អ្នកជំនាញថា បន្តិចទៀតដល់ពេលភ្នាក់ងារអចលនទ្រព្យលែងយកប្រាក់ខែហើយ

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបាននិយាយថា នាពេ​លអនាគតភ្នាក់ងារ​អចលនទ្រព្យ​នៅ​ក​ម្ពុជា នឹងធ្វើការដោយលែងគិតរឿងប្រាក់ខែទៀតហើយ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅពេល​អនាគត ៥-១០ឆ្នាំទៀត បុគ្គលិកដែលជាភ្នាក់ងារអចលនទ្រព្យ នឹងធ្វើការលែងយកប្រាក់ខែហើយ។ វាជានិន្នាការ​ដូចគ្នា​នឹងប្រទេសជឿនលឿននានា ព្រោះដូចជាសហរដ្ឋអាមេរិក ជប៉ុន សឹង្ហបុរីជាដើម​ពួកគេលែង​គិត​រឿងប្រាក់ខែហើយ ពួកគេយកកម្រៃជើងសារជំនួសវិញ និងបាន​ទទួលប្រាក់ច្រើនជាងការយកប្រាក់ខែ។លោក​បន្តថា “នៅពេលបុគ្គលិកយកប្រាក់ខែ មានន័យថាពួកគេដូចកំណត់ ភាពមានកំណត់របស់ខ្លួន ប៉ុន្តែការ​យក​កម្រៃជើងសារ ពួកគេអាចពង្រីកមូលដ្ឋាន​ចំណូលរបស់ខ្លួន និងកាន់តែធ្វើការសកម្ម និងប្រកបដោយ​ឆន្ទៈជាងមុន”។

លោក ​សុខនីម បានបន្តថា ការយកកម្រៃជើងសារបានច្រើនជាង ឧទាហរ​ណ៍ពួកគេលក់អចលនទ្រព្យ​មួយបាន​តម្លៃ១លានដុល្លារ ពួកគេទទួលបានកម្រៃជើងសារ 3 ភាគរយ មានន័យថា ពួកគេអាច​ទទួលបាន៣០,០០០ដុល្លារ តើចំនួននេះស្មើនឹងប្រាក់​ខែពួកគេប៉ុន្មានឆ្នាំ??។ លោកបន្តថា ប៉ុន្តែដើម្បីធ្វើការងារ​ដោយ​ឯករាជ្យខ្លួនឯងបាន ពួកគេត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ពង្រីកបណ្តាញទំនាក់ទំនងក្នុងសង្គម កសាង​មូលដ្ឋាននៃទំនុកចិត្តឲ្យបាន និងអាចជួយអតិថិជនអាចស្វែងរក បាននូវព៌តមាន​ច្បា​ស់លាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here