ការទិញរថយន្តបង់រំលស់មានការកើននៅកម្ពុជា

0

ដោយគង់ សូរិយា

ភ្នំពេញ តើអ្នកមានការសម្រេចចិត្តយ៉ាងម៉េច បើចង់មានរថយន្តជិះនៅពេលអ្នកមិនមានលទ្ឋភាពគ្រប់គ្រាន់? ឬអ្នកមានប្រាក់ទុកសម្រាប់ធ្វើអ្វីផ្សេង? ហើយចង់ជិះរថយន្ត? ជម្រើសបង់រំលស់កំពុងពេញនិយមបណ្តើរៗហើយក្នុងសង្គមខ្មែរ។

អគ្គនាយកក្រុមហ៊ុនGreat Wall Cambodiaដែលបាននាំចូលរថយន្តទំនើបម៉ាកGreat Wallមកពីប្រទេសចិនបានថ្លែងឲ្យដឹងកាលពីពេលថ្មីនេះថា ការទិញរថយន្តបង់រំលោះមានការកើនឡើងច្រើននៅកម្ពុជា ដោយសារយើងបានធ្វើការជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត ដើម្បីផ្តល់សេវាកម្មបង់រំលស់ដល់អតិថិជន។ លោកបន្តថា ប្រ​សិនជាការប្រាក់តាមធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបន្ថយអត្រាការប្រាក់មកនៅកា​ន់តែទាប ឬផ្តល់ការបង់រំលស់រយៈពេលវែង ដូចនៅប្រទេសជឿនលឿននានាការបង់រំលស់នឹងកើនឡើងកាន់តែច្រើន។

លោកបន្តថា តាមរយៈក្រុមហ៊ុនរបស់ខ្ញុំ ខ្ញុំគិតថាអ្នកទិញរថយន្តរហូតដល់៧០ទៅ៨០ភាគរយ បានប្រើប្រាស់សេវាកម្មបង់រំលស់ហើយនាពេលបច្ចុប្បន្ននេះ”។លោកបន្តថា “អ្នកខ្លះគាត់មានប្រាក់ច្រើនគ្រប់គ្រាន់សម្រាប់ទិញ តែពួកគេនៅតែបង់រំលស់ ដោយសារ​ពួកគេចង់យកលុយទុកធ្វើអ្វីផ្សេងៗវិញ”។

អគ្គនាយកផ្នែកបច្ចេកទេសយានយន្តនៃក្រុមហ៊ុនRMA Asiaលោកសេង វឹងបាន​ទទួលស្គាល់ថា ការទិញរថយន្តបង់រំលស់ពិតជាកើនឡើង ប៉ុន្តែកំនើននៅមិនទាន់ខ្ពស់នៅឡើយ ដោយសារអត្រាការប្រាក់នៅស្រុកយើងនៅតែមានកម្រិតខ្ពស់ ធៀបនឹងប្រទេ​សរបស់គេ។ ការទិញបង់រំលស់ជាជម្រើសមួយល្អ ព្រោះពួកគេចង់ជិះរថយន្តមិនចាំបាច់ យកលុយទាំងអស់មកទិញ។

លោកបន្តថា អ្នកខ្លះទៀត គេចង់ទុកលុយធ្វើអាជីវកម្ម និងពង្រីក​អាជីវកម្មរបស់គេ ហេតុនេះពួកគេសុខចិត្តបង់បន្តិចៗប្រចាំខែ ហើយទុកលុយពួកគេឲ្យ​កើតកូនចំណេញជាង

លោកអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភី អ៊ិល ស៊ីបានថ្លែងថា ឥណទានសម្រាប់ប្រើប្រាស់ ពិតជាបានកើនឡើងនៅកម្ពុជា ប៉ុន្តែមិនទាន់ឈានដល់កម្រិត គួរឲ្យព្រួយបារម្ភនៅឡើយទេ ដោយសារនៅមានកម្រិតទាបនៅឡើយ។លោកបន្តថា ឥណទានបែបនេះបើកើនខ្ពស់ពេក មានហានិភ័យដល់សេដ្ឋកិច្ច ព្រោះឥណទានបែបនេះមិនបានជួយជម្រុញការផលិត បង្កើតការងារ ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចនោះទេ។

លោកបន្តថា “ឥណទានទិញរថយន្ត ឬរបស់ប្រើប្រាស់ដទៃទៀត មិនបានជួយបង្កើនផលិតភាពសេដ្ឋកិច្ចទេ ការទិញរថយន្តឬរបស់ប្រើប្រាស់មានតែខាត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here