ដោយ វុត្ថា
ភ្នំពេញ៖ អ្នកដាំដំឡូងមីទំនងជាមិនសូវបារម្ភពីស្ថានភាពទីផ្សារទៀតនោះទេ ខណៈរោងចក្រជាច្រើននឹងសាងសង់ដោយក្រុមហ៊ុនចិន Greenleaderដែលមានមូលដ្ឋាននៅប្រទេសចិន នឹងសាងសង់រោងចក្រជាច្រើនដើម្បីកែច្នៃដំឡូងមីនៅកម្ពុជា។
ក្នុងជំនួបជាមួយលោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Michael Tse នាយកប្រតិបត្តិនៃក្រុមហ៊ុន GreenLeader ដែលជាក្រុមហ៊ុនមួយបានបោះទុននិវិយោគក្នុងកម្រិតធំ លើការកែច្នៃផលិតផលដំឡូងមីបានឲ្យដឹងកាលពីម្សិលម៉ិញនេះថា ក្រុមហ៊ុន GreenLeader ជាក្រុមហ៊ុនមួយ ដែលបានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈនៅទីក្រុងហ៊ុងកុង ហើយបានចូលមកកម្ពុជាដើម្បីបង្កើតជារោងចក្រកែច្នៃដំឡូងមីខ្នាតធំ សម្រាប់កែច្នៃដំឡូងមីទៅជាម្សៅ។ លោក Tse បន្តថា ជាការចាប់ផ្ដើមអនុវត្តដំបូង ទៅលើចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុនGreenLeader ក្រុមហ៊ុននឹងចាប់ផ្ដើមសាងសង់រោងចក្រទី១ នៅខេត្តក្រចេះ នៅអំឡុងខែមេសាខាងមុខនេះ ដោយរោងចក្រនេះមានសមត្ថភាពកែច្នៃដំឡូងមីជាម្សៅប្រមាណ១០០.០០០ តោនក្នុងមួយឆ្នាំ។
លោកបន្តថា ដើម្បីអាចទទួលបានផលកែច្នៃ ក្នុងទ្រង់ទ្រាយដូចខាងលើ រោងចក្រចាំបាច់ត្រូវការ ដំឡូងមីជាវត្ថុធាតុដើមយ៉ាងតិច៥០០.០០០ តោនក្នុងមួយឆ្នាំ ហើយដើម្បីទ្រទ្រង់កម្រិតផលិតកម្មនេះបាន ក្រុមហ៊ុននឹងប្រើប្រាស់យន្តការកិច្ចព្រមព្រៀងកសិកម្ម (Contract Farming) ជាមួយនឹងកសិករ ដោយផ្ដល់ជូននូវបច្ចេកទេស ពូជ និងធនធានមួយចំនួនទៀត។ លោកបានបន្ថែមថា ក្រុមហ៊ុនក៏មានគម្រោងបង្កើតរោងចក្រចំនួន៥ ក្នុងរយៈពេល២ឆ្នាំ ដោយរោងចក្រទីពីរអាចនឹងសាងសង់ នៅប៉ែកខាងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានមកបោះទុនកម្រិតធំនេះនៅកម្ពុជា ជាពិសេសគឺវិនិយោគលើវិស័យកសិកម្ម ដែលជាវិស័យមួយដ៏សំខាន់របស់កម្ពុជា។ ជាមួយនឹងផលិតផលដំឡូងមី លោកប៉ាន សូស័ក្តិបានមានប្រសាសន៍ថា ដំឡូងមីជាផលិតផលកសិកម្មធំទីពីរ របស់កម្ពុជាបន្ទាប់ពីស្រូវ ហើយក៏ជាផលិតផលមួយ ដែលមានសក្ដានុពលខ្ពស់សម្រាប់កែច្នៃ និងនាំចេញ ដោយដំឡូងមីអាចកែច្នៃទៅជាមុខទំនិញជាច្រើនដូចជា ម្សៅមី ប្រេងឥន្ធនៈអេតាណុល គ្រាប់ថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគដទៃទៀត។
លោកបន្តថា “ការវិនិយោគនេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់កសិករកម្ពុជា ជាពិសេសបង្កើនចំណូលរបស់ពួកគាត់ កាត់បន្ថយចំណាកស្រុក និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ”។
លោករដ្ឋមន្រ្តីក៏បានស្នើសុំ ក្រុមហ៊ុន GreenLeader អាចពិចារណាចាប់ជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីជាការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ហើយជម្រាបដែរថាក្រសួងពាណិជ្ជកម្ម នឹងត្រៀមខ្លួនជានិច្ចដើម្បីជួយសម្រួលដល់ដំណើរការធុរកិច្ចរបស់ក្រុមហ៊ុន៕