ដំណឹងល្អ! BW Arena មជ្ឈមណ្ឌលកំសាន្តតម្លៃ ១០លានដុល្លារនឹងបើកដំណើរការចុងឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖  មជ្ឈមណ្ឌល BW Arena តម្លៃ១០លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុន Worldbridge Group នឹងបើកដំណើរការនៅចុងឆ្នាំនេះ ដែលស្ថិតនៅស្របនឹងទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចក្រអង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

WB Arena រួមមាន ​ហាង​លក់​ទំនិញ​ហាង​លក់​ចំណី​អាហារ កន្លែង​សម្រាក​លម្ហែ និង​កន្លែង​កម្សាន្ត​ជាច្រើន​ ថែម​ទាំង​មាន​សាល​មហោស្រព ​ដែល​អាច​អង្គុយ​បាន​ដល់​ទៅ​ ៤០០ ​​​នាក់​សម្រាប់​កម្មវិធី​នាពេល​រាត្រី​ទៀត​ផង​។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Worldbridge Land លោក Tan Teck Kee បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា លោក​រំពឹង​ថា ​គម្រោង​នៅ​មាត់​ទន្លេ​នេះ ​នឹង​ក្លាយ​ជា​ គោលដៅ​កន្លែង​សម្រាប់ ​លម្ហែ​សម្រាប់​ក្រុមគ្រួសារ​នាពេលអនាគត ​នៅពេល​គម្រោង​នេះ ​នឹង​បើក​ដំណើរការ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​។លោក​បន្ត​ថា ​វា​នឹង​ក្លាយ​ជា​គោលដៅ​កម្សាន្ត​នៅ​មាត់​ទន្លេ​សម្រាប់​ប្រជាជន​ក្នុង​ ស្រុក ជនបរទេស និង​ភ្ញៀវទេសចរ​ផង​ដែរ​។ យើង​បាន​សាងសង់​នូវ​កន្លែង​សម្រាប់​ប្រកួត​កីឡា ​ដែល​នឹង​មាន​បើក​ស្វាគមន៍​ ទទួល​ការប្រកួត​ និង​ការ​ប្រារព្ធ​កម្មវិធី​ជាច្រើន​ទៀត​។

ជាមួយគ្នានេះ ក្រុមហ៊ុនមានគំរោង​នឹង​ធ្វើ​ព្រឹត្តិការណ៍​នានា ​ដោយផ្តោតលើមនុស្សគ្រប់​វ័យ​ផង​ដែរ​»​។

គម្រោង​នេះ​ត្រូវ​បាន​ឌីសាញ​ឡើង ​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​នៅ​ប្រទេស​ សិង្ហបុរី Chin Kam and Associates (CK&A) ដែល​ជា​ក្រុមហ៊ុន​ធ្លាប់​ត្រូវ​បាន​ក្រុមហ៊ុន Worldbridge Group និង​ដៃគូ​វិនិយោគ​របស់​ខ្លួន​គឺ Oxley International Holdings ជួល​ឲ្យ​រចនា​ប្លង់​គម្រោង The Bridge និង The Peak​។ WB Arena ត្រូវ​បាន​គេ​រចនា​ស្រដៀង​គ្នា​នឹង Clarke Quay នៅ​សិង្ហបុរី​។ យ៉ាង​ណា​មិញ​ការ​រចនា​ប្លង់​នេះ​ត្រូវ​បាន​រចនា​យ៉ាង​ផិ្ចតផ្ចង់​ដើម្បី​ឱ្យ ​ស៊ី​គ្នា​ទៅ​នឹង​បរិបទ​កន្លែង​កម្សាន្ត​បែប​ខ្មែរ​នៅ​តាម​បណ្តោយ​មាត់​ទន្លេ​។

លោក Simon Griffiths នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន Urban Asset Solutions ដែល​ជា​ភ្នាក់ងារ​ទទួល​បន្ទុក​ការជួល និង​ជួប​អតិថិជន​របស់​គម្រោង WB Arena បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​មាន​ផ្ទៃ​សរុប​៦០០០ម៉ែត្រការ៉េ ដែលក្រុមហ៊ុននឹងបែងចែក​តំបន់​ផ្សេងៗ​គ្នា​សម្រាប់​ហាង​លក់ទំនិញ ហាង​លក់​ចំណី​អាហារ និង​ភេសជ្ជៈ និង​កន្លែង​កម្សាន្ត​។

លោក Simon Griffiths បាន​និយាយ​ថា ​យើង​ចង់​ធ្វើ​អ្វីៗ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិមកកំសាន្តនៅតំបន់នេះ​។

គម្រោង​នេះ ​នឹង​មាន​ស្តង់​ដែល​បម្រី​អាហារ​ព្រម​ទាំង​ភេសជ្ជៈ​ជាច្រើន​ មុខ​សម្រាប់​អ្នក​ទៅ​កម្សាន្ត​ ក៏​ដូចជា ​កន្លែង​ពិសា​អាហារ​មាត់​ឆ្នេរ​ក្រោម ​ម្លប់​ដើមត្នោត​ប្រប​មាត់​ទន្លេ​ផង​ដែរ​។ ភោជនីយដ្ឋាន​ជាច្រើន​ ត្រូវបាន​កក់​ស្តង់​មួយ​ចំនួន​រួច​ទៅ​ហើយ។

លោក Griffiths បានថ្លែង​ថា “​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​យើង​ចង់​បង្កើត​នូវ​រោងកុន​មួយ ប៉ុន្តែ​យើង​សាងសង់​មហោស្រព​ជំនួស​វិញ ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាង ប៉ុន្តែ​យើង​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​នឹង​រីករាយ​ជាមួយ​កម្មវិធី​នេះ​”​។

ដោយ​រចនា​ជា «​គោលដៅ​ទាក់ទាញ​» ​និង​អាច​ទៅ​កម្សាន្ត​តាម​ផ្លូវ​គោក​ក៏​បាន ឬ​ទន្លេ​ក៏​បាន WB Arena គឺជា​គម្រោង​ ១ ​ដែល​គេ​បង្កើត​ឡើង​ដើម្បី​បំពេញ​ចន្លោះ​ក្នុង​ទីផ្សារ​ទេសចរណ៍​ក្នុង​ទីក្រុង​នេះ​។

គំរោងWB Arena កំពុង​តែ​ត្រូវ​បាន​សាងសង់ ហើយ​បើ​តាម​ផែនការ​នឹង​រួចរាល់​ក្នុង​ខែ​មិថុនា​ដែល​ម្ចាស់​ស្តង់​លក់​អាហារ និង​ភេសជ្ជៈ​នឹង​ចូល​មក​រៀបចំ​បើក​ដំណើរការ​ក្នុង​ខែ​កក្កដា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here