនាកាន់តែ​ច្រើន ព្រោះពួកគេចំណាយពេលតិចក្នុងការធ្វើដំណើរ។

លោកស្រីបន្តថា “ទោះបីការធ្វើដំណើរការផ្លូវគោកមានភាពងាយស្រួលក្តី ក៏ការធ្វើ

ដំណើរត្រូវចំណាយពេលយូរ ហេតុនេះ​ប្រសិនជាមានព្រលានយន្តហោះ នឹងធ្វើឲ្យភ្ញៀវទេសចរណ៍មិនចាំបាច់ចំណាយពេលច្រើន”។លោកស្រីបន្តថា “ខេត្តស្ទឹងត្រែងក៏ជាខេត្តងាយស្រួលក្នុងការតភ្ជាប់ទៅបណ្តាខេត្តនៅភូមិភាគឥសាន្តដទៃទៀត ដូចជាក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here