ដំណឹងល្អៈកម្ពុជានឹងអាចផលិតមាសបានពិតប្រាកដនៅឆ្នាំ២០១៩

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានថ្លែងឲ្យដឹងថា កម្ពុជានឹងអាចនឹងផលិតបានដុំមាសនៅក្នុងឆ្នាំ២០១៩ ខណៈដែលក្រុមហ៊ុនបរទេសមួយបានប្រកា​សរកឃើញរ៉ែមាសជាខ្នាតអន្តរជាតិ ដែលមានទីតាំងនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក យស់ មុន្នីរ៉ាត់ អគ្គនាយកនៃអគ្គនាយដ្ឋានរ៉ែនៃ​ក្រសួងរ៉ែ និងថាម​ពលបានលើកឡើងនៅក្នុងសន្និសីទព៌តមាន ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា គិតមកទល់ពេលនេះ ក្រសួងធ្លាប់ផ្តល់អាជ្ញាប័ណ្ណ ដល់ក្រុមហ៊ុនឯកជនឲ្យសិក្សាស្រាវជ្រាវចំនួនជាង១០០អាជ្ញាប័ណ្ណ ប៉ុន្តែក្រុមហ៊ុនរុករករ៉ែមាស ដែលទទួលបានជោគជ័យជាខ្នាតអន្តរជាតិនោះ មានតែក្រុមហ៊ុនមួយប៉ុណ្ណោះ ក្រៅពីនេះមានក្រុមហ៊ុនចំនួន៥ផ្សេងទៀត បានរកឃើញរ៉ែមាសផងដែរ ប៉ុន្តែក្នុងទ្រង់​ទ្រាយតូចៗប៉ុណ្ណោះ។

លោកបន្តថា “ក្រុមហ៊ុនទទួលបានជោគជ័យ ក្នុងការរុករករ៉ែមាស គឺក្រុមហ៊ុនរឺនីហ្សង់ ខេម បូឌា លីមីធីត ដែលបានអាជ្ញាប័ណ្ណរុករករ៉ែនៅក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី”។ លោកបន្តថា “ក្រោយពីរុករកឃើញរ៉ែដ៏មានតម្លៃនេះក្រុមហ៊ុនបានប្រកាសពីជោគជ័យរបស់ខ្លួន ហើយបច្ចុប្បន្នក្រុមហ៊ុនមួយនេះ បាន​សិក្សាលំអិតរួចហើយ និងកំពុងសិក្សាស្រាវជ្រាវជាបន្ត ដើម្បីបង្កើតឧស្សាហកម្មធ្វើរ៉ែមាសជាលើកដំបូងនៅកម្ពុជា ដែលអាចធ្វើឲ្យកម្ពុជាមានដុំមាសពិត ប្រាកដនៅក្នុងឆ្នាំ២០១៩ខាងមុខនេះ”។

ទាក់ទងនឹងសក្តានុពលធនធានរ៉ែនៅកម្ពុជា លោក យស់ មុន្នីរ៉ាត បានមានប្រសាសន៍ឲ្យដឹងថា រ៉ែលោហៈនៅកម្ពុជាមានគ្រប់ទីកន្លែង គឺមានរ៉ែមាស រ៉ែដែក ទង់ដែង សំណរ ស័ង្គសី និងរ៉ែបុកសីត ។ ចំពោះប្រភេទរ៉ែឧស្សាហកម្ម មានពីប្រភេទគឺ រ៉ែសំណង់ និងរ៉ែអលោហៈដូចជា ថ្មកំបោរ ដីឥដ្ឋ។ ចំណែករ៉ែជាលក្ខណៈឧស្សាហកម្ម ដែលទទួលបានជោគជ័យធំជាងគេ គឺថ្មកំបោរ ដែលអាចយកធ្វើជាស៊ីម៉ង់ និងរ៉ែសំណង់ទាំងឡាយផ្សេងទៀតដែលមានគ្រួស ថ្ម ដីឥដ្ឋ ក្បឿង ការស្មូនជាសិប្បកម្មផ្សេងៗ។ លោកបន្តថា បច្ចុប្បន្នកម្ពុជា អាចផលិតបានដោយខ្លួនឯង ដោយបាននាំចេញទៅក្រៅប្រទេស និងបានចូលរួមដាក់តាំងពិព៌ណជាលក្ខណៈអន្តរជាតិ ក្នុងនោះប្រភេទរ៉ែដែលបានទទូលជោគជ័យធំជាងគេ គឺរ៉ែមាស និងមានរ៉ែដែក ហើ​យ​បច្ចុប្បន្នក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល កំពុងសិក្សាស្រា​វជ្រាវជាបន្តបន្ទាប់ដើម្បី​ឈានទៅរកភាពជោគជ័យសម្រាប់រ៉ែដែកផងដែរ។

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកឡើងថា ធនធានរ៉ែនៅកម្ពុជានឹងក្លាយជាកំលាំងចលករថ្មីមួយ សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយនៅ​ឆ្នាំ២០១៩ខាងមុខនេះ កម្ពុជាមិនត្រឹមតែទទួលបានរ៉ែមាសនោះទេ ប៉ុន្តែកម្ពុជានឹងទទួលបានដំណក់ប្រេងតំបូង ដែលអាចជួយប្រទេសនេះឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here