ដំណឹងរីករាយ!!! រថភ្លើង២ខ្សែនឹងត្រូវដាក់ឱ្យដំណើរមុនបុណ្យចូលឆ្នាំខ្មែរ

0

ដោយ រ៉ាវី
ភ្នំពេញ៖ នៅសល់ពេលមិនយូរទៀតនោះទេ ផ្លូវរថភ្លើងចំនួន២ខ្សែដែលមួយខ្សែចេញពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ឆ្ពោះទៅព្រលានយន្ដហោះភ្នំពេ​ញអន្តរជាតិ មានប្រវែង១៥គីឡូម៉ែត្រ និងមួយខ្សែទៀតចេញពីបាត់ដំបងឆ្ពោះទៅកាន់ស្វាយស៊ីសុផុន ខេត្តបន្ទាយមានជ័យ នឹងត្រូវដាក់ឱ្យដំណើរ ដើម្បីជួយសម្រួលដល់វិស័យដឹកជញ្ជូនអ្នកដំណើរ ក៏ដូចជាទំនិញផ្សេងៗ ជាពិសេសចូលរួមកាត់បន្ថយភាពកកស្ទះចរាចរណ៍។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើងនាព្រឹកថ្ងៃទី២ មិនានេះថា ក្រសួងនឹងជំរុញឱ្យក្រុមហ៊ុនធ្វើ​​ការពន្លឿន​នូវសេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ប្រភេទ​នេះ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន នៅ​​មុន​ពិធី​បុណ្យចូលឆ្នាំខ្មែរ ដើម្បី​រំដោះ​ការកក​ស្ទះ​ចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជាពង្រឹងការដឹក​​ជញ្ជូន​​ តាមរថភ្លើង​​​របស់កម្ពុជា​ឡើង​វិញ​ផងដែរ ហើយបើតាមផែនការប្រព័ន្ធ​​ដឹក​ជញ្ជូនអ្នកដំណើរ តាមផ្លូវដែកពីភ្នំពេញទៅ​​ព្រលានយន្ត​​ហោះ​​អន្តរ​​ជាតិ​​ភ្នំពេញ​ មានប្រវែង១៥គីឡូ​ម៉ែត្រ នឹងអាចដំណើរការពិតប្រាកដ ដោយមានរថភ្លើងធុនស្រាល​​ចំនួន៤គ្រឿង​ ដែល​ត្រូវ​​​បាន​​​បញ្ជាទិញពី​​ប្រទេសម៉ិកស៊ីក ក្នុងតម្លៃជាង៤លានដុល្លារអាមរិក។

លោកបន្តថា “គោល​បំណង​​នៃ​ការ​​សង់​ផ្លូវដែក​នេះ ​ដើម្បី​ផ្ដល់​សេវា​ដឹក​អ្នក​ដំណើរ​ឆ្ពោះទៅកាន់ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ បានរហ័ស​​​​ជាងពេល​បច្ចុប្បន្ន”។

ចំណែកឯផ្លូវ​រថភ្លើង​ពីខេត្តបាត់​ដំបង ទៅស្វាយ​ស៊ីសុផុន ខេត្តបន្ទាយមានជ័យ គឺជា​ផ្នែក​មួយ​នៃ​ខ្សែ​រថភ្លើងតភ្ជាប់ចេញ​ពី​រាជធានីភ្នំពេញ​ ឆ្ពោះទៅ​ដល់​​ក្រុងប៉ោយប៉ែត ដែល​គ្រោង​បញ្ចប់​ការ​សាងសង់​ជាស្ថាពរ នៅ​ត្រឹមចុងឆ្នាំ​២០១៨ខាងនេះ ដើម្បីតភ្ជាប់​ជាមួយ​ផ្លូវ​រថភ្លើងឆ្ពោះទៅកាន់​​ទីក្រុង​បាងកក ប្រទេស​ថៃ ស្របតាម​កិច្ច​ព្រម​​ព្រៀង​គ្នាទ្វេភាគី រវាងប្រទេសកម្ពុជា ថៃ ដើម្បីជំរុញវិស័យ​ពាណិជ្ជកម្មឱ្យដល់កម្រិត១៥ប៊ីលានដុល្លារអាមរិក នៅត្រឹមឆ្នាំ​​​​២០២០ខាងមុខនេះ។

ពាក់ព័ន្ធទៅនឹងការសាងសង់ផ្លូវរថភ្លើង សម្រាប់ជំរុញការដឹកជញ្ជូនរវាងកម្ពុជា-ថៃ ដែលមានប្រវែង៣ ៨៦ គីឡូម៉ែត្រ។ បច្ចុប្បន្នភាគីខាងថៃបានបញ្ចប់ការសាងសង់រួចរាល់ហើយ ដោយចេញពីក្រុងបាងកក ឆ្ពោះមកកាន់ព្រំដែនកម្ពុជា កាត់តាមស្រុកអារញ ខេត្តស្រះកែវ ប្រទេសថៃ។ ដោយឡែកកំណាត់ផ្លូវដែកនៅសល់តែភាគីខាងកម្ពុជា ដែលពេលបច្ចុប្បន្ននេះ ក៏សាងសង់បានជិតរួចរាល់ផងដែរ ពោលគឺនៅសល់តែចំណុចតភ្ជាប់ខ្សែរថភ្លើង ពីខេត្តពោធិ៍សាត់ មកខ្សែរថភ្លើង ដែលស្ថិតនៅក្នុងតំបន់បាត់ដឹង ខេត្តពោធិ៍សាត់តែប៉ុណ្ណោះ និងត្រៀមបញ្ចប់យ៉ាងយូរនៅត្រឹមចុងឆ្នាំ២០១៨ខាងមុខនេះ ។ នេះបើតាមការឱ្យដឹងពីលោក ច័ន្ទ សំលេង ប្រធាននាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here