ដែន ចែងចាំង
ភ្នំពេញ ក្រុមហ៊ុនមួយរបស់ប្រទេសចិន Green leader បានចាប់ផ្តើមសកម្មភាពវិនិយោគរបស់ខ្លួនដោយបាន និងកំពុងធ្វើការផ្លាស់ប្ដូរវិស័យកសិកម្មដំឡូងមីកម្ពុជា ឲ្យទៅជាកសិឧស្សាហកម្មតាមរយៈការបង្កើតរោងចក្រកែច្នៃដំឡូងមីនៅក្នុងទឹកដី ខេត្តក្រចេះ។
លោក Michael Tse នាយកប្រតិបត្តិក្រុមហ៊ុន Green Leader បានឲ្យដឹងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រកាលពីម្សិលម៉ិញថា ក្រុមហ៊ុនបានចំណាយពេលពីរឆ្នាំ ដើម្បីធ្វើការស្រាវជ្រាវ និងវិភាគយ៉ាងលម្អិតទៅលើការដាំដុះ និងកែច្នៃផលិតផលដំឡូងមីរបស់ ប្រទេសកម្ពុជា។ ផែនការពាណិជ្ជកម្មរបស់ក្រុមហ៊ុន គឺបង្កើតរោងចក្រឲ្យបានចំនួន២០កន្លែងនៅតាមតំបន់ និងបណ្ដាខេត្តផ្សេងៗគ្នា នៃប្រទេសកម្ពុជា។ ក្រុមហ៊ុនមានផែនការធ្វើការផ្លាស់ប្ដូរ វិស័យកសិកម្មដំឡូងមីកម្ពុជាឲ្យទៅជាវិស័យផលិតកម្មកែច្នៃដំឡូងមីពិតប្រាកដ។
លោកបន្តថា “ដើម្បីអាចទទួលបានផលកែច្នៃក្នុងទ្រង់ទ្រាយដូចខាងលើ រោងចក្រចាំបាច់ត្រូវការដំឡូងមី ជាវត្ថុធាតុដើមយ៉ាងតិច៥០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយដើម្បីទ្រទ្រង់កម្រិតផលិតកម្មនេះបាន ក្រុមហ៊ុននឹងប្រើប្រាស់យន្តការកិច្ចព្រមព្រៀងកសិកម្ម ជាមួយនឹងកសិករ ដោយផ្ដល់ជូននូវឥណទានសម្រាប់ការដាំដុះ បច្ចេកទេសដាំដុះ គ្រឿងចក្រកសិកម្ម ធ្វើឲ្យកសិករ គ្មានក្តីបារម្ភទៅលើការលក់ផលិតផល និងជួយទ្រទ្រង់ចំពោះចំណូលជីវភាពរបស់ប្រជាកសិករ យ៉ាងពិតប្រាកដ។
លោក Michael Tse បានបន្ថែមថា ក្រុមហ៊ុនក៏មានគម្រោងបង្កើតរោងចក្រចំនួន៥ ក្នុងរយៈពេល២ឆ្នាំ ដោយរោងចក្រទីពីរ អាចនឹងសាងសង់ នៅប៉ែកខាងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។
ឧបនាយរដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលបានរួមជាអធិបតី ក្នុងពិធីនោះ បានអរគុណក្រុមហ៊ុន Green Leader ដែលបានមកបោះទុនកម្រិតធំនេះនៅកម្ពុជា ជាពិសេសគឺវិនិយោគលើវិស័យកសិកម្ម ដែលជាវិស័យមួយដ៏សំខាន់របស់កម្ពុជា។ ដំឡូងមី គឺជាផលិតផលកសិកម្មធំទីពីររបស់កម្ពុជា បន្ទាប់ពីស្រូវ ហើយក៏ជាផលិតផលមួយ ដែលមានសក្ដានុពលខ្ពស់ សម្រាប់កែច្នៃ និងនាំចេញ។
លោកថា “ការវិនិយោគនេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់កសិករខ្មែរ បង្កើនចំណូលគ្រួសារ កាត់បន្ថយចំណាកស្រុក និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ”៕