ដោយ គង់ សូរិយា
ភ្នំពេញ៖ ដំណឹងល្អ សម្រាប់ប្រជាពលរដ្ឋរស់នៅក្រុងពោធិសាត់ ព្រោះរហូតមកទល់ពេលនេះការសាងសង់ផ្សារបន្លែ និងផ្សារលក់ទំនិញចម្រុះនៅកណ្តាលក្រុង នៃខេត្តភាគពាយ័ព្យនេះ នឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំនេះហើយ។
លោកឧកញ៉ាភួ ពុយអគ្គនាយកក្រុមហ៊ុនបៃតង និងជាប្រធានសម្ព័ន្ឋសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជា ដែលបានវិនិយោគបុរីនៅក្នុងក្រុងពោធិសាត់ បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៩ មេសានេះថា បច្ចុប្បន្នក្រុមហ៊ុនកំពុងមមាញឹកសាងសង់ផ្សារបន្លែ ដែលអនុញ្ញាត្តឲ្យប្រជាពលរដ្ឋ ក្នុងខេត្តមកលក់បន្លែឥតគិតថ្លៃ និងផ្សារលក់ទំនិញចម្រុះ កំពុងសាងសង់យ៉ាងសកម្ម ដែលលោកគិតថា ផ្សារទាំងពីរនេះនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅពាក់កណ្តាលឆ្នាំនេះ។
លោកបន្តថា “ក្រុមហ៊ុនបាននិងកំពុងសាងសង់បុរីនៅលើផ្ទៃដី៥០ហិកតា ក្នុងក្រុង ពោធិសាត់ ដោយបច្ចុប្បន្នការសាងសងើលំនៅដ្ឋានដំណាក់កាលទី១ ជិតបញ្ចប់ហើយ និងគំរោងដំណាក់កាលទី២ នឹងចាប់ផ្តើមនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ”។លោកបន្តថា “ប្រជាពលរដ្ឋខេត្តពោធិសាត់ ភាគច្រើនមានជីវភាពមធ្យម ដែលជាសក្តានុពលមួយសម្រាប់ការវិនិយោគ”។
លំនៅដ្ឋានក្នុងបុរីភួ ពុយក្រុងពោធិសាត់លក់ក្នុងតម្លៃចន្លោះពី៣៤,០០០ដល់ជាង៦០,០០០ដុល្លារអាមេរិក ក្នុងមួយល្វែង។ តម្លៃលំនៅដ្ឋាននេះមានភាពខុនសគ្នា អាស្រ័យលើទីតាំង ម៉ូត និងទំហំផ្ទះនិមួយៗ។
លោកឧកញ៉ាភួ ពុយបានបន្តថា ជាមួយនឹងការកើនឡើងនូវជីវភាពប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិសាត់ និងដោយសារខេត្តនេះមានផ្សារតែមួយ ប្រជាពលរដ្ឋពិបាករកកន្លែងប្រកបអាជីវកម្ម ទើបលោកវិនិយោគផ្សារនេះឡើង និងរំពឹងទទួលបានជោគជ័យតាមការគ្រោងទុក។
ទោះជាយ៉ាងណាអ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងថា ក្រុងនៃទីរួមខេត្តពោធិសាត់ មិនទាន់មានការរីកចម្រើន និងសកម្មភាពពាណិជ្ជកម្មរសរវើកនៅឡើយ ធៀបនឹងក្រុងបាត់ដំបងដែលមានភាពរីកចម្រើនខ្លាំង និងសកម្មភាពពាណិជ្ជកម្មរសរវើកជាងគេ បើធៀបនឹងបណ្តាខេត្តស្ថិតនៅភូមិភាគពាយ័ព្យដទៃទៀត។
លោកបន្តថា “ខ្ញុំគិតថាខេត្តពោធិសាត់ មិនទាន់មានសក្តានុពលសំរាប់សកម្មភាព ពាណិជ្ជកម្មមមាញឹកទេ វាទាមទារពេលវេលាបន្ថែមទៀត”៕