ការផ្គត់ផ្គង់ការិយាល័យមានកំណើនខ្ពស់នៅឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទំហំការិយាល័យផ្គត់ផ្គង់ចូលទីផ្សារ បានកើនឡើង៦៣,០០០ម៉ែត្រការ៉េបន្ថែមទៀតនៅដំណាច់ត្រីមាសទី១ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឲ្យទំហំការិយាល័យសរុប នៅក្នុងទីផ្សារបានកើនដល់៣៥៥,០០០ម៉ែត្រការ៉េ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា គិតត្រឹម​ដំណាច់ត្រីមាសទី១ឆ្នាំនេះ ទំហំការិយាល័យបានកើនដល់៣៥៥,០០០ម៉ែត្រការ៉េ កើនឡើងពី២៩៣,០០០ម៉ែត្រការ៉េ ធៀបនឹងត្រីមាសទី១ឆ្នាំមុន ដែលធ្វើឲ្យអត្រាប្រើប្រាស់ឬជួលនៅក្នុងទីផ្សារបានថយចុះបន្តិចបន្តួច ក្នុងចន្លោះពី១៥,២ មកនៅត្រឹម១៥,១ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែលបានបន្តថា កំនើនខ្លាំងនៃអាគារការិយាល័យ ដោយសារការផ្គត់ផ្គង់អាគារការិយាល័យកម្រិតC មានកំនើនខ្ពស់ ដែលធ្វើឲ្យការិយាល័យទំនេរបានថយចុះពី ២៤ភាគរយ កាលពីត្រីមាសទី១ឆ្នាំមុន មកនៅត្រឹម១៧ភាគរយនាដំណាច់ត្រីមាសទី១ឆ្នាំនេះ។ ចំណែកការិយាល័យកម្រិតB ដែលនៅទំនេរបានថយចុះពី២៦ភាគរយ មកនៅត្រឹម១០,៥ភាគរយ នៅក្នុងរយៈពេលដូចគ្នារវាងត្រីមាសទី១ឆ្នាំមុន និងឆ្នាំនេះ។

 

អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងថា តម្រូវការអាគារការិយាល័យឆ្នាំនេះ ពិតជាមានកំនើនខ្ពស់ ដោយសារការចូលមក​នៃក្រុមហ៊ុនអន្តរជាតិកាន់តែច្រើន និងការកើនឡើងនៃចំនួនក្រុមហ៊ុនថ្មីៗដែលបានបង្កើតឡើងនៅក្នុងស្រុក។ អ្នកនាងបន្តថា កំនើននេះបានធ្វើឲ្យការិយាល័យកម្រិតB មានអត្រា​ប្រើប្រាស់រហូតដល់ចន្លោះពី៨០ទៅ៩០ភាគរយ ដែលជាអត្រាដ៏ប្រសើរមួយក្នុងទីផ្សារការិយាល័យ។

អ្នកនាងបន្តថា “ការិយាល័យនៅទីតាំងដែលមានសេវាកម្ម និងតំបន់ពាណិជ្ជកម្មជុំវិញល្អប្រសើរ តែងតែទទួលបានអតិថិជនច្រើន និងគាំទ្រពីអតិថិជននានា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here