អ៊ុយរ៉ូហ្កាយ បង្ហាញបំណងជូនដល់វិស័យប្រពៃណីកម្ពុជា

0

ភ្នំពេញ៖ ប្រទេសអ៊ុយរ៉ាហ្គាយ ដែលស្ថិតនៅក្នុងទ្វីបអាមេរិចខាងត្បូង បានបង្ហាញចេតនាចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗផ្នែកកសិកម្មដល់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម សំដៅផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស និងធ្វើពិពិធកម្មការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

គម្រោងនេះ ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សាការងាររវាងលោកជំទាវ អែលសា នូរីបូហ្សាន់ បេនហ្សាណូ (Elsa Nury Bauzan Benzano) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋអ៊ុយរ៉ូហ្កាយ ប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបជូន ឯកឧត្តមរដ្ឋលេខាធិការ អំពីបច្ចេកវិទ្យាទំនើបៗរបស់អ៊ុយរ៉ាហ្គាយ ដែលមានអត្ថប្រយោជន៍សម្រាប់វិស័យប្រពៃណី (វិស័យកសិកម្ម) និងបានចែករំលែកពីស្ថានភាពសេដ្ឋកិច្ចអ៊ុយរ៉ាហ្គាយ និងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជិតខាង។ លើសពីនេះ លោកជំទាវបានស្នើឲ្យកម្ពុជា ពិចារណាប្រើប្រាស់សក្តានុពលកំពង់ផែ Montevideo ជាច្រកពាណិជ្ជកម្ម ដើម្បីនាំចេញទំនិញទៅចែកចាយនៅក្នុងទីផ្សារអាមេរិកខាងត្បូង ដែលមានប្រជាជនជាង ៤០០លាននាក់ ដោយពុំចាំបាច់បង់ពន្ធកំពង់ផែ។

ជាការឆ្លើយតប ឯកឧត្តម ឱក ប៊ុង បានថ្លែងអំណរគុណ និងកោតសរសើរដល់លោកជំទាវ អែលសា នូរីបូហ្សាន់ បេនហ្សាណូ ដែលបានផ្តល់ព័ត៌មានល្អៗដល់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ុយរ៉ាហ្គាយ ជាពិសេសទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការពេញចិត្តទាំងស្រុង ចំពោះសំណើរបស់លោកជំទាវឯកអគ្គរដ្ឋទូត និងបានណែនាំដល់មន្ត្រីក្រោមឱវាទ ធ្វើកិច្ចសហការជាមួយស្ថានទូតអ៊ុយរ៉ាហ្គាយ លើគម្រោងអភិវឌ្ឍន៍វិស័យកសិ-ពាណិជ្ជកម្មនេះ។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបលោកជំទាវឯកអគ្គរដ្ឋទូត អំពីស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេសលទ្ធផលនៃការប្រឹងប្រែងចរចាបើកទីផ្សារថ្មីៗ និងការការនាំចេញទៅកាន់ទីផ្សារសំខាន់ៗនៅក្នុងតំបន់ និងពិភពលោក ដែលមានកំណើនប្រមាណជាង ១៨% ក្នុងចន្លោះឆ្នាំ២០១៦ ដល់ ២០១៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here