ក្រុមហ៊ុន​មកពី​ហុងកុង បោះទុន​ដំបូង 50លាន​ដុល្លារ វិនិយោគ​លើ​វិស័យ​ខុន​ដូ​នៅ​កម្ពុជា

0

ខណៈពេលដែល​កម្ពុជា​កំពុង​ទទួលបាន​នូវ​លំហូរ​អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដែល​ភាគច្រើន​ជា​ជន​ជាតិចិន​នោះ ពេលនេះ​មាន​ក្រុមហ៊ុន​ថ្មី​មួយទៀត​ដែលមាន​ប្រភព​មកពី​ក្រុង​ហុងកុង បាន​បោះទុន​វិនិយោគ​ដំបូង​លើ​វិស័យ​ខុន​ដូ​ចំនួន 50លាន​ដុល្លារ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​បឹង​កេងកង1 រាជធានី​ភ្នំពេញ ។

ខុន​ដូ​ថ្មី​ដែល​នឹង​លេច​រូបរាង​នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ មានឈ្មោះ Picasso City Garden មាន​កម្ពស់​ចំនួន 27ជាន់ ដោយមាន​ជាន់​ក្រោម​ដី​ចំនួន4ជាន់ ស្មើនឹង136 យូ​នី​ត សង់​នៅលើ​ផ្ទៃដី​ទំហំ 1055 ម៉ែត្រការ៉េ ជាមួយនឹង​គម្រោង​សាងសង់​សម្រេច​ត្រឹម​រយៈពេល2ឆ្នាំ​តែប៉ុណ្ណោះ។

លោក Deng Zhen Yue អ្នកចាត់ការ​ទូទៅ​នៃ​សហ​ព័​ន្ឋ JU SHI នៃ​ទីក្រុង​ហុងកុង ដែលជា​ក្បាលម៉ាស៊ីន​លើ​ការវិនិយោគ​ខុន​ដូ Picasso City Garden បាន​លើកឡើងថា មុនពេល​សម្រេចចិត្ត​ងាក​មក​វិនិយោគ​នៅ​កម្ពុជា ក្រុមហ៊ុន​បាន​មើលឃើញ​ពី​ភាពល្អប្រសើរ និង​ឱកាស​ជាច្រើន​នៅ​កម្ពុជា ដូចជា ស្ថានភាព​នយោបាយ សន្ដិសុខ ការរក្សាបាន​កំណើនសេដ្ឋកិច្ច​ជាច្រើន​ឆ្នាំ​ជាប់​គ្នា​រហូត​ទទួលបាន​រហស្សនាម​ថា​ជា «ខ្លា​សេដ្ឋកិច្ច​ប្រចាំ​នៅ​អាស៊ី» ជាពិសេស ការទទួលយក​យុទ្ធសាស្ត្រ​ជំរុញ​សេដ្ឋកិច្ច​ពី​ចិន «ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ» ដែល​ទាំងអស់នេះ​ជា​កត្តា​ដែល​ផ្តល់​ភាពជឿជាក់ និង​ទម​នុ​ក​ចិត្តជា​ខ្លាំង ។ លោក​បាន​បន្ថែមទៀតថា ចំពោះ​ការវិនិយោគ​លើ​វិស័យ​ខុន​ដូ Picasso City Garden នាពេលនេះ វា​គ្រាន់តែ​ជា​ជំ​ហ៊ាន​ដំបូង​របស់​ក្រុមហ៊ុន និង​សហព័ន្ធ JU SHI តែប៉ុណ្ណោះ ខណៈដែល​ជំ​ហ៊ាន​បន្ទាប់ នឹង​មានការ​វិយោគ​បន្ថែម​ទៅលើ​ប្រភេទ​ផ្សារ​ទំនើប​លក្ខណៈ​ស្ដង់ដារ បែប​សហរដ្ឋអាមេរិក និង​តៃវ៉ាន់ ព្រម​គ្នា​ជាមួយនឹង​ការបណ្តាក់ទុន​នាំយក​ក្រុមហ៊ុន​សេវា​ធានារ៉ាប់រង​ផងដែរ ។

លោក​បណ្ឌិត ហេង វុទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន T&B Import Export And Construction Co., Ltd. បានលើកឡើង​ផងដែរ​ថា ៖ ភ្នំពេញ គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​កម្ពុជា ដែល​យើង​អាច​ខ្ចី​ដោយ​គោលនយោបាយ វិនិយោគទុន​បរទេស​នេះ ទាក់ទាញ​សហគ្រាស​បរទេស​ចូលមក ដើម្បី​នាំមក​នូវ​ឱកាស​ការងារ​ជាច្រើន​សម្រាប់​ប្រជាជន​ក្នុងស្រុក ហើយ​ផ្នែក​អចលនទ្រព្យ​បានក្លាយ​ទៅជា​ឧស្សាហកម្ម​សសរស្តម្ភ​ដ៏​សំខាន់។ Picasso City Garden ជា​អ្នកវិនិយោគ​នៅលើ​ផ្នែក​អចលនទ្រព្យ​ជាច្រើន ហើយ​អនាគត​យើង​សង្ឃឹមថា នឹង​កាន់​តែមាន​គម្រោងកំពូលៗនាំមុខគេ​ក្នុង​ទីផ្សារ​នា​បណ្តា​ទីក្រុង​អភិវឌ្ឍ​ដូចជា​ប្រទេស​កម្ពុជា ។

គួរបញ្ជាក់​ផងដែរ​ថា សហ​ព័​ន្ឋ JU SHI នៃ​ហុងកុង បាន​បង្កើតឡើង​នៅ​ក្រុង​ហុងកុង​កាលពី​ឆ្នាំ 2003  ក្នុងនាម​ជា​សហ​ព័​ន្ឋ​វិនិយោគ​ហិរញ្ញវត្ថុ ដែលមាន​អាជីវកម្ម​រួមមាន៖ អចលនទ្រព្យ​នៅក្រៅ​ប្រទេស ការទិញ​ទំនិញ​មូលធន ការគ្រប់គ្រង​ទ្រព្យសម្បត្តិ ហិរញ្ញប្បទាន​ឯកជន ធនាគារ​វិនិយោគ និង​ធនាគារឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here