តំបន់ជ្រោយចង្វារ នឹងក្លាយជាតំបន់លំនៅដ្ឋានលំដាប់ខ្ពស់

0

ដោយ រ៉ាវី

ដោយសារតែកំណើនសេដ្ឋកិច្ចមានការកើនឡើងខ្ពស់ជាប់ជាប្រចាំ ក្រោមការសម្រុកវិនិយោគយ៉ាងគំហុកពីសំណាក់អ្នកជំនួញបរទេស ក៏ដូចជាក្រុមហ៊ុនលំដាប់អន្តរជាតិជាច្រើន ជាពិសេស លើវិស័យអចលនទ្រព្យពីសំណាក់ក្រុមហ៊ុនចិន បានជំរុញឱ្យផ្ទៃដីក្នុងតំបន់រាជធានីភ្នំពេញមានភាពចង្អៀត និងកើនឡើងនូវតម្លៃ ដែលជាហេតុធ្វើឱ្យអ្នកវិនិយោគផ្នែកសំណង់លំនៅដ្ឋានបែបប្រណីតជាច្រើនងាកទៅចាប់អារម្មណ៍នៅតំបន់ជ្រោយចង្វារ ដែលស្ថិតនៅទិសខាងកើតរាជធានីភ្នំពេញវិញ ។

ចាប់តាំងពីតំបន់គល់ស្ពានជ្រោយចង្វារឆ្ពោះទៅទិសខាងកើតតាមបណ្តោយផ្លូវជាតិលេខ ៦A សំណង់គ្រប់ប្រភេទបានលេចចេញរូបរាងព្រោងព្រាត ជាពិសេស សំណង់លំនៅដ្ឋានបែបប្រណីតតែម្ដង ដែលក្នុងនោះរួមមានដូចជា ៖ សំណង់បុរី សុភមង្គល, បុរី The Mekong Royal , បុរី ប៉េងហួត, បុរីពិភពថ្មី , បុរី អរគីដេ វីឡា , បុរី The Flora, និងបុរី វិមានភ្នំពេញ ជាដើម ។ បន្ថែមពីនេះ នៅមានគម្រោងសំណង់ផ្សេងៗមួយចំនួនទៀត ដែលសង់ឡើងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal  បានលើកឡើងថា វាជារឿងធម្មតា នៅពេលដែលតំបន់ក្រុងភ្នំពេញមានការកើនឡើងនូវចំនួនអគារធំៗដូចជាសំណង់ខុនដូ អាផាតមិន ជាដើមនោះ តំបន់ដែលើស្ថិតនៅជាប់ក្រុង គឺមានតម្រូវការខ្ពស់ ។ ជាក់ស្ដែងដូចជាតំបន់ជ្រោយចង្វារជាដើម ដែលពីមុនមានភាពទូលាយល្ហល្ហេវ ប៉ុន្តែនបច្ចុប្បន្ននេះ បានក្លាយទៅជាតំបន់ដ៏មានសក្ដានុពល ជាពិសេស លើផ្នែកសំណង់លំនៅដ្ឋានតែម្ដង ដែលជំរុញឱ្យតម្លៃដីមានការកើនឡើងខ្ពស់ ។ លោកឧកញ៉ាបានបន្ថែមទៀតថា កាលពីប៉ុន្មានឆ្នាំមុន ដីនៅតំបន់ជ្រោយចង្វារមានភាពទាបនៅឡើយ ពោលគឺប្រមាណ១០០០ ទៅ ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ តែប៉ុណ្ណោះ ប៉ុន្តែឥឡូវបានកើនឡើងខ្ពស់ រហូតដល់២៥០០ ទៅដល់៣៥០០ដុល្លារក្នុងមួយម៉ែត្រ។

លោកឧកញ៉ាបានបន្តទៀតថា ៖ ប្រសិនបើបរិយាកាសសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពល្អប្រសើរដូចជាពេលបច្ចុប្បន្ននេះ មិនយូរទៀតនោះទេ តំបន់ជ្រោយចង្វារនឹងក្លាយជាតំបន់ពិសេស ដែលអំណោយផលលើវិស័យសំណងលំនៅដ្ឋាន ក៏ដូចជាមណ្ឌលពាណិជ្ជកម្មផ្សេងៗ ដែលកើតមានវត្តមានអគារធំៗ និងខ្ពស់ៗ មិនក្រោម ១៥-២០ ជាន់ ប្រៀបដូចជាតំបន់ កៅលន់ ដែលស្ថិតនៅជ្រោយម្ខាងនៃក្រុងហុងកុងយ៉ាងដូច្នោះដែរ ។ ដោយឡែកសម្រាប់អ្នកវិនិយោគលើវិស័យដីធ្លីនាពេលនេះ ក៏អាចនៅមានឱកាសក្នុងការទទួលបានភាគលាភនៅឡើយ ខណៈដែលតម្លៃដីនៅតំបន់ជ្រោយចង្វារអាចហក់ឡើងកាន់តែខ្ពស់ក្នុងពេលអនាគត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here