ដំណឹងល្អ! រដ្ឋាភិបាលដាក់ឱ្យប្រើ  Wi-Fi ​ឥតគិតថ្លៃ ក្នុងបរិវេណ​សួនច្បារ ២ កន្លែង នៅរាជធានីភ្នំពេញ

0

ភ្នំពេញ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បានរៀបចំ​កម្មវិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ Public Wi-Fi ចំនួន ២ ទីតាំង នៅទីក្រុងភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្ដម Nakyoung Oh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ​ ប្រចាំប្រទេសកម្ពុជា លោក Hyeonmo Ku ប្រធានក្រុមហ៊ុនសាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ (KT) និងភ្ញៀវជាតិ អន្តរជាតិប្រមាណជាង ២,០០០ នាក់។

គម្រោង Public Wi-Fi ធ្វើឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​សាជីវកម្ម​ទូរគម​នា​គមន៍​​កូរ៉េ (KT) នៃ​សាធារណរដ្ឋ​កូរ៉េ ដោយ​ភាគី​កូរ៉េ បានផ្ដល់​ជូន​នូវ​ជំនួយឥតសំណង​សម្រាប់​គម្រោង Public WiFi និង Digital Connectivity for School ដោយ​ធ្វើ​ការដំឡើង​នៅ​ទីតាំង​ចំនួន ៥ គឺ៖

  1. សួនច្បារ​សម្ដេច ហ៊ុន សែន
  2. សួនច្បារ​មុខ​ព្រះបរមរាជវាំង
  3. វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង
  4. វិទ្យាល័យ ហ៊ុន សែន ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង
  5. វិទ្យាល័យ អ៊ី​វ៉ា​ស្រង់ កំពង់លែង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ

ក្នុងនោះដែរ ឧបករណ៍​បច្ចេកទេស​ប្រព័ន្ធ Public Wi-Fi ចំនួន ២ កន្លែង​នៅ​សួនច្បារ​សម្ដេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង ត្រូវបាន​ដំឡើង​រួចរាល់​ហើយ​ជាមួយនឹង​ល្បឿន 1Gps (១ហ្សី​ហ្គា​ប៊ីត​ក្នុង​មួយ​វិនាទី)។ ដោយឡែក ៣ ទីតាំង​ទៀត ដែលជា​គម្រោង​សម្រាប់​សាលារៀន កំពុងស្ថិត​ក្នុង​ដំណើរការ​ដំឡើង ដែល​អាច​នឹងដាក់​ដំណើរការ​ក្នុងពេលឆាប់​ៗ​នេះ​ដែរ។

សម្រាប់​ប្រព័ន្ធ Public Wi-Fi នៅ​ទីតាំង​សួនច្បារ​ខាងលើ​នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ ក៏ដូចជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​អាច​ប្រើប្រាស់​អ៊ីនធឺណិត​បាន​ដោយ​ឥតគិតថ្លៃ​ក្នុង​ល្បឿន​លឿន សម្រាប់​ការកម្សាន្ត និង​សិក្សា​របស់​សិស្សានុសិស្ស។ ដោយឡែក ៣ ទីតាំង​ទៀត​ដែល​នៅតាម​បណ្ដា​ខេត្ត ធ្វើឡើង​ឲ្យ​ស្រប់តាម​កំណែទម្រង់​ស៊ីជម្រៅ លើ​វិស័យ​អប់រំ​តាមរយៈ​ការបង្កើត​សាលា​​រៀន​ជំនាន់​ថ្មី (NGS) ដែលជា​គំរូ​អភិវឌ្ឍន៍​ថ្មី​ក្នុង​ប្រព័ន្ធ​អប់រំ​សាធារណៈ ដែល​នាំ​ទៅ​ដល់​​ការបង្កើត សាលារៀន​សាធារណៈ​ស្វយ័ត ទទួលបាន​ការវិនិយោគ​ខ្ពស់ ផ្សារភ្ជាប់​ស្តង់ដារ​ថ្មី មាន​គណ​ន័យ​ភាព និង​អភិបាលកិច្ច​ល្អ ព្រមទាំង​ស្តង់ដារ​វិជ្ជាជីវៈ សម្រាប់​ការសិក្សា​ក្នុង​សតវត្ស​ទី ២១ ដែលជា​សម័យ​បច្ចេកវិទ្យា​ទំនើប និង​ជឿនលឿន។

តាមរយៈ​ការផ្ដល់​នូវ​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស បាន​បំពេញតម្រូវការ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​នូវ​ចំណេះដឹងថ្មីៗ ដែលមាន​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍន៍​​សង្គមជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here