ទូតកាណាដា៖ កម្ពុជាមានភាពទាក់ទាញខ្លាំងសម្រាប់ការធ្វើអាជីវកម្ម

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំតំបន់អាស៊ាន ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃបានថ្លែងថា កម្ពុជាមានភាពទាក់ទាញកាន់តែខ្លាំង និងអាចផ្តល់ផលចំណូលបានយ៉ាងល្អ ដល់អ្នកវិនិយោគនានាដែលបានធ្វើអាជីវកម្មនៅកម្ពុជា។

ក្នុងជំនួបជាមួយទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូ នាព្រឹកថ្ងៃទី១៧ ឧសភានេះ លោកជំទាវ Donica Pottie ឯកអគ្គរាជទូតកាណាដាបានថ្លែងថា សមិទ្ធិផលនៃការអភិវឌ្ឍរបស់កម្ពុជា ដែលសម្រេចបាននាពេលកន្លងមក កម្ពុជាគួរតែមានមោនៈភាពយ៉ាងទាំងនៅក្នុងតំបន់ និងពិភពលោក ព្រោះកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ ខណៈដែលប្រទេសមួយចំនួននៅក្នុងពិភពលោក ទទួលបានកំណើនសេដ្ឋកិច្ចតិចតូច ជាក់ស្តែងប្រទេសកាណាដាផ្ទាល់ មានកំណើនត្រឹមតែ២ ទៅ ៣ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ។

លោកជំទាវបន្តថា “វិស័យធនាគារនៅកម្ពុជា ក៏នឹងមានកំណើនកើនឡើងជាបន្តបន្ទាប់ថែមទៀត ព្រោះបច្ចុប្បន្នក្រុមអ្នកវិនិយោគទុនមកពីប្រទេសកាណាដា កំពុងសម្លឹងមើលក្នុងការវិនិយោគបន្ថែម”។

លោកជា ចាន់តូ ទេសារភិបាលធនាគាជាតិនៃកម្ពុជា បានថ្លែងនូវការអបអរសាទរ ដែលក្រុមហ៊ុនវិនិយោគមកពីប្រទេសកាណាដា បានចូលរួមក្នុងវិស័យនេះ ជាក់ស្តែងក្រុមហ៊ុនមកពីកាណាដា បានចូលរួមវិនិយោគនៅក្នុងធនាគារ ABA ដោយមានដើមទុនមួយចំណែក។ នេះជាការកត់សម្គាល់ឲ្យឃើញថា វិស័យធនាគារបានដើរតួនាទី ក្នុងការគាំទ្រគោលនយោបាយស្ថិរភាពហិរញ្ញវត្ថុ និងការចូលគោលនយោបាយគាំទ្រកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅពេលបច្ចុប្បន្ន និងអនាគត។

លោកបន្តថា “គោលនយោបាយរក្សាស្ថិរភាពហិរញ្ញវត្ថុ និងការគាំទ្រកំណើនក្នុងវិស័យធនាគារកម្ពុជា បានពង្រឹកដើមទុនក្នុងវិស័យធនាគារ ការដាក់ចេញនូវវិធានការម៉ាក្រូប្រុងប្រយ័ត្នមួយចំនួនទាក់ទងនឹងផ្នែកលើស្តង់ដា បាសែលស្រ៊ី ដែលជាស្តង់ដារអន្តរជាតិ ក្នុងការគ្រប់គ្រងធនាគារ”។

លោកបន្តថា “បច្ចុប្បន្នធនាគារជាតិកម្ពុជា កំពុងអនុវត្តន៍ជាបណ្តើរៗនិងបានពង្រឹ​ងនូវបទប្បញ្ញាត្តផ្សេងៗផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here