ការចរាចរ និងដាក់ប្រាក់បញ្ញើរជាប្រាក់រៀលមានកំនើនល្អប្រសើរ

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ដំណឹងរីករាយសម្រាប់រូបិយប័ណ្ណជាតិ ដោយបច្ចុប្បន្ននេះការចរាចរប្រាក់រៀល​និង​ការ​ដាក់ប្រាក់បញ្ញើរជាប្រាក់រៀល បានកើនឡើងនៅក្នុងចរន្តសេដ្ឋកិច្ច និងតាមគ្រឹះស្ថានហិរញ្ញ​វត្ថុ​នា​នា​។នេះបើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូបានអះអាងក្នុងពិធីសម្ពោ​ធដាក់ឱ្យ​ប្រើ​ប្រា​ស់​ជាផ្លូវការអគារធនាគារជា​តិនៃ​កម្ពុជា សាខាខេត្ដ​ព្រៃវែង នៅថ្ងៃទី៩ ខែ​មេសា​នេះថា ការប្រើប្រាស់ និងការចាយវាយ​ប្រាក់រៀល​កាន់​តែច្រើន នឹងធ្វើឱ្យកម្ពុជាទទួលបាន​ផលចំណេញ ផ្នែកសេដ្ឋកិច្ច​កាន់តែ​ច្រើន​ដល់​ប្រទេស​ជាតិ ហើយ​ជួយ​ពង្រឹងអត្ថសញ្ញាណជាតិ បង្កើនទុនបម្រុងទុន​របស់​កម្ពុជា។ ជួយពង្រឹងប្រសិទ្ធភាព​គោលនយោ​បាយ​រូបបិយវត្តុ ពង្រឹងប្រសិទ្ធភាពគោលនយោបាយអត្រាប្តូរប្រាក់ បង្កើនចំណូលពីការបោះ​ពុម្ពក្រ​ដា​សប្រាក់ និងពង្រឹង​អធិបតេយ្យ​ភា​​ព​​រូបិយវត្ថុជាដើម។

លោកបន្តថា “រាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ប្រាក់រៀល និង​លើក​កម្ពស់​ប្រាក់រៀល តាមរយៈការដាក់ចេញវិធានការមួយចំនួន ដែលជំរុញឱ្យមានកំណើន នៃការប្រើប្រាស់​ប្រាក់​រៀលកាន់តែ​មាន​ការកើនឡើង”។

លោកជា ចាន់តូក៏បានទទួលស្គាល់ថា កន្លងមកកម្ពុជាក៏ទទួល​ស្គាល់​ប្រាក់​ដុល្លារ ព្រោះតែវា​មាន​​តួនា​ទីសំខាន់ នៃដំណាក់កាលដំបូងដែលកម្ពុជាចាប់ផ្តើមអភិវឌ្ឍន៍ និងការបើក​ទូលាយ​សេដ្ឋ​កិច្ច។ ប៉ុន្ដែទោះបីយ៉ាងណា​នៅពេល​ដែល​ទំហំ​សេដ្ឋកិច្ចកម្ពុជាកាន់តែធំ ដុល្លាររូបនីយកម្មបាន​ក៏ងា​យ​បង្កឲ្យសេដ្ឋកិច្ចកម្ពុជារងគ្រោះផងដែរ។ លោកបន្តថា បច្ចុប្បន្ននេះ បញ្ហាដុល្លារូបនីយកម្ម នៅតែជា​បញ្ហាប្រឈមក្នុងធនាគារ និង​ហិរញ្ញវត្ថុ​នៅកម្ពុជា ហើយកន្លងមក​រាជ​រដ្ឋាភិបាល ក៏ដូចជាធនាគារ​ជាតិ​នៃកម្ពុជា បានដាក់ចេញនូវការលើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀលជាបន្ដបន្ទាប់ ដែល​មានការចូលរួ​ម​ពីវិស័យឯកជន និងប្រជាពលរដ្ឋទូទៅ និងបានធ្វើឱ្យ​កំណើន​នៃការ​ប្រើប្រាស់​ប្រាក់​រៀលបានកើន​ឡើង​​គួរ​ឱ្យកត់សម្គាល់។

ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាសិក្សាការអភិវឌ្ឍន៍លោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា ការចរា​ចរប្រាក់រៀល​ក្នុង​សេដ្ឋកិច្ចកម្ពុជាជាសញ្ញាវិជ្ជមានមួយ ប៉ុន្តែដើម្បីឲ្យគេទុកចិត្ត និងចាយវាយប្រាក់​រៀល​យើងត្រូវសួរថាតើប្រាក់រៀល​ផ្តល់អ្វីទៅឲ្យពួកគេ តើប្រាក់រៀលផ្តល់ទំនុកចិត្តយ៉ាងដូចម្តេចនៅ​ក្នុង​ទីផ្សារ​។លោកបន្តថា ហេតុនេះការធ្វើបដិដុល្លារនី​យកម្ម ទាមទារឲ្យមានការប្រុងប្រយ័ត្ន និងធ្វើមួ​យ​ជំហ៊ានម្តងៗ មិនអាចបង្ខំបានទេ ព្រោះវានឹងមានផលប៉ះពាល់ដល់​សេដ្ឋកិច្ចជាតិ។

លោកបន្តថា “ដើម្បីលើកកំពស់អត្តសញ្ញាណ និងមោទនភាពជាតិ ការប្រើប្រាស់ប្រាក់​រៀល​ជា​រឿងត្រូវធ្វើ ហើ​យដើម្បីចំណេញដល់សេដ្ឋកិច្ចរបស់យើងនាពេលអនាគត ការប្រើប្រាស់ប្រាក់រៀល​ជា​រឿង​ដែលចាំបាច់មិនអាចខ្វះ​បាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here