ដោយ : ដែន ចែងចាំង
ភ្នំពេញ : ទីផ្សារអាផាតម៉ិនទំនងជាឆ្អែតហើយ ខណៈម្ចាស់អាផាតម៉ិនមួយចំនួនបានចាប់ផ្តើមធ្វើការកែប្រែអាផាតម៉ិនរបស់ខ្លួន មកធ្វើជាសណ្ឋាគារជំនួសវិញ ប៉ុន្តែអ្នកជំនាញបានព្រមានថា “វានឹងស្លាប់”ព្រោះទីផ្សារសណ្ឋាគារបច្ចុប្បន្ន ក៏មិនមានសភាពល្អនោះដែរ។
លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះមានអាផាតម៉ិននៅសង្កាត់ទន្លេបាសាក់ សង្កាត់បឹងកេងកង១ និងសង្កាត់មួយចំនួនទៀត បានធ្វើការកែប្រែទម្រង់ពីអាផាតម៉ិន មកជាសណ្ឋាគារ ដោយសារចំនួនអាផាតម៉ិនផ្គត់ផ្គង់ចូលទីផ្សារ មានច្រើនជាងតម្រូវការជាក់ស្តែង ប៉ុន្តែការកែទម្រង់ពីអាផាតម៉ិន មកធ្វើជាអូតែលមិនជោគជ័យនោះទេ។
លោកបន្តថា “វានឹងស្លាប់”ប្រសិនជាកែមកធ្វើជាសណ្ឋាគារ ព្រោះកែពីអាផាតម៉ិន មកធ្វើជាអូតែលកែបែបណាក៏មិនស្អាតដែរ។ លោកបន្តថា “ការធ្វើអ្វីតាមគ្នាមានគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះការកែពីអាផាតម៉ិនមកធ្វើជាសណ្ឋាគារនឹងងាប់។ វាមិនជោគជ័យនោះទេ។ ដោយសារកម្ពុជាមានកំណើនភ្ញៀវទេសចរចន្លោះ៥ទៅ៦ភាគរយមួយឆ្នាំ ប៉ុន្តែចំនួនសណ្ឋាគារថ្មីៗក៏បានបើកដំណើរការច្រើនផងដែរ”។ លោកបន្តថា “មិត្តភក្តិខ្ញុំ បានជួលវីឡាគេបើកបូទិកអូតែល បាននិងកំពុងដេកស្ងាប និងប្រឈមមុខនឹងការបិទទ្វារហើយ ដោយសារគាត់មិនបានសួរខ្ញុំ”។
លោកបន្តថា“គាត់ធ្វើតាមគេ ខណៈសណ្ឋាគារតូចៗនៅភ្នំពេញ និងសៀមរាបមានសណ្ឋាគារតូចៗបានបិទទ្វារបណ្តើរៗផងដែរ”។
លោក ឌិន សុមេធារិទ្ធ បានបន្តថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមានសណ្ឋាគារប្រមាណ៤០០ ខេត្តសៀមរាបមាន៥០០សណ្ឋាគារ បាត់ដំបង និងក្រុងព្រះសីហនុមានសណ្ឋាគារ១០០ក្នុងខេត្តនិមួយៗ ដែលមានបន្ទប់សរុបប្រមាណ៣០០០០បន្ទប់ និងផ្ទះសំណាក់មានប្រមាណ២០០០០បន្ទប់។
លោកបន្តថា ដោយសារអាផាតម៉ិនធ្វើគំហុកពេក និងធ្វើតាមគ្នាពេក ជាលទ្ធផលវានឹងធ្វើឲ្យទីផ្សារនេះ ប្រឈមមុខនឹងការលំបាក ជាមូលហេតុធ្វើឲ្យអ្នកវិនិយោ គកែអាផាតម៉ិនមកធ្វើជាអូតែល ហើយនៅពេលកែរួច ពួកគេក៏មិនទទួលបានជោគជ័យនោះដែរ។
យោងតាមសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលបានបញ្ចប់កាលពីដំណាច់ត្រីមាសទី២ដើមឆ្នាំនេះបានរកឃើញថា អាផាតម៉ិនចំនួន១៧គំរោងស្មើនឹងផ្ទះចំនួន៨០០យូនីតទៀត នឹងដាក់ចូលក្នុងទីផ្សារនៅដំណាច់ឆ្នាំនេះ ខណៈបច្ចុប្បន្នមានអាផាតម៉ិនចំនួន៦៥០០យូនីត និងខុនដូចំនួន២៩០០យូនីតបាននិងកំពុងដំណើរការនៅលើទីផ្សាររួចហើយ។
លោក ឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុន Lucky Realty បានថ្លែងទទួលស្គាល់ថា លោកពិតជាទទួលព៌តមានពីការកែអាផាតម៉ិន មកធ្វើជាសណ្ឋាគារពិតមែន ដែលអាផាតម៉ិនទាំងនោះមានទីតាំងនៅសង្កាត់ទួលស្វាយព្រៃ និងសង្កាត់បឹងព្រលឹតព្រមទាំងទីតាំងមួយចំនួនទៀត ប៉ុន្តែលោកមិនបញ្ជាក់ឲ្យដឹងពីឈ្មោះអាផាតម៉ិនដែលបានកែប្រែមកធ្វើជាសណ្ឋាគារនោះទេ។ លោកបន្តថា ក្រៅពីកែប្រែអាផាតម៉ិនធ្វើជាសណ្ឋាគារ ក៏មានអ្នកវិនិយោគមួយចំនួនបានកែខុនដូ ទៅជាខុនដូថែលផងដែរ។
លោកបន្តថា “ការកែប្រែខុនដូទៅជាខុនដូថែល ដែលមានលំនាំតាមបែបស ណ្ឋាគារប្រណីត គឺជាទស្សនទាននៃការអភិវឌ្ឍន៍ថ្មីនៅកម្ពុជា ប៉ុន្តែមិនមែនជារឿងថ្មីសំរាប់ប្រទេសជឿនលឿននោះទេ”។ លោកបន្តថា “ការកែប្រែអាផាតម៉ិនឬខុនដូមកជាសណ្ឋាគារ ដើម្បីធ្វើឲ្យអាគារណាមួយមានលក្ខណៈពហុមុខងារ នឹងធ្វើឲ្យគំរោងនោះទទួលបានជោគជ័យច្រើនផងដែរ”។
លោក ឌិត ចណ្ណា បានបន្តថា ប្រសិនជាម្ចាស់អាផាតម៉ិនមានការរៀបចំបានល្អ បំពាក់សម្ភារៈបរិក្ខាទំនើប ឆ្លើយតបនឹងសម័យកាលរីកចំរើន មិនចាំបាច់កែមកធ្វើជាសណ្ឋាគារនោះទេ ផ្ទុយទៅវិញបើជាអាផាតម៉ិនចាស់ វាពិតជាពិបាកទាក់ទាញភ្ញៀវ ដូច្នេះប្រសិនជាម្ចាស់អាផាតម៉ិន ធ្វើការកែលំអរអាគាររបស់ខ្លួនឬកែមកធ្វើជាសណ្ឋាគារ ដើម្បីបន្ថែមសេវាកម្មនិងសម្ភារៈទំនើប ទើបអាចទាក់ទាញភ្ញៀវមកស្នាក់នៅ៕
[…] (Testing Only) From: https://dailypostjob.com/%E1%9E%80%E1%9F%86%E1%9E%93%E1%9E%BE%E1%9E%93%E1%9E%93%E1%9F%83%E1%9E%8… […]