ដោយដែន ចែងចាំង
ភ្នំពេញ នៅពេលនិយាយពីបុគ្គលជោគជ័យ នៅទីនេះយើងសំដៅដល់បុគ្គលដែលមាន និងដឹកនាំក្រុមហ៊ុនបានជោគជ័យ ជាបុគ្គលមានប្រាក់ច្រើន។ តើអ្នកទទួលជោគជ័យទាំងនោះជាមនុស្សបែបណា?។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានលើកឡើងថា ភាពជាអ្នកមាន និងអ្នកទទួលបានជោគជ័យ ត្រូវមានកត្តាសំខាន់ៗមួយចំនួន ដូចជា ទី១ បុគ្គលជោគជ័យ ជាបុគ្គលដែលមានការចេះដឹង ព្រោះគ្មានអ្នកមានប្រាក់ច្រើនណាមួយមិនចេះនោះទេ ហើយបើមិនចេះក៏គាត់មិនអាចរក្សាភាពជាអ្នកមានបានយូរដែរ។ ហេតុនេះ បុគ្គលជាអ្នកមានត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ចេះគ្រប់គ្រងផ្នែកទីផ្សារ គ្រប់គ្រងផ្នែកធនធានមនុស្ស ទី២ ជាបុគ្គលដែលមានចិត្តមោះមុត ហ៊ានសម្រេចចិត្ត ព្រោះការធ្វើជំនួញត្រូវតែមានការសម្រេចចិត្ត ប្រកបដោយភាពច្បាស់លាស់។
ចំណុចទី៣ បុគ្គលដែលជោគជ័យ ជាអ្នកមានវិន័យផ្ទាល់ខ្លួនតឹងរ៉ឹងក្នុងជីវិត ហើយ អ្នកមានជោគជ័យខ្លាំង ត្រូវមានវិន័យតឹងរ៉ឹងចំពោះខ្លួនឯង ចំពោះបុគ្គលនៅជុំវិញខ្លួន ព្រោះអ្នកដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន មិនងាយទទួលបានជោគជ័យនោះទេ។
ទី៤ អ្នកមានត្រូវធ្វើតាមជំនាញ ដែលខ្លួនឯងចេះ និងទី៥ ត្រូវតែជាបុគ្គលឧស្សាហ៍ព្យាយាម រៀនសូត្រជាប់ជាប្រចាំនូវអ្វីទាក់ទងនឹងអាជីព ឬមុខជំនួញផ្ទាល់ខ្លួន។
លោកគីម ហ៊ាងបានបន្តថា ហេតុនេះនៅពេលបើកក្រុមហ៊ុនដំបូង នាយកក្រុមហ៊ុននោះ ត្រូវធ្វើជាទាសកររបស់ក្រុមហ៊ុន ព្រោះក្រុមហ៊ុន៥០ភាគរយបានបិទទ្វារក្រោយរយៈពេលបីឆ្នាំ។ ៧០ភាគរយទៀតបិទនៅក្រោយរយៈពេល៧ឆ្នាំ និង៩០ភាគរយបិទនៅមុនខួប១០ឆ្នាំរបស់ក្រុមហ៊ុន។ លោកបន្តថា ហេតុនេះអ្នកដែលអាចឈរជើងបានរយៈពេល១០ឆ្នាំ និងទទួលបានជោគជ័យ គឺត្រួវធ្វើជាទាសកររបស់ក្រុមហ៊ុនរបស់ខ្លួន។
លោកបន្តថា មានបុគ្គលខ្លះបើកក្រុមហ៊ុនបានរយៈពេល៣ឆ្នាំ ក្រុមហ៊ុនរបស់ខ្លួនដើរហើយ ស្រាប់តែជួលគេមកគ្រប់គ្រង ដែលធ្វើឲ្យក្រុមហ៊ុននោះបរាជ័យ នៅរយៈពេលបីខែឬ១ឆ្នាំក្រោយមក ប៉ុន្តែពេលអ្នកបង្កើតក្រុមហ៊ុននោះត្រលប់មកគ្រប់គ្រងវិញ គឺហួសពេលរួចទៅហើយ។
លោកគីម ហ៊ាងបានបន្តថា “ជាយោបល់របស់ខ្ញុំ គឺអ្នកបង្កើតក្រុមហ៊ុននោះត្រូវគ្រប់គ្រងខ្លួនឯងឲ្យបាន១០ឆ្នាំសិន ចាំក្រុមហ៊ុនរបស់ខ្លួនរ៉ឹងមាំសិន ចាំមកពង្រីកមុខរបរថ្មី ព្រោះបើអ្នកដែលយើងជួល មកគ្រប់គ្រងក្រុមហ៊ុនរបស់យើង ជាមនុស្សពូកែពិតប្រាកដ ពួកគេមិនមកស៊ីឈ្នួលយើងទេ ពួកគេនឹងបើកក្រុមហ៊ុនខ្លួនឯងហើយ”៕