វិភាគ! តើអូស្រ្តាលីដឹកដៃមេដឹកនាំអាស៊ានទៅណាក្នុងជំនួបជាប្រវត្តិសាស្រ្ត

0

ដោយ វុត្ថា

ភ្នំពេញ អូស្រ្តាលី និងមេដឹកនាំអាស៊ានសុទ្ឋតែសម្លឹងឃើញផលប្រយោជន៍ពីគ្នាទៅវិញទៅមក ទើបរដ្ឋាភិបាលអូស្រ្តាលីបានងាកមកអាស៊ាន ដែលជាសហគមន៍មួយមានមនុស្សជាង៦៣០លាននាក់កំពុងរស់នៅ។

ជាមួយនឹងការចាប់ផ្តើមក្រាលព្រំក្រហម ស្វាគមន៍បណ្តាមេដឹកនាំ រួមជាមួ​យនឹងអគ្គលេខាធិការអាស៊ាន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអូស្រ្តាលីអាស៊ាន ជាលើកតំបូង និងជាប្រវត្តិសាស្រ្តចាប់ពីថ្ងៃទី១៧ រហូតដល់​ថ្ងៃទី១៨មិនាខាងមុខនេះសុទ្ឋតែជាផលប្រយោជន៍នៅក្នុងនោះ ទាំងកម្រិតកាទូត កម្រិតនយោបាយ និងក្នុងទិដ្ឋភាពសេដ្ឋកិច្ច ដែលនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Malcolm Turnbull បានសម្លឹងឃើញ ហើយលោកទំនងជាមេដឹកនាំអូស្រ្តាលី ដែលមានចក្ខុវិស័យដ៏​វែងឆ្ងាយមួយ ។

កិច្ចប្រជុំផ្តោតលើអ្វី

កិច្ចប្រជុំកំពូលនេះ នឹងធ្វើឲ្យមានការកែប្រែនូវរជ្ជកាលថ្មីមួយ បន្ថែមក្នុងភាពជាដៃគូនៃបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន និងអាស៊ាន។ កិច្ចប្រជុំនេះផងដែរ នឹងកសាងអោយកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការសន្ទនានយោបាយ និងការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ដើ​ម្បីបង្កើតភាពជាដៃគូក្រៅប្រទេស សម្រាប់ពិភពលោក ដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

បន្ថែមពីនេះ កិច្ចប្រជុំកំពូលនេះ នឹងពង្រឹងការរួមចំណែករួមគ្នា ចំពោះសន្តិសុខ និងវិបុលភាពក្នុងតំបន់ រួមទាំងការដោះស្រាយបញ្ហាប្រឈមសន្តិសុខរួម និង​ការទទួលបានឱកាសកាន់តែច្រើនសម្រាប់អាជីវកម្មរ។

ការធ្វើការជាមួយអាស៊ាន បានបំពេញបន្ថែមដល់ទំនាក់ទំនងទ្វេភាគីយ៉ាងសំខាន់ រវាងអូស្ត្រាលីជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។

អាស៊ានគឺជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់អូស្រ្តាលី ដែលតំណាងឱ្យ ១៥ភាគរយនៃពាណិជ្ជកម្មសរុបរបស់អូស្ត្រាលី។ តំបន់នេះផ្តល់នូវឱកាសកាន់តែច្រើន ដោយការធ្វើសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទំនាក់ទំនងរឹងមាំ ដែលមើលឃើញពីសក្តានុពលសំខាន់ៗសម្រាប់អាជីវកម្ម។

ភាពជាដៃគូ

ភាពជាដៃគូរវាងអាស៊ាន និងអូស្ត្រាលីមានសារៈសំខាន់ ចំពោះសន្តិសុខនិងវិបុលភាពក្នុងតំបន់។

