អស្ចារ្យ! OCIC គ្រោងបង្កើតកោះមាសដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅតំបន់កោះនរា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្នុងផែនការប្រកបដោយមហិច្ឆតាមួយ ក្រុមហ៊ុនOCICគ្រោងរៀបចំកោះសប្បនិម្មិតមួយ”កោះមាស” ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅតំបន់កោះនរា ស្ថិតក្នុងសង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ។

យោងតាមប្រភពព៌តមានច្បាស់ការណ៍ ពីសាលាក្រុងភ្នំពេញបានឲ្យដឹងនាព្រឹកថ្ងៃទី៤ ឧសភានេះថា ដោយសារតំបន់កោះពេជ្របានក្លាយជាតំបន់ដ៏ទាក់ទាញ និងជាតំបន់​ដែលមានការអភិវឌ្ឍលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មចង្អៀតរួចទៅហើយ ទើបក្រុមហ៊ុននេះបានដាក់សំណើរទៅរដ្ឋាភិបាល ដើម្បីចាក់ដីនៅតំបន់កោះនរាចូលក្នុងទន្លេ​ប្រមាណ៤០០ម៉ែត្រ និងមានបណ្តោយរង្វង់ពីរគីឡូម៉ែត្រ ដើម្បីកសាងកោះសប្បនិម្មិត​មួយ គឺកោះមាស។

ប្រភពដដែលបានបន្តថា កោះមាសនឹងមានការអភិវឌ្ឍស្រដៀងគ្នានឹងកោះពេជ្រ ផងដែរ ដោយសារការរីកចម្រើនក្រុងភ្នំពេញ ស្របពេលសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរីកចម្រើន ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំ  រយៈពេលវែងរបស់កម្ពុជា។

ទោះជាយ៉ាងណាមន្រ្តីរូបនោះ មិនទាន់បង្ហើបឲ្យដឹងពីគម្រោងនេះនឹងចាប់ផ្តើមនៅពេលណា និងចំណាយទុនវិនិយោគប៉ុន្មានរយលានដុល្លារនៅឡើយទេ។

ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនគេហទំព័រ Propertyarea.asia លោកលាងគង់ យិន ដែលតាមដាន​ដំណើរវិវត្តន៍រីកចម្រើន ក្នុងវិស័យអចលនវត្ថុកម្ពុជាបានថ្លែងថា ការអភិវឌ្ឍន៍បែបនេះ ពិតជារឿងល្អប្រសើរណាស់ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ហើយការជ្រើសរើសទីតាំងនៅជាប់មាត់ទន្លេ ឬមាត់សមុទ្រគឺជាការជ្រើសរើសត្រឹមត្រូវ ព្រោះប្រទេសណាក៏ដោយ ក៏ពួកគេនិយមកសាងទីក្រុងរបស់ខ្លួននៅជាប់មាត់ទន្លេឬសមុទ្រផងដែរ ដោយសា​រទន្លេ និងសមុទ្រជាតំបន់មានទេសភាពស្រស់ស្អាត និងមានខ្យល់អាកាសបរិសុទ្ឋ ជាទីពេញនិយមសម្រាប់ការរស់នៅរបស់ប្រជាជាតិនិមួយៗ។

ទោះជាយ៉ាងណាលោកជំរុញឲ្យក្រុមហ៊ុននេះ គួរមានការសិក្សាពីបរិស្ថាន និងលំហូរទឹកឲ្យបានច្បាស់លាស់ ដើម្បីបង្ការការបាក់ច្រាំងនៅផ្នែកណាមួយនៃក្រុងភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here