ប្រយ័ត្ន! ដីកោះរ៉ុងឡើងថ្លៃចាប់ផ្តើមមានក្រុមយកដីគេលក់

0

ដោយដួង ចន្រ្ទា

ភ្នំពេញ៖ ស្របពេលតម្លៃដីធ្លីនៅកោះរ៉ុងឡើងថ្លៃ ចលនានៃការលួចដីគេយកទៅលក់ក៏កំពុងកើតមានយ៉ាងច្រើនផងដែរ ដោយសារមានការឃុបឃិតមួយចំនួនពីអាជ្ញាធរ​មូលដ្ឋាន។

ប្រភពព៌តមានច្បាស់ការណ៍មួយ ដែលគេហទំព័រ Propertyarea.asia ទទួលបាន​កាលពីព្រឹកថ្ងៃទី១០ មេសានេះបានឲ្យដឹងថា ចលនានៃការយកដីគេលក់ និងមានការស៊ីញ៉េបំពានលើប្លង់ដី ដែលមានម្ចាស់ច្បាស់លាស់រួចហើយពីសំណាក់អាជ្ញាធរ បាននិងកំពុងធ្វើឲ្យមានភាពរញេរញ៉ៃ នៅលើកោះដ៏ស្រស់ស្អាតនេះ។ ប្រភពដដែលបានបន្តថា អ្នកទិញដីគួរបង្កើនការប្រុងប្រយ័ត្ន ដើម្បីធ្វើឲ្យប្រាកដថា ដីដែលខ្លួនបានទិញ មិនមែនជាដី ដែលមានម្ចាស់ឬជាន់ប្លង់កម្មសិទ្ឋអ្នកដទៃ។

លោកបន្តដោយព្រមានថា “ប្រជាពលរដ្ឋក៏ដូចគ្នា គួរកុំអនុវត្តន៍នយោបាយចាញ់បានលុយ ឈ្នះបានដី ប្រយ័ត្នមានបញ្ហាទៅថ្ងៃក្រោយ”។

រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ បាននិងកំពុងរៀបចំរចនាសម្ព័ន្ឋតំបន់កោះរ៉ុង​ជាទីក្រុងមួយ ដើម្បីងាយស្រួលលើការគ្រប់គ្រង ពិសេសជំរុញការអភិវឌ្ឍន៍ប្រកបដោយ​និរន្តរភាព។

ប្រភពខាងលើបានបន្តថា លោកបានស្គាល់មុខក្រុមអ្នកយកដីគេលក់ និងបំពុលព៌តមានហើយ ប្រសិនជាមិនរាងចាល ឈ្មោះរបស់ពួកគេនឹងត្រូវលាតត្រដាងជាសាធារណៈមិនខាន ហើយអាជ្ញាធរមូលដ្ឋាន ពិសេសអ្នកស៊ីញ៉េបំពានលើប្លង់កម្មសិទ្ឋអ្នកដទៃ ដើម្បីលក់ដីបន្តទៅឲ្យអ្នកផ្សេង ក៏គួរអនុវត្តន៍តាមនិតិវិធីឲ្យបានត្រឹមត្រូវផងដែរ ដើម្បីបញ្ចៀសបញ្ហាទៅថ្ងៃអនាគត។

ប្រភពព៌តមានដែលបានបន្តថា បច្ចុប្ប​ន្នដីនៅតំបន់កោះរ៉ុង និងកោះរ៉ុងសន្លឹមកំពុងមានការឡើងថ្លៃយ៉ាងខ្លាំង ដោយសារសកម្មភាពនៃការអភិវឌ្ឈ កំនើនភ្ញៀវទេសចរណ៍ បានទៅទស្សនានៅតាមបណ្តាកោះទាំងនេះកើនឡើងយ៉ាងខ្លាំង។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេស​ចរណ៍កម្ពុជា លោកហូ វណ្ឌីបានជំរុញឲ្យអាជ្ញាធរ​បង្កើនការយកចិត្តទុកដាក់លើបរិស្ថាន ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព ព្រោះប្រ​សិនជាការអភិវឌ្ឍមិនបានគិតគូដល់បរិស្ថាន វានឹងបំផ្លាញអ្វីៗទាំងអស់នាពេលអនាគត ហើយអ្នកពាក់ព័ន្ឋទាំងអស់ នឹងខាតបង់ផងប្រយោជន៍រួមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here