កម្ពុជានឹងរៀបចំកិច្ចពិព័រណ៍ និងកិច្ចប្រជុំអចលនទ្រព្យកម្រិតពិភពលោក

0

ដោយដែន ចែងចាំង

ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជា (CVEA) នឹងរៀបចំពិព័រណ៍និងសន្និសីទលំដាប់ពិភពលោក ដោយមានអ្នកជំនា​ញអចលនទ្រព្យ៧០០នាក់មកពីជុំវិញពិភពលោកចូលរួម។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី៧ មិនានេះថា The ARENA Convention& Expo ២០១៨ នឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ដល់២៦សីហាខាងមុខនេះ ដោយនឹងមានអ្នកចូលរួមប្រមាណ៧០០នាក់ ក្នុងនោះ៣៥០នាក់ នឹងអញ្ជើញមកពីជុំវិញពិភពលោក ដូចជា តំបន់អាស៊ាន អឺរ៉ុប ចិន កូរ៉េ ជប៉ុន អូស្រ្តាលី ព្រមទាំងអាមេរិក និងមានការចូលរួមពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុចូលរួមប្រមាណ៣៥០នាក់ទៀត។

ប្រធានបទនៃវេទិកាដ៏ធំនេះ “តើការរកស៊ីអចលនទ្រព្យនៅលើពិភពលោកគេធ្វើបែបណា?” ដោយមានការចូលរួមពីវាគ្មិន១២រូប ដែលជាប្រធានសមាគមអចលនទ្រព្យមកពី១២ប្រទេស។

យោងតាមសេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសគណកម្មការសម្រាប់កម្មវិធី ERANA Convention & Expo 2018 របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជា ដែលបានចេញកាលពីម្សិលម៉ិញនេះបានឲ្យដឹងថា សមាគមត្រូវការជ្រើសរើសគណកម្មការ សម្រាប់រៀបចំកម្មវិធីខាងលើនេះ ដែលសមាគម CVEA ធ្វើម្ចាស់ផ្ទះនិងជាប្រធានប្តូរវេនផង។ ក្នុងកម្មវិធីនេះសមាគមត្រូវរៀបចំគណកម្មការ ដែលមានសមាសភាពចំនួន២០រូប ដែលជាប្រធានក្រុមហ៊ុន សមា​ជិក សមាជិការបស់សមាគម ដើម្បីរៀបចំដំណើរការកម្មវិធីនេះ ឲ្យប្រព្រឹត្តិទៅដោ​យរលូនតាមការគ្រោងទុក ដើម្បីផ្តល់ឱកាសឲ្យសមាជិកសមាគម បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយអ្នកជំនាញអចលនវត្ថុពីក្រៅប្រទេសផងដែរ៕

- Advertisement -
ចែករំលែក