ដំណឹងល្អៈ កាសែតភ្នំពេញប៉ុស្ត៍ដូរម្ចាស់ហើយ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ កាសែតភ្នំពេញប៉ុស្ត៍ដែលគ្រប់គ្រងដោយក្រុមហ៊ុនPOST MEDIA ,LtdនិងPost Khmer Publications បានសម្រេ​ចលក់ឲ្យអ្នកវិនិយោគម៉ាឡេស៊ី ដែលមានជំនាញផ្នែកសារព៌តមាននិងមានបទពិសោធន៍លើការងារនេះជាច្រើនឆ្នាំ។

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនPOST MEDIA ដែលមានលោកBill Clogh ជាចាងហ្វាង បានចេញផ្សាយនៅរសៀលងកថៃទី៥ ឧសភានេះបានឲ្យដឹងថា ក្រុមហ៊ុននេះសម្រេចលក់ស្ថាប័នសារព៌តមាននេះ ជូនអ្នកវិនិយោគម៉ាឡេស៊ី លោកSivakumar .G (SIVA) ដែលជាអ្នកទទួលបានការគោរព ក្នុងវិស័យសារព៌តមាននៅប្រទេសម៉ាឡេស៊ី និងជាអ្នកវិនិយោគដ៏មានសក្តានុពល លើវិស័យសារព៌តមានជាយូរមកហើយ។

កាសែតភ្នំពេញប៉ុស្ត៍បានបង្កើតឡើងដោយលោកMichael Hayesកាលពី២៦ឆ្នាំមុន ពោលគឺក្នុងឆ្នាំ១៩៩២ បន្ទាប់ពីក្រុមហ៊ុនទទួលបានការយល់ព្រមពីស្ថាបនិករូបនេះកាលពីឆ្នាំ២០០៨ ភ្លាមៗយើងបានធ្វើឲ្យកាសែតនេះមានកេត្ត៍ឈ្មោះល្បី និងទទួលបានការគាំទ្រពីអ្នកអានគ្រប់ស្រទាប់វណ្ណៈ។

លោកស៊ីវ ម៉េងអ្នកសារព៌តមានជើងចាស់មួយរូប និងជាអ្នកសារព៌តមាននៃកាសែតភ្នំពេញប៉ុស្ត៍បានលើកឡើងថា ការផ្លាស់ប្តូរម្ចាស់ថ្មី នឹងមិនធ្វើឲ្យសារព៌តមានដ៏ល្បីនេះ បាត់បង់ប្រជាប្រិយភាពនោះទេ ផ្ទុយទៅវិញលោកសង្ឃឹមថា សារព៌តមានភ្នំពេញប៉ុស្ត៍ នឹងបោះពុម្ភអត្ថបទព៌តមាន កាន់តែមានលក្ខណៈស្ថាបនាជាងមុន ព្រោះកន្លងមកសារព៌តមានភ្នំពេញប៉ុស្ត៍ហាក់មាននិន្នាការប្រឆាំងរដ្ឋាភិបាល ជាជាង​រិះគន់ក្នុងន័យស្ថាបនា។

លោកបន្តថា “ការផ្លាស់ប្តូរម្ចាស់នៃកាសែតដ៏ល្បីនេះ នឹងមិនប៉ះពាល់ដល់សេរីភាព សារព៌តមាននៅកម្ពុជានោះទេ ផ្ទុយទៅវិញខ្ញុំគិតថាសារព៌តមាននេះ នឹងនាំព៌តមានបែបវិជ្ជមានពីកម្ពុជាទៅកាន់ពិភពលោកច្រើនជាងមុន”។លោកបន្តថា “ការសរសេររិះគន់បែបស្ថាបនា និងការពិតជាអ្វីដែលប្រមុខរដ្ឋាភិបាលលើកទឹកចិត្ត ជាជាងការរិះគន់ដើម្បីគោល​ដៅនយោបាយឬក្រុមប្រឆាំងណាមួយ”។

លោកម៉េងបានបន្តថា ការសរសេររិះគន់ក្នុងន័យជាន់ពន្លិច មិនមែនជាជម្រើសល្អ ឬជាព៌ណសម្បុរនៃលទ្ឋិប្រជាធិបតេយ្យនោះទេ ផ្ទុយទៅវិញសារព៌តមានដែលសរសេរក្នុងន័យស្ថាបនា និងលើកកំពស់ការចូលរួមពីសង្គម ពីប្រជាពលរដ្ឋពិតជាមានសារៈសំខាន់ ដើម្បីកសាងសង្គមកម្ពុជាមួយប្រកបដោយប្រកបដោយសុខដុមរមនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here