អ្នកវិនិយោគក្នុងស្រុកស្នើរដ្ឋាភិបាលវិនិយោគលើវិស័យពាណិជ្ជកម្មក្នុងខេត្តត្បូងឃ្មុំ

0

ដោយគង់ សូរិយា

ភ្នំពេញ អ្នកវិនិយោគក្នុងស្រុកបានសំណូមពរឲ្យរដ្ឋាភិបាល វិនិយោគបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ឋបំរើវិស័យពាណិជ្ជកម្ម ក្នុងក្រុងនៃទីរួមខេត្តត្បូងឃ្មុំ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋចូលទៅរស់នៅ និងធ្វើសកម្មភាពពាណិជ្ជកម្មក្នុងខេត្តថ្មីនេះ។

លោកវេង ស៊ីគួរអ្នកវិនិយោគគំរោងភូមិឋានសុភមង្គល ជាគំរោងពុះដីឡូត៍លក់ដែលស្ថិតនៅលើផ្ទៃដី២០ហិកតា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ ឧសភានេះថា បច្ចុប្បន្នទីក្រុងថ្មីនេះមិនទាន់មានមនុស្សចូលទៅរស់នៅនៅឡើយទេ ហេតុនេះលោកចង់ឲ្យរដ្ឋាភិបាលបោះជំហ៊ានទៅមុន មុនវិស័យឯកជនចូលទៅតាមក្រោយ ព្រោះអ្នកវិនិ​យោគនឹងមិនហ៊ានបោះទុនច្រើននោះទេ ដោយសារបារម្ភពីការខាតបង់។លោកបន្តថា ហេតុនេះរដ្ឋាភិបាលគួរបង្កើតផ្សារមួយ និងផ្តល់ឲ្យប្រជាជនលក់ដោយឥតគិតថ្លៃ ដើម្បីទាក់ទាញមនុស្សចូលទៅរស់នៅទីក្រុងថ្មីនេះ។

លោកបន្តថា “ខ្ញុំមានគំរោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ ចន្លោះពី៣ទៅ៤ម៉ឺនដុល្លារសម្រាប់លក់នៅ​ក្នុងទីក្រុងថ្មីនេះ ប៉ុន្តែលំនៅដ្ឋានបែបនេះមិនទាន់មានតម្រូវការនៅឡើយទេ ដោយសារប្រជាជនមិនទាន់ចូលទៅរស់នៅ និងកំពុងរង់ចាំមើលគ្នា ក៏ដូចជារង់ចាំគំរោងហេដ្ឋារចនា​សម្ព័ន្ឋពីរដ្ឋាភិបាល

លោកវេង ស៊ីគួរបានបន្តថា “អ្វីសំខាន់នាពេលនេះ គឺរដ្ឋាភិបាលត្រូវដើរជាមុន ប៉ុន្តែបើទុកស្ថានភាពឲ្យនៅបែបនេះ ប្រជាជននឹងមិនចូលទៅរស់នៅទីក្រុងនេះទេ ពួកគេកំពុរង់ចាំមើលគ្នា”។

ក្រុងត្បូងឃ្មុំ ជាទីក្រុងគំរូមួយសម្រាប់កម្ពុជា ដែលរៀបចំឡើងដោយក្រសួងរៀបចំ​ដែនដី នគរូបនីយកម្មនិងសំណង់។ ទីក្រុងនេះមានការរៀបចំប្លង់គោល បែងចែកតំបន់ពាណិជ្ជកម្ម តំបន់លំនៅដ្ឋាន និងតំបន់រដ្ឋបាលពិសេស ពិសេសមានការរៀបចំបែងចែកប្រព័ន្ឋទឹកភ្លៀង និងទឹកកកខ្វក់ដាច់ពីគ្នា។

អគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបលោកឧកញ៉ាលី ហួរបានគ្រោងនឹងសាងសង់ផ្សារ និងលំនៅដ្ឋាននៅក្នុងទីក្រុងថ្មីនេះនាពេលអនាគត។

លោកឧកញ៉ាបានថ្លែងឲ្យដឹងថា លោកមានគំរោងវិនិយោគផ្សារ និងលំនៅដ្ឋាននៅ​ក្នុងទីក្រុងត្បូងឃ្មុំបន្ទាប់ពីការបោះឆ្នោតរួច ប៉ុន្តែគំរោងនេះនឹងដំណើរការឬអត់មិនទាន់ច្បាស់លាស់នៅឡើយទេ ព្រោះទាមទារការសិក្សាច្បាស់លាស់សិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here