នៅពីក្រោយកំណើនទេសចរណ៍ចិនមកទស្សនាកម្ពុជាលើសការរំពឹងទុក

0

ដោយ : ដែន ចែងចាំង
ភ្នំពេញ : កំនើននៃការហោះហើរត្រង់ លំហូរវិនិយោគទុន និងទំនាក់ទំនងដ៏រ៉ឹងមាំនៃរដ្ឋាភិបាលប្រទេសទាំងពីរ បានធ្វើឲ្យភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជាកើនលើសការរំពឹងទុក។នេះបើតាម​ការព្យាករណ៍របស់ក្រសួងទេសចរណ៍។


យោងតាមរបាយការណ៍របស់ក្រសួងដដែលនេះបានឲ្យដឹងថា តាមការព្យាករណ៍ភ្ញៀវទេស​ចរណ៍អន្តរជាតិជាង៦លាននាក់ នឹងមកទស្សនាកម្ពុជា ក្នុងនោះភ្ញៀវទេសចរ ចិនមានចំនួន១,៨លាននាក់ ហើយនៅឆ្នាំ២០១៩កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ចិន២,៤លាននាក់ និងឆ្នាំ២០២០កម្ពុជា នឹងទទួលបានភ្ញៀវចិនរហូតដល់២,៦លាននាក់ ខណៈការព្យាករណ៍របស់រដ្ឋាភិបាលកន្លងមក កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍ចិនត្រឹម២លាននាក់នៅឆ្នាំ២០២០។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងក្នុងវេទិកាទេសចរណ៍កម្ពុជា ចិនលើកទី១កាលពីម្សិលម៉ិញថា នៅពេលចំនួនទេសចរណ៍កាន់តែកើនឡើងច្រើន កម្ពុជាពិតជាត្រូវការអ្នកវិនិយោគ ដែលវិនិយោគលើសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាសនិងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ឋ។


ជាមួយនឹងភាពល្អប្រសើរ នៃទំនាក់ទំនងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក្រសួងទេ​សចរណ៍កម្ពុជា ចិនបានឯកភាពបន្តអនុវត្តន៍តាមស្មារតីនៃអនុស្សរណៈ ដែលបានចុះហត្ថលេខានាពេលកន្លងមក។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍សរុប១,៧លាននាក់ កើនឡើង១៣,៩ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះមានភ្ញៀវទេសចរណ៍ចិនជាង៥០ម៉ឺននាក់។
លោក ថោង ខុន បានបន្តថា “កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័​យទេសចរណ៍មានការរីកចម្រើនគួរជាទីមោទន”។
លោក ទូ ជាំង មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវប្បធ៌មនៃសាធារណៈរដ្ឋប្រជា​មានិតចិនបានថ្លែងថា ឆ្នាំនេះគឺជាខួបលើកទី៦០ នៃការបង្កើតចំណងចិន កម្ពុជា ហើយ​ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរត្រូវបានពង្រីកជាលំដាប់។
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងថា វិស័យទេសចរណ៍រវាងកម្ពុជា ចិនស្ថិតនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមដ៏វិសេសវិសាលរបស់​ប្រធានាធិបតីហ្សី ជីនពីងប្រធានានធិបតីចិន។ លោកបន្តថា វិស័យទេសចរណ៍ជាការផ្លាស់ប្តូររវាងប្រជាជនកម្ពុជា និងចិន ក្នុងក្របខ័ណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ ដែលធ្វើឲ្យប្រជាជន​នៃប្រទេសទាំងពីរកាន់តែមានការយោគយល់គ្នា ស្រលាញ់គ្នានិងទៅមករកគ្នា ព្រមទាំងបើកចំហឲ្យកាន់តែទូលំទូលាយថែមទៀត ផ្តើមចេញពីផ្លែផ្កានៃការតភ្ជាប់ និងសម្រួលការ​ធ្វើដំណើរទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here