ដំណាច់ត្រីមាសទី១ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធពន្ធបានជិត ៨០០លានដុល្លារ

0

ដោយគង់ ម៉ាលីន

ភ្នំពេញ៖ ដំណាច់ត្រីមាសទី១ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានប្រមាណ៧៦១លានដុល្លារអាមេរិក ស្មើជិត៤០ភាគរយ នៃផែន​ការកំណត់ដោយច្បាប់ កើនឡោះង៦៧លានដុល្លារបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារលោកគង់ វិបុល បានថ្លែងឲ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០១៨ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨កន្លងមកថា លទ្ធផលប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារទទួលបានគួរជាទីមោទនៈ ជាក់ស្តែងនៅក្នុងខែមីនា ឆ្នាំ២០១៨នេះ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online) មានចំនួនជាង១៧០០លានរៀល ត្រូវប្រមាណជាង៤៤៦លានដុល្លារអាមេរិក និងបានបំពេញបែបបទបង់ចូលថវិកាជាតិបានចំនួន៨៩៧ពាន់លានរៀល ត្រូវប្រ​មាណជាង២២៤លាន ដុល្លារអាមេរិកស្មើជាង ១១ភាគរយ នៃផែនការច្បាប់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអបអរសាទរ និងកោតសរសើរ ចំពោះមន្ត្រីរាជការពន្ធដារគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែង ប្រមូលចំណូលពន្ធប្រកបដោយប្រសិទ្ធភាព ដោយសំរេចបានតាមផែកការកំណត់ និងលើសផែនការច្បាប់ក្នុងរយៈពេល ត្រីមាសទី១ ឆ្នាំ២០១៨នេះ ដោយបន្ថែមពីលើលទ្ធផលដ៏ប្រសើរ ក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នាចុងក្រោយនេះ លើបរិបទមួយដែលគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនមានការបង្កើនអត្រាពន្ធឬបង្កើតពន្ធថ្មី មានតែពង្រឹងច្បាប់ និងបទប្បញ្ញត្តិស្តីពី ពន្ធដារមានស្រាប់ ការពង្រឹងគ្រប់គ្រងប្រមូលចំណូលពន្ធ ឱ្យអស់សក្តានុពលដែលមានស្រាប់ និង ការធានាឱ្យបាននូវភាពងាយស្រួល សមធម៌ និងភាពត្រឹមត្រូវក្នុងការបង់ពន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here