ដោយវុត្ថា
ភ្នំពេញ៖ ប្រតិភូខេត្តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីបំណងវិនិយោគលើការផលិតខ្សែអគ្គិសនី និងរៀបចំប្រព័ន្ធទឹកស្អាតនៅក្នុងខេត្តកែប និងខេត្តកំពត ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបជាមួយលោកប៉ាន សូស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោកឆឹន អ៊ូ អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី កាលពីថ្ងៃទី២៣ មេសាកន្លងមកនេះ លោកឆឹន អ៊ូ បានស្នើក្រសួងពាណិជ្ជកម្ម ជួយគាំទ្រគម្រោងវិនិយោគនេះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងខេត្តក្វាងស៊ី និងកម្ពុជា។ លោកបន្តថា នៅកម្ពុជាមានក្រុមហ៊ុនមកពីខេត្តក្វាងស៊ីជាច្រើន កំពុងធ្វើប្រតិបត្តិការអាជីវកម្ម រាប់តាំងពីវិស័យកសិកម្ម សំណង់ និងប្រព័ន្ធផ្សព្វផ្សាយដូចជា ទូរទស្សន៍ NiceTV ជាដើម។
លោកបន្តថា “ខ្ញុំនឹងខិតខំកៀងគរវិនិយោគិនខេត្តក្វាងស៊ី ឲ្យចូលមកបណ្តាក់ទុនច្រើនថែមទៀតនៅកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវាត់មួយ ដែលផ្តួចផ្តើមដោយ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន”។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្តិ បានសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះគម្រោងវិនិយោគរបស់ខេត្តក្វាងស៊ី និងបានសន្យាជួយសម្រួលគម្រោងនេះឲ្យលេចរូបរាងឡើងនាពេលអនាគត។ លោកសូរស័ក្តិបានស្នើឲ្យអភិបាលខេត្ត និងវិនិយោគិនខេត្តក្វាងស៊ី ពិចារណាវិនិយោគលើការសាងសង់ឡសម្ងួត ទិន្នផលកសិកម្ម និងកែច្នៃកសិផលមួយចំនួនដូចជា ស្រូវ ស្វាយ ពោត និងដំឡូងមី ដើម្បីនាំចេញទៅកាន់ប្រទេសទីបី។
គោលបំណងសំខាន់ នៃដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តក្វាងស៊ី មកកម្ពុជានាពេលនេះ គឺដើម្បីអញ្ជើញមន្រ្តីជាន់ខ្ពស់កម្ពុជា ចូលរួមពិព័រណ៍ចិន អាស៊ាន លើកទី១៥ ដែលនឹងធ្វើឡើងពីថ្ងៃទី១២-១៥ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីងនៃតំបន់ស្វយ័តក្វាងស៊ី ក្រោមប្រធានបទ “រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ លើកិច្ចសហប្រតិបត្តិការនៃភាពច្នៃប្រឌិតថ្មី ចិន-អាស៊ាន”។ ពិព៌ណលើកនេះ កម្ពុជាត្រូវធ្វើជាប្រទេសកិត្តិយស បន្ទាប់ពីប្រ៊ុយណេ។
ពិព័រណ៍ចិន អាស៊ាន គឺជាវេទិការប្រចាំឆ្នាំ ផ្តួចផ្តើមឡើងដោយ លោក វេន ជាបាវ អតីតនាយករដ្ឋមន្រ្តីចិន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី៧ ហើយទទួលបានការគាំទ្រពីបណ្តាថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំងអស់។ ពិពរ័ណនេះ ផ្តោតសំខាន់ទៅលើការតាំងបង្ហាញផលិតផលប្រើប្រាស់ និងសេវាកម្មទូទៅ អមដោយការរៀបចំវេទិកាធុរកិច្ច និងពាណិជ្ជកម្ម ព្រមទាំងកិច្ចប្រជុំនានាពាក់ព័ន្ធកិច្ចសហការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងអាស៊ាន៕