ដោយ វុត្ថា
ភ្នំពេញ៖ ជាមួយនឹងសក្តានុពល និងការបើកចំហរបស់កម្ពុជាបានធ្វើឲ្យអ្នកវិនិយោគហុងកុង មកវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ជាង១៣៣០លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងកាល ពីម្សិលម៉ិញនេះថា ការវិនិយោគរបស់អ្នកវិនិយោគហុងកុងនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧មានចំនួន២៥៧គម្រោង មានទុនវិនិយោគប្រមាណ១៣៣០លានដុល្លារអាមេរិក ស្មើជាង២ភាគរយ នៃការវិនិយោគបរទេសសរុបនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាទ្វេភាគីរវាងលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Edward Yau អគ្គលេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុងបានមានប្រសាសន៍ថា កម្ពុជាមានវឌ្ឍនភាពយ៉ាងខ្លាំងក្នុងមួយទសវត្សរ៍ចុងក្រោយនេះ និងមានបរិយាកាសវិនិយោគល្អប្រសើរ ដោយលោកនឹងខិតខំទាក់ទាញ អ្នកវិនយោគមកពីទីក្រុងហុងកុងមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។
លោកប៉ាន សូរស័ក្តិបានជម្រាបជូនគណៈប្រតិភូហុងកុង អំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥។ លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូហុងកុង អំពីគោលនយោបាយគាំពារវិនិយោគិន និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានសំណូមពរឲ្យមានការរៀបចំវេទិកាជំរុញពាណិជ្ជកម្មទ្វេភាគី នៅក្នុងទីក្រុងហុងកុង នាពេលខាងមុខផងដែរ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកសុខ ចិន្តាសោភាបានថ្លែងថា កម្ពុជាជាប្រទេសមានសក្តានុពលវិនិយោគ ដែលបានទាក់ទាញអ្នកវិនិយោគមកពីហុងកុង និងប្រទេសជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ដោយសារបរិយាកាសវិនិយោគល្អប្រសើរ ច្បាប់វិនិយោគ ច្បាប់ពន្ឋរបស់កម្ពុជាមិនមានភាពស្មុគ្រស្មាញ និងកត្តាអំណោយផលជាច្រើនទៀត៕