អស្ចារ្យ! ភ្នំពេញមានតំបន់ Pub Street ដូចនៅសៀមរាបហើយ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ តំបន់ដើរកំសាន្តក្នុងពេលរាត្រី ដែលប្រជុំដោយបារ ភោជនីយដ្ឋាន និងការតុបតែងដ៏ទាក់ទាញ Pub Street បាននិងកំពុងត្រៀមចាប់ផ្តើមនៅរាជធានីភ្នំពេញនាពេលខាងមុខនេះហើយ ដើម្បីធ្វើឲ្យរាត្រីនៅក្រុងភ្នំពេញកាន់តែមានភាពរសរវើក។

តំបន់ Pub Street នេះនឹងរៀបចំនៅតំបន់អីត Golden Sorya Mall ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ប៉ាស្ទ័រ​ ​ហើយ​ដោយ​គ្រោង​នឹង​បើក​សម្ពោធ​នៅ​ចុង​ខែឧសភានេះ ​ជាមួយ​នឹង​កន្លែង១​ដ៏ល្អ ​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​អាហារដ្ឋាន​បើក​ដំណើរការ​​២៤ ​ម៉ោង​ជា​រៀងរាល់​ថ្ងៃ​។

គម្រោង Phnom Penh Pub Street នេះ​នឹង​មាន​ហាង​សរុប​២៩ ដោយ​ហាង​ខ្លះ​មាន​កម្ពស់​២​ជាន់ ដែលរៀបចំឡើង​ជាមួយ​នឹង​ការតុបតែង​ដ៏ទាក់ទាញ ​ព្រម​ទាំង​មាន​កន្លែង​លក់​អាហារ​ច្រើន ​ប្រភេទ និង​ច្រើន​មុខ​រួម​មាន​ម្ហូបអាហារ​បែប​ខ្មែរ កូរ៉េ និង​ម៉ិកស៊ិក​ជាដើម​។

នាយិកា​គ្រប់គ្រង​ទូទៅ​នៃ Golden Sorya Mall លោកស្រី វ៉ាន់ ប៉ូលីនបានមានប្រ​សាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា Phnom Penh Pub Street ជា​ប្រភេទ​គម្រោង​ដែល​មាន​ការពេញនិយម​ខ្លាំង​នៅ​បរទេស​។ វា​ទទួល​បាន​ភាពជោគជ័យ​ខ្លាំង​នៅ​ទីក្រុង​បាងកក ហើយ​វា​នឹង​អាច​ទាក់ទាញ​សម្រាប់​ប្រជាជន​ខ្មែរ​ព្រមទាំង​ជនបរទេស​ផងដែរ​។

អ្នកជំនាញផ្នែក​អចលនទ្រព្យ​បាន​ថ្លែងឲ្យដឹងថា លោក​ជឿ​ថា​គម្រោង​នេះ​ មាន​គុណ​សម្បត្តិ​យ៉ាងច្រើន​សម្រាប់​តំបន់​នេះ​។ ​ខ្ញុំ​ជឿជាក់​ថា​គម្រោង Golden Sorya Mall អាច​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ហាង​ផ្សេងៗ និង​អាផាតមិន​ដែល​នៅ​ក្បែរ​នោះ ​ដោយ​សារ​តែ​វា​នឹង​មាន​អ្នក​ទៅ​កម្សាន្ត​ ២៤ ​ម៉ោង​រួម​ទាំង​មាន​វត្តមាន​មនុស្ស​កាន់តែ​ច្រើន​នោះ វា​នឹង​ធ្វើឲ្យ​តំបន់​នេះ​កាន់តែ​មាន​សុវត្ថិភាព ភាព​រីករាយ និង​កាន់តែ​ទាក់ទាញ​ក្នុង​រយៈពេល​ដ៏យូរអង្វែង​»​។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា យើងស្វាគមន៍នូវការរៀបចំបែបនេះ ព្រោះវាជាផ្នែកមួយនៃផលិតផលទេសចរណ៍ ដែលនឹងផ្តល់កន្លែងកំសាន្តដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិកាន់តែច្រើនថែមទៀត ខណៈក្រុងភ្នំពេញមិនសូវមានកន្លែងកំសាន្តនាពេលរាត្រីនៅឡើយ។លោកបន្តថា យើងស្នើឲ្យមានការវិនិយោគបន្ថែមនូវផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍កំសាន្ត និងឲ្យពួកគេស្នាក់នៅកាន់តែយូរនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here