តាំងពីបានក្លាយជាដៃគូសន្ទនាអាស៊ាន លើកដំបូងនៅឆ្នាំ១៩៧៤ អូស្ត្រាលី បានគាំទ្រចំពោះចក្ខុវិស័យរបស់អាស៊ានស្តីពី សហគមន៍តំបន់រួមបញ្ចូលគ្នាដោយច្បាប់ ដែលមានបញ្ចូលគ្នាជាសហគមន៍សេដ្ឋកិច្ច។ នៅឆ្នាំ២០១៣ ស្ថានបេស​កកម្មអូស្ត្រាលីប្រចាំអាស៊ាន ត្រូវបានបង្កើតឡើងនៅទីក្រុងហ្សាកាតាហើយទទួលខុសត្រូវចំពោះការជំរុញ ចំណាប់អារម្មណ៍របស់អូស្ត្រាលីជាមួយដំណើរការអាស៊ាន និងអាស៊ាន។

នៅឆ្នាំ២០១៤អូស្ត្រាលី និងអាស៊ានបានក្លាយជាដៃគូយុទ្ធសាស្ត្រដោយទទួលស្គាល់សារៈសំខាន់ នៃទំនាក់ទំនងក្នុងការកសាងគ្នា ទៅវិញទៅមកលើបញ្ហាសន្តិសុខ និងវិបុលភាព។

ប្រជាជន

មិនត្រឹមតែទំនាក់ទំនងសេដ្ឋកិច្ចល្អប្រសើរទេ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជននិងសហគមន៍អាស៊ាន ក៏មានភាពរលូនផងដែរ ដោយមេដឹកនាំអាស៊ានមិនដែលមានបញ្ហាអរិយភាពជាមួយអូស្រ្តាលីនោះឡើយ ហើយសហគមន៍អាស៊ាន តែងតែជួយគាំទ្រដល់ភាពជាដៃគូ របស់អូស្ត្រាលីជាមួយអាស៊ីអាគ្នេយ៍។ នេះយោងតាមការធ្វើជំរឿនអូស្ត្រាលីឆ្នាំ២០១៦ ប្រជាពលរដ្ឋជាង៨៩៦.០០០ នាក់បានទទួលកេរមរតកពីប្រជាជាតិអាស៊ាន។

អូស្ត្រាលីទទួលភ្ញៀវទេសចរណ៍ ជាងមួយលាននាក់មកពីបណ្តាប្រទេសក្នុងបំបន់អាស៊ានក្នុងមួយឆ្នាំៗ ហើយក្នុងឆ្នាំ២០១៦ ប្រជាជនអូស្រ្តាលីបានធ្វើដំណើរកម្សាន្ត ទៅកាន់បណ្តាប្រទេសអាស៊ានជិត៣លាននាក់។

ការបំពេញឲ្យគ្នា

អូស្រ្តាលីបានធ្វើការជាមួយអាស៊ាន និងបានបំពេញបន្ថែមដល់ទំនាក់ទំនងទ្វេភាគីយ៉ាងសំខាន់ រវាងអូស្ត្រាលីជាមួយបណ្តា ប្រទេសនៅអាស៊ីអាគ្នេយ៍។ ការអប់រំគឺជាមូលដ្ឋានគ្រឹះ នៃការចូលរួមរបស់អូស្ត្រាលីជាមួយអាស៊ីអាគ្នេយ៍ ហើយត្រូវបានគាំទ្រដោយវិធានការនានា ដូចជា ផែនការឡុំបូថ្មី (New Colombo Plan) និងជ័យលាភីអូស្ដ្រាលី (Australia Awards)។

និស្សិតប្រហែល១០០.០០០នាក់ មកពីបណ្តាប្រទេសអាស៊ានកំពុងសិក្សានៅប្រទេសអូស្រ្តាលីហើយចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ និស្សិតថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់អូស្ត្រាលីចំនួន១៣.៥០០នាក់ កំពុងទទួលបានការគាំទ្រក្នុងការសិ​ក្សា និងអនុវត្តកម្មសិក្សា នៅក្នុងបណ្តាប្រទេសអាស៊ាន តាមរយៈផែនការកូឡុមបូថ្មី(New Colombo Plan)។

