តើការឈប់សម្រាកច្រើនខាតឬចំណេញសម្រាប់សេដ្ឋកិច្ច?

0

ដោយដែន ចែងចាំង

ភ្នំពេញ ស្របពេលកម្ពុជាកំពុងឈប់សម្រាករយៈពេលបីថ្ងៃ នៃពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែររយៈពេលបីថ្ងៃ អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានអះអាងថា ការមានបុណ្យឈប់សម្រាកច្រើននៅកម្ពុជា មិនប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចកម្ពុជានោះទេ

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៥ ឧសភានេះថា ការដែល​មានថ្ងៃឈប់សម្រាកច្រើន ធ្វើឲ្យមានការចរាចរសាច់ប្រាក់ច្រើន នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ និងធ្វើឲ្យយើងចំណេញច្រើន បើសិនជាគិតក្នុងលក្ខខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច។លោកបន្តថា បើរោងចក្រ សហគ្រាសណានៅបន្តធ្វើការងារ គឺបុគ្គលិកត្រូវធ្វើការដោយស្ម័គ្រចិត្ត និងមានប្រាក់លើកទឹកចិត្ត ប៉ុន្តែស្ថាប័ននាំចេញនាំចូលនៅតែធ្វើការងារ ដូច្នេះវាមិនប៉ះពាល់​ដល់សកម្មភាពនាំចេញនាំចូលរបស់យើងទេ។

លោកឧកញ៉ាបានបន្តថា “បើមើលតែមួយផ្នែក គឺការឈប់សម្រាកច្រើនពិតជាខាត ប៉ុន្តែបើមើលព្រៃទាំងមូល មិនខាតនោះទេ ព្រោះការឈប់សម្រាកច្រើនធ្វើឲ្យលំហូរសាច់ប្រាក់ចាក់ចូលគ្រប់ផ្នែកនៃសេដ្ឋកិច្ចរបស់យើង”។  

ប្រធានាយកប្រតិបត្តិធនាគារអេស៊ីលីដា ភី អ៊ិល ស៊ី លោកអ៊ិន ចាន់នីបានថ្លែងឲ្យដឹងផងដែរថា ការឈប់សម្រាកច្រើននៅកម្ពុជា មិនមានអ្វីខាតបង់នោះទេ ប៉ុន្តែវាផ្តល់ផលចំណេញទៅវិញទេ ដោយសារវាធ្វើឲ្យធនធានមនុស្សរបស់យើង កាន់តែមានថាមពល សុខភាពល្អ និងធ្វើឲ្យការងារមានប្រសិទ្ឋិភាព ពេលពួកគេត្រលប់មកធ្វើការវិញ។លោកបន្តថា ការឈប់សម្រាកច្រើនឆ្លុះបញ្ចាំងពីកត្តា​សុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាផងដែរ។

លោកបន្តថា “ការឈប់សម្រាកការងារ មិនមែនឈប់ទាំងអស់គ្នាទេ ព្រោះផ្នែកខ្លះ​ដូចជាភោជនីយដ្ឋាន សណ្ឋាគារមិនបានឈប់ទេ តែបង្កើនឳកាសការងារ ដើម្បីផ្តល់សេវាកម្មដល់ភ្ញៀវទេសចរណ៍”។លោកបន្តថា “តាមន័យទេសចរណ៍គេចង់បង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានឈប់សម្រាក ដើរកំសាន្តច្រើន និងចំណាយច្រើន ដែលនេះបង្កឲ្យមាន​ចលនាសេដ្ឋកិច្ចកាន់តែរសរវើក”។

ជាមួយគ្នានេះដែរ លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ការឈប់សម្រាកច្រើនមានចំណេញ និងខាត ប៉ុន្តែបើនិយាយពីផ្នែកទេសចរណ៍គឺចំណេញ ព្រោះប្រជាជនចេញដើរកំសាន្តច្រើន និងចំណាយប្រាក់ច្រើនមាពេលវេលាចាយលុយច្រើន តែផ្ទុយទៅវិញសម្រាប់សហគ្រាស ផលិតកម្មនានាការឈប់សម្រាកច្រើនធ្វើឲ្យពួកគេខាតបង់លិតភាព។

លោកស្រីបន្តថា ហេតុនេះរោងចក្រ សហគ្រាសឬក្រុមហ៊ុនមួយចំនួន មិនគួរលើកថ្ងៃធ្វើការបន្ថែមទៀតនោះទេ ព្រោះយើងមានថ្ងៃឈប់សម្រាកច្រើនរួចទៅហើយ

លោកស្រីបន្តថា “មានអ្នកវិនិយោគបរទេសមួយចំនួន ពួកគេបានរអ៊ូរទាំពីកម្ពុជាថាជាប្រទេសមានថ្ងៃឈប់សម្រាកច្រើនពេក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here