អ្នកជំនាញថា ទីក្រុងភ្នំពេញត្រូវការដីសាងសង់លំនៅដ្ឋាន៣៦០០ហិកតានៅត្រឹមឆ្នាំ២០៣០

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ស្របពេលតម្រូវការដីធ្លីកំពុងកើនឡើងទាំងតម្លៃ និងទំហំផ្ទៃដី អ្នកជំនាញក្នុងវិស័យនេះបានអះអាងថា នៅទីក្រុងភ្នំពេញត្រូវការដីលំនៅដ្ឋានចំនួន៣៦០០ហិកតាបន្ថែមទៀត គិតត្រឹមឆ្នាំ២០៣០ខាងមុខ។

លោកង៉ែត ជូអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យបានថ្លែងលើកឡើងកាលពីសប្តាហ៍មុនថា ចូរវិនិវិយោគប្រកបដោយចក្ខុវិស័យ ត្រឹមឆ្នាំ២០៣០ ក្រុងភ្នំពេញមានតំរូវការដីសំរាប់លំនៅដ្ឋានដ៏ធំរហូតដល់ប្រមាណ៣៦០០ហិកតា ឬស្មើនឹងជាង២៤ដងនៃផ្ទៃដីបឹងកក់ទាំងមូល។ លោកបន្តថា “តាមការវិភាគលើទិន្នន័យ នៃតំរូវការលំនៅដ្ឋាននៅក្រុងភ្នំពេញ ខ្ញុំអាចព្យាករណ៍ថា ក្នុង១ឆ្នាំៗមានតំរូវការដីសំរាប់លំនៅដ្ឋានប្រមាណ៣០០ហិកតា ឬស្មើនឹងជាង២ដងនៃផ្ទៃបឹងកក់ទាំងមូល”។

លោកបន្តថា ការអះអាងនេះដោយផ្អែកលើមូលដ្ឋានមួយចំនួន ដូចជាទី១ ជាមធ្យមក្នុង១ឆ្នាំៗ ប្រជាជនក្រុងភ្នំពេញត្រូវការផ្ទះចំនួនប្រមាណ២ម៉ឺន។ បើផ្ទះ១ល្វែងត្រូវការផ្ទៃដីប្រហែល១០០ ម៉ែត្រការ៉េ នោះនឹងមានតំរូវការដីប្រមាណ២០០ហិកតា ប៉ុន្តែក៏ត្រូវគិតគូរពីដីសំរាប់ធ្វើផ្លូវ សួន សាលារៀន និងផ្សារផងដែរ ដូច្នេះនឹងត្រូវការដីបន្ថែមប្រមាណ១០០ហិកតាទៀត។ ជារួមក្នុង១ឆ្នាំៗភ្នំពេញត្រូវការប្រមាណ៣០០ហិកតា សំរាប់សង់លំនៅដ្ឋាន។

មូលដ្ឋានទី២ ផ្ទៃដីបឹងកក់ទាំងមូល មានទំហំប្រមាណ១៣៣ហិកតា ដូច្នេះតំរូវការដីប្រមាណ៣០០ហិកតាខាងលើ ស្មើនឹងជាង២ដងនៃផ្ទៃដីបឹងកក់ទាំងមូល ។ទី៣បើ១ឆ្នាំៗ មានតំរូវការដីសំរាប់លំនៅដ្ឋានប្រហែលជាង២ដង នៃផ្ទៃដីបឹងកក់នោះ ក្នុងរយៈពេល១២ឆ្នាំ​ទៅមុខទៀត (២០១៩-២០៣០) ក្រុងភ្នំពេញនឹងមានតំរូវការដីសំរាប់លំនៅដ្ឋានប្រមាណជាង២៤ដងនៃផ្ទៃបឹងកក់។ នេះជាតំរូវការដ៏ធំ ដែលមិនទាន់គិតពីតំរូវការផ្សេងទៀតដូចជាដីសំរាប់ធ្វើឃ្លាំង រោងចក្រ។ល។

មូលដ្ឋានទី៤ គឺបើយោងតាមតំរូវការខាងលើ បើជាបុគ្គលយើងអាចធ្វើផែនការក្នុងការវិនិយោគដីធ្លីសំរាប់រយៈពេលវែង ដើម្បីចាប់យកឱកាសពីតំរូវការនេះ។ សំរាប់រដ្ឋាភិបាល រដ្ឋាភិបាលគួរមានផែនការមេសំរាប់អភិវឌ្ឍន៍ក្រុង ក្នុងរយៈពេល១០០ឆ្នាំទៅមុខទៀត។ ក្រុងភ្នំពេញសព្វថ្ងៃ ជាការផ្តួចផ្តើមកសាងដោយបារាំងកាលពី១០០ឆ្នាំមុន ដូច្នេះមិនអាចឆ្លើយតបសមស្របតាមតំរូវការ នៃកំណើនប្រជាជននាពេលបច្ចុប្បន្ន និងអនាគតបានទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here