ដំណឹងល្អៈ កម្ពុជា និងឥណ្ឌូនេស៊ីនឹងមានជើងហោះហើរត្រង់ក្នុងខែមេសានេះ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា ក្រុមហ៊ុនអាកាសចរណ៍ដែលឈ្មោះថា Lion Airline នឹងបើក​ដំណើរ​ការដឹកអ្នកដំណើរតាមផ្លូវអាកាសហោះហើរត្រង់កម្ពុជា ឥណ្ឌូនេស៊ី នៅក្រោយថ្ងៃបុណ្យ​ចូលឆ្នាំប្រពៃណីខ្មែរ​ឆ្នាំ២០១៨​នេះ​តទៅ។

ថ្លែងក្នុងពីធីរំលឹកខួប២២ឆ្នាំថ្ងៃបង្កើតសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅថា CATAកាលពីចុងសប្តាហ៍មុន​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា បន្ទាប់ពីកម្ពុជា ឥណ្ឌូនេស៊ី​ផ្អាកការ​ហោះ​ហើរត្រង់កម្ពុជា ឥណ្ឌូនេស៊ី អស់រយៈពេលជិត៥០ឆ្នាំមក។ នាពេលនេះមានក្រុមហ៊ុនអាកាសចរណ៍​មួយ ​ដែល​ឈ្មោះថា Lion Air បានសម្រេច បើកជើងហោះហើរត្រង់ទៅមករវាងទីក្រុងភ្នំពេញ និងទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី ឡើងវិញ ចាប់ពី​ក្រោយថ្ងៃ​បុណ្យ​ចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ​២០១៨​នេះ។

លោកបន្តថា “ការសម្រេចបើកជើងហោះហើរត្រង់រវាងកម្ពុជា ឥណ្ឌូនេស៊ី​របស់ក្រុមហ៊ុនអាកាសចរណ៍​មួយ​នេះ បានធ្វើឡើង បន្ទាប់ពីមានភ្ញៀវទេសចរនៅប្រទេសឥណ្ឌូនេស៊ីជាច្រើន បានមកទស្សនានៅកម្ពុជា មានកើន​ឡើង​ច្រើនជា​លំដាប់”។ លោកបន្តថា “សូមក្រុមហ៊ុនភ្នាក់ងារទេសចរណ៍នានានៅកម្ពុជា ​ត្រូវពង្រឹង​ការ​ផ្តល់​សេវាអោយបានល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកស្នាក់នៅយូរ និងមកទស្សនានៅកម្ពុជាកាន់តែច្រើនថែមទៀត”។

បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ាន ប្រមាណតែ១២៥លាននាក់ ពោល​គឺស្មើនឹង៤០​ភាគរយ គឺបានធ្វើ​ដំ​ណើ​​រទស្សនាចរណ៍នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានខ្លួនឯង។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយស៊ីវលីនបានថ្លែងថា វាជាដំណឹងដ៏ល្អ ដែលវានឹងធ្វើ​អោយ​ទីផ្សារទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​រីកចំរើនខ្លាំង។ ម្យ៉ាងទៀត ដោយសារប្រជាពលរដ្ឋឥណ្ឌូនេស៊ី មានប្រពៃ​ណី​វប្បធម៌ ស្រដៀងគ្នា​នឹង​ប្រជា​ពលរដ្ឋ​ខ្មែរ​ ហេតុនេះលោកស្រីរំពឹងថា ភ្ញៀវទេសចរឥណ្ឌូនេស៊ី នឹងមកលេងកម្សាន្ត និងមាន​ភាពងាយស្រួលច្រើន។

ក្នុងនៅចំណោមបណ្តាប្រទេសទាំង១០នៅក្នុងតំបន់អាស៊ាន គឺមានប្រទេសចំនួន៩ ដែលមាន​បើកជើងហោះហើរ​ត្រង់មកកាន់ប្រទេសកម្ពុជា ខណៈប្រទេសមីយ៉ាន់ម៉ាមានក្រុមហ៊ុន Myanmar Airline បានហោះត្រង់មកកម្ពុជា​និង​មាន​ក្រុម​ហ៊ុនអាកាសចរណ៍​ Emirate Airline បាន​​ហោះត្រង់ពីក្រុងឌុយបៃ ចុះចតយកភ្ញៀវនៅរ៉ង់ហ្គូនប្រទេសមីយ៉ាន់ម៉ា រួចបន្តដំណើរមកប្រទេសកម្ពុជា ចំណែក​ឯប្រទេសប្រ៊ុយណេ គឺនៅមិនទាន់មានជើងហោះត្រង់មកកាន់កម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here