ដោយ ដែន ចែងចាំង
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា ការសម្រេចចិត្តរបស់អ្នកវិនិយោគហុងកុងនៅកម្ពុជា ដោយសារកម្ពុជាមានគោលដៅវិនិយោគដ៏មានសក្តានុពល ក្នុងការចាប់ផ្តើមនិងការពង្រីកអាជីវកម្មរបស់ខ្លួន។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកសុខ ចិន្តាសោភា បានថ្លែងលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃតំបន់រដ្ឋបាលពិសេសហុងកុង នៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០១៨នេះថា កម្ពុជាជាប្រទេសដែលមានលក្ខណៈអំណោយផលនៃការវិនិយោគ ជាពិសេសស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលផ្តល់លទ្ធភាពឲ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម៧.៧%ក្នុងជាង២ទសវត្សរ៍កន្លងមកនេះ។ ឯកឧត្តមបន្តថា កំណើនសេដ្ឋកិច្ចនេះ បានជម្រុញ ឲ្យកម្ពុជា ធ្វើដំនើរយ៉ាងក្លៀវក្លាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ បរទេសឲ្យមកបណ្តាក់ទុនលើគ្រប់វិស័យ។
លោកបន្តថា “ការសម្រេចចិត្តរបស់អ្នកវិនិយោគទុនហុងកុង ដែលបានជ្រើសរើសយកកម្ពុជា ដោយសារកម្ពុជាបានចាប់ផ្តើម និងការពង្រីកលើមូលដ្ឋានអាជីវកម្មរបស់ខ្លួនដ៏មានតម្លាភាព”។
លេខាធិការទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង លោក អ៊េត វីតយ៉ាវបានទទួលស្គាល់ និងអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេសមានការរីកចម្រើន លូតលាស់យ៉ាងខ្លាំង ហើយឯកឧត្តមសន្យា ជួយទាក់ទាញអ្នកវិនិយោគទុនហុងកុង ឲ្យមកបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើនថែមទៀត ដើម្បីបន្តរឹងចំណងមិត្តភាព និងទំនាក់ទំនង់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
យោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា ការវិនិយោគរបស់អ្នកវិនិយោគហុងកុងនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧មានចំនួន២៥៧គម្រោង មានទុនវិនិយោគប្រមាណ១៣៣០លានដុល្លារអាមេរិក ស្មើជាង២ភាគរយ នៃការវិនិយោគបរទេសសរុបនៅកម្ពុជា។
ដោយឡែកនៅឆ្នាំ២០១៧កន្លងមក អ្នកវិនិយោគទុនហុងកុងបានវិនិយោគនៅកម្ពុជាចំនួន១៣គម្រោង ដែលគម្រោងវិនិយោគនោះរូមមាន វិស័យកាត់ដេរសម្លៀកបំពាក់ ការបូប ស្បែក ជើងនិងឧស្សាហកម្មដ៏ទៃទៀត ដែលមានទឹកប្រាក់វិនិយោគប្រមាណ៨៥លានដុល្លាអាមេរិក ស្មើនឹង១.៦៤ភាគរយ នៃទុនវិនិយោគបរទេសសរុបនៅមកម្ពុជា៕