អស្ចារ្យៈ. ADB ថាសេដ្ឋកិច្ច​​កម្ពុជា​នឹងមានកំណើន​៧ភាគរយក្នុងរយៈពេលពីរឆ្នាំជាប់គ្នា

0

ដោយដួង ចន្រ្ទា

ភ្នំពេញ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានព្យាករណ៍ពីសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំនើន៧ភាគរយ ដោយសារកំណើន​សេដ្ឋកិច្ចដ៏រឹងមាំ​របស់​កម្ពុជា បានមកពីការនាំចេញដ៏រឹងមាំ និងកំណើន​​លំហូរចូលនៃការវិនិយោគដោយផ្ទាល់ពីបរទេស សកម្មភាពក្នុងវិស័យ​ទេសចរណ៍ និង​តម្រូវការ​ក្នុងស្រុក ព្រមទាំង​ភាព​រឹងមាំនៃកំណើនសេដ្ឋកិច្ចសកលលោក

លោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់​របស់​ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាមានប្រសាសន៍​ក្នុងពេលចេញផ្សាយ ​របាយការណ៍ស្ដីពីទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី ដែលជា​របាយការណ៍​សេដ្ឋកិច្ច​ប្រចាំឆ្នាំរបស់ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយ​នៅ​ថ្ងៃទី១១ មេសានេះថាទោះ​ជាយ៉ាងណាក៏ដោយ ការកើនឡើង​ប្រាក់ឈ្នួល ភាពលំបាកក្នុងការធ្វើ​​ធុរកិច្ច និង​ភាពប្រកួត​ប្រជែងកាន់តែខ្លាំងអាចប៉ះពាល់ដល់ការប្រកួត​ប្រជែងរបស់កម្ពុជាលោកបន្តថា “គោលនយោបាយ​សម្រួល​ដំណើរការ​ និង​នីតិវិធីដែលចាំបាច់​សម្រាប់​​ធ្វើធុរកិច្ច នឹងជួយលើកកម្ពស់សហគ្រិនភាព ធ្វើឱ្យសមាហរណកម្មក្រុមហ៊ុនក្នុងស្រុក ជាមួយនឹង​វិស័យ​កម្មន្ត​សាល កាន់តែ​មានលក្ខណៈស៊ីជម្រៅ​បន្ថែមទៀត ព្រមទាំងជួយ​បង្កើត​ការងារ​ល្អៗ​បន្ថែមទៀត”។

របាយការណ៍បានឱ្យដឹងថា ​​ទិន្នផលឧស្សាហកម្មរបស់កម្ពុជាទំនងជានឹង​បន្ត​កើនឡើង,៦% នៅឆ្នាំនេះ ជា​មួយនឹង​ការថមថយ​កំណើននៃឧស្សាហកម្មកាត់ដេរ និងស្បែកជើង ដែលអាចកាត់កងដោយកំណើន​ខ្ពស់ជាង​មុនក្នុងឧស្សាហកម្ម ​ដែលទើប​នឹងលេចចេញជារូបរាង ដូចជា​ ឧស្សាហកម្មផលិតគ្រឿងអគ្គិសនី គ្រឿង​បន្លាស់​រថយន្ត កង់ អង្ករ និងកៅស៊ូ ជាដើម។ កំណើន​ក្នុងវិស័យ​សេវាកម្ម និង​បន្ត​មានភាព​ល្អប្រសើរ​ ពោលគឺ.%នៅ​ឆ្នាំ​នេះ ដោយសារ​ភ្ញៀវ​ទេសចរណ៍មានចំនួនច្រើន។ សន្មត​ថា អាកាសធាតុមានស្ថានភាពអំណោយផល កសិកម្ម​របស់​ប្រទេស​​កម្ពុជានឹង​មានកំណើន,៨% ក្នុងឆ្នាំ ២០១៨។

គោលនយោបាយសារពើពន្ធ ​នឹង​មានលក្ខណៈពង្រីកបន្ថែមនៅឆ្នាំនេះ ជាងកាលពីឆ្នាំ២០១៧ ដោយ​កំណើន​​ប្រាក់ចំណូល​​ នឹងត្រូវស្រូបយកដោយចំណាយខ្ពស់ជាងមុន និង​ដោយឱនភាពសារពើពន្ធ ដែលអាច​កើនឡើង​ទៅដល់​,១% នៃផលិតផលក្នុងស្រុកសរុប។ ឱនភាពគណនីចរន្ត​ (ដោយមិនរាប់បញ្ចូល​ការផ្ទេរធនធានជាផ្លូវការ) នឹងមានការ​កើនឡើង​នៅឆ្នាំនេះ ដោយសារ​ចំណាយសម្រាប់ប្រេង និង​ផលិត​ផលនាំចូលដទៃទៀត មានការកើនឡើងក្នុងប្រទេស​ ដែល​​មានសេដ្ឋកិច្ច​​រីកចម្រើនលឿនមួយនេះ។

របាយការណ៍ដដែលបានបន្តថា កំណើនលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស និង​ឥណទាន​ផ្លូវការ​ពី​ក្រៅប្រទេស ទំនងនឹងអាចរ៉ាប់រង​ឱនភាពគណនីចរន្ត​បាន ព្រមទាំងអាច​បង្កើន​ទុនបម្រុង​ក្រៅប្រទេស​រហូត​ ដល់ប្រមាណ១០ពាន់លានដុល្លារត្រឹម​ចុងឆ្នាំ២០១៨ ពោលគឺអាច​រ៉ាប់រង​ការនាំចូលប្រមាណ ៦,ខែ។

ទស្សនៈវិស័យ​សេដ្ឋកិច្ច​នេះ អាចប្រឈម​នឹង​ហានិភ័យ​នៅផ្នែកខាងក្រោម ដោយសារ​ភាព​ងាយរងគ្រោះ​នៃ​វិស័យ​ហិរញ្ញវត្ថុរបស់ប្រទេស​កម្ពុជា ចំពោះ​ភាព​មិនប្រាកដប្រជា ​នៃវិស័យហិរញ្ញវត្ថុសកលលោក ដែលគេ​អាចសង្កេត​ឃើញកន្លងមក ដូចជា ​ការ​បង្កើនផលធៀប​ឥណទានធនាគារ ជាមួយនឹង​ផលិតផលក្នុងស្រុកសរុបទ្វេដងនៅក្នុងរយៈពេល៥ឆ្នាំចុង​ក្រោយនេះ ​រហូត​ដល់៧៦%កាលពីឆ្នាំមុននេះ។ ខណៈពេលដែល​បទប្បញ្ញត្តិ​គ្រប់គ្រងហានិភ័យឥណទាន និង​ការបង្កើន​ទុនបម្រុង​ ដែល​ត្រូវ​បានដាក់ឱ្យអនុវត្តកាលពី​ពេលថ្មីៗនេះ បានជួយ​កាត់បន្ថយ​កំណើនឥណទាន​របស់​ធនាគារ ​មកនៅ​ត្រឹម ១៥%គិត​ត្រឹមចុងឆ្នាំមុននេះ ឥណទាន​សម្រាប់វិស័យ​អចលទ្រព្យ មានការកើនឡើង​រឹត​តែ​ឆាប់​រហ័សទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here