ដំណឹងល្អ! កម្ពុជានឹងរៀបចំរៀបចំវេទិកាកំពូលទេសចរណ៍កម្ពុជា-ចិនលើកទី១

0

ដោយវុត្ថា

ភ្នំពេញ៖ កម្ពុជាកំពុងបង្ហាញមហិច្ឆតាទាញយកភ្ញៀវទេសចរណ៍ចិន ដោយក្រសួងទេសចរណ៍កម្ពុជា និងក្រសួងវប្បធម៌ និងទេសចរណ៍ចិន គ្រោងនឹងរៀបចំវេទិកាកំពូលទេសចរណ៍កម្ពុជា-ចិនលើកទី១ ក្រោមប្រធានបទ “ការចាប់យកកាលានុវត្តភាពនៃការអភិ​វឌ្ឍវិស័យទេសចរណ៍នៅលើផ្លូវសូត្រ” “Embracing the Opportunity of Tourism Development on the Silk Road” នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។

វេទិកាកំពូលទេសចរណ៍កម្ពុជា-ចិនលើកទី១នេះ គ្រោងនឹងបើកក្រោមអធិបតីភាពរបស់ លោកហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកក្រកម្ពុជា។

វេទិកានេះនឹងបើកឱ្យមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ អ្នកសិក្សាស្រាវជ្រាវទេសចរណ៍ មន្ត្រីរាជការពាក់ព័ន្ធ និងនិស្សិតក្នុងវិស័យទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍បានឲ្យដឹងនាពេលថ្មីៗនេះថា ដើម្បីសម្រេចបានកំណើនទេសចរណ៍ ព្រមជាមួយនឹងការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត តាមតម្រូវការទីផ្សារ ក្រសួងទេសចរណ៍ និងគ្រប់ភាគីតែងតែជំរុញការងារផ្សព្វផ្សាយគោលដៅទេស​ចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែខ្លាំងក្លាថែមទៀត ជាមួយនឹងសក្តានុពលទេសចរណ៍ និងសម្រស់ធម្មជាតិនៃទន្លេមេគង្គ ព្រមជាមួយការរីកលូតលាស់នៃវិស័យសំ​ណង់ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ទេសចរណ៍ជាអាទិ៍ សណ្ឋាគារប្រ​ណី​តៗដែលមានឈ្មោះលំដាប់អន្តរជាតិ ដូចជា Hayatt, Court Yard Mariot, Novotel, Rose Wood, STARTS… ដែលបាននិងកំពុងសាងសង់នៅកម្ពុជា។

ព្រមជាមួយនឹងការជំរុញសកម្មភាពផ្សព្វផ្សាយទេសចរណ៍ លើទីផ្សារអន្តរជាតិ  និងការរៀបចំតាំងពិព័ណ៌ កម្ពុជាបាននិងកំពុងជំរុញយ៉ាងសកម្ម ចលនាទេសចរណ៍ក្នុងស្រុក ដែលជាចលករមួយយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា និងការបង្កើតផលិតផលទេសចរណ៍ក្នុងស្រុកថ្មីៗ។ កម្ពុជាក៏បានរៀបចំ និងពង្រឹងបញ្ជរព័ត៌មានទេសចរណ៍ ជាមួយនឹងការបង្កើតឲ្យមានការីទេសចរណ៍ក្នុងស្រុកជាច្រើន និងគោលនយោបាយលើកទឹកចិត្តជាច្រើនទៀត ដល់ការីទេសចរណ៍ក្នុងស្រុក ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ចក្នុងស្រុកដែលមានតម្លៃសមរម្យ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងទៀតថា ចិនជាទីផ្សារផ្គត់ផ្គង់ទេសចរច្រើនជាងគេលើពិភពលោក ដោយឆ្នាំ២០១៧ ក្នុងចំណោមទេសចរសកលលោកសរុប ១,៣០០លាននាក់ មានទេសចរចិន១៣០លាននាក់ ស្មើនឹង១០ភាគរយនៃទេសចរសកលលោកសរុប ហើយលក្ខណពិសេសរបស់ទេសចរចិន គឺហ៊ានចំណាយលុយច្រើនជាងគេ ប៉ុន្តែពួកគេក៏ទាមទារឲ្យមានការបម្រើសេវាកម្ម ប្រកបដោយគុណភាព អនាម័យ និងកន្លែងកម្សាន្តល្អៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here