ដំណឹងល្អ ! ខេត្តបាត់ដំបងមានបុរីថ្មីមួយទៀតហើយ

0
  • ដោយ : ដែន ចែងចាំង
    ភ្នំពេញ : បាត់ដំបង ជាខេត្តលេចធ្លោជាងគេមួយនៅភូមិភាគពាយ័ព្យ ខេត្តនេះកំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់ ដែលអ្នកវិនិយោគក្នុងស្រុកបានសម្រេចចិត្តវិនិយោគសាងសង់បុរីថ្មីមួយ នៅតាមបណ្តោយផ្លូវជាតិលេខ៥។

  • លោកឧកញ៉ា ភួ ពុយ អគ្គនាយកធនាគារស្រូវកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ដោយមើលឃើញពីជីវភាពប្រជាពលរដ្ឋ មានភាពកាន់តែល្អប្រសើរ បានធ្វើឲ្យតម្រូវការលំនៅដ្ឋានកើនឡើង ទើបលោកសម្រេចចិត្តវិនិយោគលើគំរោងថ្មីមួយ ដែលមានផ្ទៃដីជាង២០ហិកតា នៅក្រុងបាត់ដំបង ដើម្បីពុះដីឡូត៍លក់និងសាងសង់ផ្ទះល្វែងលក់ ក្នុងតម្លៃសមរម្យចាប់ពីជាង៣០,០០០ទៅជាង៥០,០០០ដុល្លារអាមេរិក ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
    លោកបន្តថា “យើងមិនដឹងពីទុនវិនិយោគក្នុងគំរោងនេះទេ ព្រោះយើងធ្វើឡើងតាមដំណាក់កាល នៅពេលមានតម្រូវការទើបយើងសាងសង់លក់ជូនប្រជាពលរដ្ឋ មិន​សាងសង់រង់ចាំតម្រូវការនោះទេ”។
    គំរោងនេះស្ថិតនៅខាងក្រោយផ្សារភួ ពុយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងក្រុងបាត់ដំបង។

  • អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងថា ក្នុងចំណោមបណ្តាខេត្តស្ថិតនៅភូមិភាគពាយ័ព្យ ខេត្តបាត់ដំបងជាខេត្តដែលមានសក្តានុពល និងរីកចម្រើនលឿនជាងគេ ដោយសារមានសកម្មភាពពាណិជ្ជកម្ម និងការ​វិនិយោគច្រើន និងបានធ្វើឲ្យចលនានៃការទិញលក់លំនៅដ្ឋាន និងដោះដូរដីធ្លី ព្រមទាំងតម្លៃដីធ្លីបានកើនឡើងជាប្រចាំផងដែរ។
    អ្នកនាងបន្តថា “ដោយសារប្រជាពលរដ្ឋច្រើន និងមានជីវភាពធូរធារបានធ្វើឲ្យ​ក្រុង​បាត់ដំបង ក្លាយជាទីក្រុងមានការរីកចម្រើន និងទាក់ទាញការវិនិយោគច្រើនជាងគេនៅភូមិភាគពាយ័ព្យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here