រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជាទទួលបានផ្លែផ្កាច្រើនក្នុងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា

0

ដោយ ដែន ចែងចាំង

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធ​បញ្ញាលោកប៉ាន សូរស័ក្តិបានថ្លែងថា កម្ពុជាទទួលបានផ្លែផ្កាជាច្រើន ក្នុងការអនុវត្តការងា​រកម្មសិទ្ធិបញ្ញា របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា។

លោកប៉ាន សូរស័ក្តិប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញាលើកទី៨ស្តីពី លទ្ធផលការងារកម្មសិទ្ធិបញ្ញា និងផែនការសកម្មភាពការងារឆ្នាំ២០១៨ កាលពីម្សិលម៉ិញនេះថា លទ្ធផលសំខាន់ៗមួយចំនួនគួរជាទីមោទនៈ ដូចជា ការចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងលីស្បោនអំពីឈ្មោះប្រភពដើម ទំនិញនិងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការកសាងច្បាប់, ការពង្រីកកិច្ចការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្នើ សុំចុះបញ្ជីម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក កិច្ចសហប្រតិបត្តិការអន្តរជាតិ គម្រោងកម្មសិទ្ធិបញ្ញា និងការផ្តល់សេវាសាធារណៈផ្នែកកម្មសិទ្ធិបញ្ញាជាដើម។

ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោក អប់ រ៉ាឌីបានថ្លែងឲ្យដឹងផងដែរថា អង្គភាពអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា បានបង្រ្កាបនិងទប់ស្កាត់បទ ល្មើសកម្មសិទ្ធិបញ្ញាយ៉ាងសកម្ម ដើម្បីការពារសិទិ្ធស្របច្បាប់ និងសុខភាពសាធារណៈ។

លោកបន្តថា“ដើម្បីឲ្យកិច្ចការកម្មសិទ្ធិបញ្ញា និងការអនុវត្តច្បាប់ឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត លិខិតបទដ្ឋាន គតិយុត្តជាច្រើន ក៏ត្រូវបានអនុម័តផងដែរ”។ លោកបន្ថែមថា “ លើសពីនេះទៅទៀត សេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិកម្មសិទ្ធិ បញ្ញាជាច្រើនទៀត បាននិងកំពុងបន្តរៀបចំពិនិត្យនិងពិភាក្សា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here