អស្ចារ្យ! រយៈពេល៦ឆ្នាំវិស័យសំណង់ស្រូបយកទឹកប្រាក់ជិត ២៥ពាន់លានដុល្លារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ វិស័យសំណង់បានផ្លាស់ប្តូរមុខមាត់ប្រទេសកម្ពុជាយ៉ាងលឿន ស្ទើមិនគួរឲ្យជឿ ដោយរយៈពេលត្រឹម៦ឆ្នាំវិស័យនេះ បានស្រូបយកទឹកប្រាក់ជិត២៥ពាន់លានដុល្លារអាមេរិក។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយពីសៀវភៅសុវត្ថិភាព ក្នុងការដ្ឋានសំណង់ នាព្រឹកថ្ងៃទី កាលពីថ្ងៃម្សិលម៉ិញលោកឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដីនគរូបនិយកម្ម និងសំណង់បានបង្ហា​ញពីការរីកចម្រើននៃវិស័យសំណង់កម្ពុជា ដោយទឹកប្រាក់វិនិយោគលើវិស័យសំណង់ចាប់តាំងពីឆ្នាំ ២០១១រហូតដល់ឆ្នាំ២០១៧។

ក្នុងរយៈពេលពីឆ្នាំ៦ឆ្នាំ ការវិនិយោគលើវិស័យនេះមានចំនួន១៥,៧៨២គម្រោង ស្មើនឹងទំហំទឹកប្រាក់ប្រមាណ២៤,៨៣៩លានដុល្លារអាមេរិក។

លោកឆាន់ សូរ្យផលបានបន្ថែមថា គិតត្រឹមរយៈពេល ១៧ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០០០មកដល់ឆ្នាំ ២០១៧ វត្តមានអាគារខ្ពស់ៗប្រណីតនៅកម្ពុជា មានចំនួនរហូតដល់៩៧៩អាគារបានសាងសង់ឡើង។ អគារខ្ពស់ៗប្រណីតទាំងនេះ រួមមាន អាគារដែលមានកំពស់ចាប់ពី៥ជាន់រហូតដល់៤០ជាន់ឡើងទៅ។ ក្នុងនោះអាគារ ដែលមានកំពស់ចាប់ពី៥ជាន់ដល់៩ជាន់ មានចំនួន៥៧៩អាគារ ហើ​យអាគារដែលមានកម្ពស់១០ជាន់ដល់១៩ជាន់មានចំនួន២៩០អាគារ។ រីឯអាគារដែលមានកំពស់ចាប់ពី២០ជាន់ ដល់២៩ជាន់មានចំនួន៧០អាគារ ហើយអាគារដែលមានកំពស់ចាប់ពី៣០ ជាន់ដល់៣៩ជាន់មានចំនួន២៩អាគារ ជាពិសេសអាគារដែលមានកំពស់ ចាប់ពី៤០ជាន់ឡើងវិញមានចំនួន១១អាគារ។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនអចលនទ្រព្យលំដា​ប់ពិភពលោក CBRE Cambodia បានថ្លែងថា វិស័យសំណង់បានរួមចំណែកដល់​កំនើនសេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង ហើយវិស័យនេះបានផ្លាស់ប្តូរមុខមាត់កម្ពុជា និងធ្វើឲ្យកម្ពុជាលេចឡើងកាន់តែខ្លាំងលើឆាកអន្តរជាតិ។

អ្នកនាងបន្តថា “ពីមុនគេមិនសូវស្គាល់កម្ពុជាទេ ប៉ុន្តែពេលនេះមនុស្សភាគច្រើនបានស្គាល់កម្ពុជានិងទី​ក្រុងភ្នំពេញ ដោយសារកំនើនវិនិយោគក្នុងវិស័យនេះ”។អ្នកនាងបន្តថា “ដោយសារកំនើនសេដ្ឋកិច្ច និងបរិយាកាសនយោបាយ​ល្អ បានធ្វើឲ្យកម្ពុជាស្ថិតក្នុងគោលដៅនៃការវិនិយោគបរទេស”។

លំហូរទុនវិនិយោគពីបរទេសសរុបកាលពីឆ្នាំ២០១៦ ២០១៧នៅកម្ពុជាមានទំហំខ្ពស់ជាងប្រទេសថៃ និងប្រទេសវៀតណាមដែលនៅជិតកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here