ដៃគូពាណិជ្ជកម្ម

អាស៊ានគឺជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់អូស្រ្តាលី ដែលតំណាងឱ្យ ១៥ភាគរយនៃពាណិជ្ជកម្មសរុបរបស់អូស្ត្រាលី។ ពាណិជ្ជកម្មរវាងអូស្ត្រាលីនិងបណ្តាប្រទេសអាស៊ាន មានចំនួន៩៣,២ពាន់លានដុល្លារអូស្រ្តាលីក្នុងឆ្នាំ២០១៦ ។ តំបន់នេះ បានផ្តល់នូវឱកាសកាន់តែច្រើន ដោយការធ្វើសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទំនាក់ទំនងរឹងមាំដែលមើលឃើញពីសក្តានុពលសំខាន់ៗសម្រាប់អាជីវកម្ម។

ជាមួយនឹងប្រជាជនជាង៦៣៧លាននាក់ និងកម្រិតអតិថិជនកំពុងកើនឡើងនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ត្រូវបានត្រៀមខ្លួនសម្រាប់ការរីកចម្រើ​នបន្ថែមទៀត។

ការធ្វើការនិងដោះស្រាយបញ្ហារួមគ្នា

អូស្ត្រាលី និងអាស៊ានកំពុងធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈ​មសំខាន់ៗក្នុងតំបន់រួមមាន: ទី១ កែលម្អបរិយាកាសប្រតិបត្តិការ សម្រាប់អាជីវកម្ម ដោយលុបបំបាត់ឧបសគ្គចំពោះពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អូស្ត្រាលី – នូវែលសេឡង់ (AANZFTA) និងឆ្ពោះទៅរកការរីកចម្រើនភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ទី២ ប្រឆាំ​ងនឹងអំពើភេរវកម្ម និងភាពជ្រុលនិយមដោយអំពើហិង្សា ដោយធ្វើការរួមគ្នានៅក្នុងវេទិកាទ្វេភាគី និងក្នុងតំបន់ និងការអនុវត្តសេចក្តីប្រកាសរួមអាស៊ាន – អូស្ត្រាលីសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ។

ហេតុអ្វីបានមានកិច្ចប្រជុំកំពូលនេះ

ប្រសិនជាមើលមួយភ្លេត វាហាក់ជារឿងសាមញ្ញមួយសម្រាប់កិច្ចប្រជុំកំពូលជាលើកតំបូងនេះ ប៉ុន្តែការពិតមានរឿងជាច្រើននៅពីក្រោយនោះ ទើបអូ​ស្រ្តាលីបានងាកមកកាន់តែជិតស្និទ្ឋជាមួយអាស៊ាន ដើម្បីទាញយកផលប្រយោ​ជន៍ផង ឥទ្ឋិពលក្នុងតំបន់នេះផង និងជាយុទ្ឋសាស្រ្តនយោបាយផង។

ទោះបីជាអូស្រ្តាលីមានភាពជិតស្និទ្ឋជាមួយលោកខាងលិច ពិសេសសហរដ្ឋអាមេរិកក្តី ប៉ុន្តែចាប់តាំងពីឡើងកាន់អំណាច ប្រធានាធិបតីដូណាល់ ត្រាំបាន​ប្រកាន់យកគោលនយោបាយគាំពារនិយម ឬសក់អ្នកណាក្បាលអ្នកហ្នឹង ដែលធ្វើឲ្យបណ្តាសម្ព័ន្ឋមិត្ត និងដៃគូប្រកួតប្រជែងរបស់អាមេរិកបើកភ្នែកធំៗ និងចេញ​ប្រតិកម្មជាបន្តបន្ទាប់។

មើលឃើញនិន្នាការអញនិយម (ទំនោរបែបនេះនឹងនាំអាមេរិកធ្លាក់ក្នុងឳន​ភាព) អូស្រ្តាលីទំនងជាមិនសប្បាយចិត្ត និងបានត្រៀមខ្លួនជាស្រេច ដើម្បីកុំឲ្យទូក ដល់កណ្តាលទន្លេហើយ ទើបរកចង្វារជាក្រោយគឺហួសពេលហើយ។ហេតុនេះ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន អូស្រ្តាលីប្រាកដណាស់ ដែលភាសា​កាទូតត្រូវនិយាយថា “មានមិត្តប្រសើរជាងមានសត្រូវ ទាញផលប្រយោជន៍ពីគ្នា​បានច្រើនប៉ុណ្ណា ជារឿងរបស់បុគ្គលឆ្លាត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here