ដោយ : គង់ សូរិយា
ភ្នំពេញ : ផ្សារទំនើប PRINCE CENTRAL PLAZA ដែលស្ថិតក្រោមអាគារ PRINCE PLAZA នៅតាមបណ្តោយមហាវិថីព្រះនរោត្តម នឹងបើកដំនើរការនៅថ្ងៃទី៣០ ឧសភាខាងមុខនេះហើយ។
ផ្សារទំនើបនេះត្រូវបានវិនិយោគ ដោយក្រុមហ៊ុនអចលនទ្រព្យយក្សមានមូលដ្ឋាននៅប្រទេសចិន គឺក្រុមហ៊ុន PRINCE Real Estate Group ។ ផ្សារទំនើបនេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។
ការបើកផ្សារទំនើបនេះ នឹងជាការចាប់ផ្តើមនូវការរីកចម្រើនថ្មីនៃវិស័យផ្សារទំនើបនៅកម្ពុជា ដែលនឹងមានផ្សារចំនួន១៣នឹងបើកដំណើរការនៅឆ្នាំនេះ។
យោងតាមព៌តមានពីក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា ផ្សារទំនើបនេះមានឈ្មោះ PRINCE CENTRAL PLAZA ដែលមានទំហំសរុបចំនួន៨១០០ម៉ែត្រការ៉េ ដែលជាផ្សារធំមួយ ស្ថិតក្នុងគំរោងអភិវឌ្ឍន៍ចម្រុះ ដែលមានរួមបញ្ចូលនូនខុនដូ ការិយាល័យ និងផ្សារទំនើប។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE CAMBODIA អ្នកនាង អាន សុធីតា បានលើកឡើងថា ការកើនឡើងនូវផ្សារទំនើបនៃក្រុងភ្នំពេញ ដោយសារការកើនឡើ់ងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពិសេសការកើនឡើងនូវការមកដល់នៃអ្នកវិនិយោគអន្តរជាតិ ព្រោះពួកគេកិតថាការវិនិយោគរបស់ពួកគេនឹងទទួលបានជោគជ័យ ដោយសារកំលាំងទិញឬអំណាចនៃការទិញមានការកើនឡើង។
អ្នកនាងបន្តថា “ការវិនិយោគផ្សារទំនើប ជាការវិនិយោគបានផលចំណេញច្រើនពីការវិនិយោគ ហេតុនេះទើបមានការវិនិយោគច្រើន ប៉ុន្តែអ្នកវិនិយោគផ្សារទំនើបទាមទារសិក្សាពីស្ថានភាពទីផ្សារឲ្យបានច្បាស់លាស់ និងចេះបត់បែនតាមបរិបទទីផ្សារជាក់ស្តែង”។អ្នកនាងបន្ថែមថា “តាមធម្មតាផកសារទំនើបរយៈពេល៥ទៅ១០ឆ្នាំម្តង ទាមទារឲ្យមានការរៀបចំឡើងវិញ ដើម្បីបំពេញតម្រូវការ និងទាក់ទាញអតិថិជននានា”៕