តើវិស័យ SME មានសារសំខាន់ដូចម្ដេចខ្លះចំពោះសេដ្ឋកិច្ច ?

0

ដោយ : វត្ថា
ភ្នំពេញ : រដ្ឋាភិបាលកម្ពុជាចាត់ទុក SMEs សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ
នៅក្នុង «វេទិកាភាពជាអ្នកដឹកនាំអាស៊ាន លើកទី១៥» ដែលរៀបចំឡើងនៅសណ្ឋាគារ Marina Mandarin រដ្ឋធានីសិង្ហបុរី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានជម្រាបបណ្តារដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសអាស៊ាន និងអ្នកសារព័ត៌មាន អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយសហគ្រាសធុនតូច និងធម្យម ស្របតាមផែនការយុទ្ធសាស្ត្រអាស៊ានសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងធម្យម ឆ្នាំ២០១៦-២០២៥។


លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា សហគ្រាស ធុនតូច និងមធ្យម ដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន ដែលបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពីសារៈសំខាន់នៃសហគ្រាសធុនតូច និងធម្យម ហើយបានប្រឹងប្រែងជំរុញវិស័យនេះ តាមរយៈក្របខណ្ឌការអភិវឌ្ឍសហគ្រាសធុនតូច និងធម្យម ឆ្នាំ២០០៥-២០១០ យុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅពង្រីក និងធ្វើទំនើបកម្មសហគ្រាសធុនតូច និងធម្យម តាមរយៈជំនួយបច្ចេកទេស ធនធានហិរញ្ញវត្ថុ និងការគាំទ្រទីផ្សារជាដើម។ល។


លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿមុតមាំថា ការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច នឹងផ្តល់នូវកាលានុវត្តភាពថ្មីៗ ជាមួយវឌ្ឍនភាពយ៉ាងច្រើន សម្រាប់ការលូតលាស់នៃវិស័យសហគ្រាសធុនតូច និងធម្យម នៅក្នុងតំបន់។
សូមបញ្ជាក់ថា វេទិកាភាពជាអ្នកដឹកនាំអាស៊ាន គឺជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលផ្តោតសំខាន់លើការពិភាក្សាយុទ្ធសាស្រ្តកម្រិតខ្ពស់។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសន្ទនា និងបង្កើនទំនាក់ទំនងស្អិតរមួត រវាងមន្រ្តីរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន នៅក្នុងប្រទេសអាស៊ាន។ សម្រាប់ឆ្នាំនេះ វេទិកានេះត្រូវបានដឹកនាំដោយបណ្ឌិត Robert Yap ប្រធានក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងមានការចូលរួមពីសំណាក់ទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងសេដ្ឋកិច្ច នៃប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការរងពាណិជ្ជកម្ម និងសេដ្ឋកិច្ចហុងកុង ក្រុមប្រឹក្សាធុរជន វិស័យឯកជន និងអ្នកសារព័ត៌មានជាច្រើនរូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here