កម្ពុជា-បង់ក្លាដែស បង្កើនកាលានុវត្តន៍ភាពថ្មីដើម្បីបង្កើនទំហំពាណិជ្ជកម្ម

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្នុងគោលដៅផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ប្រទេសកម្ពុជា និងបង់ក្លាដែស បានសន្យាពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានដល់ទឹកប្រាក់១០០លានដុល្លារ នៅត្រឹមឆ្នាំ២០២០។

ក្នុងជំនួបជាមួយលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក តូហ្វែល អាមេត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង់ក្លាដែស ដែលរៀបចំឡើង កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ម្សិលម៉ិញនេះ លោកប៉ាន សូរស័ក្តិ បានជំរុញឲ្យភាគីបង់ក្លាដែស គោរពកិច្ចព្រមព្រៀងទិញអង្ករពីកម្ពុជាចំនួន១លានតោន សម្រាប់រយៈពេល៥ឆ្នាំ (២០១៧-២០២២) ដែលបានចូលជាធរមានកាលពីឆ្នាំ២០១៧ និងធ្វើការនាំចូលនូវផលិត​ផលកសិកម្មថែមទៀតពីកម្ពុជាដូចជា ដំឡូងមី ពោត និងម្រេច ជាដើម។

លោកតូហ្វែល អាមេតបានទទួលស្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដេស ពិតជានៅមានកម្រិត ដែលទាមទារឲ្យមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែម និងការរៀបចំជំនួបធុរកិច្ច រវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីបង្កើនការដោះដូរទំនិញ និងសេវាកម្មផ្សេងៗ សំដៅឈានទៅសម្រេចផែនការពាណិជ្ជកម្ម ដែ​ល​ប្រទេសទាំងពីរបានកំណត់។

បើតាមស្មារតីនៃកិច្ចប្រជុំបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះនឹងត្រូវរៀប​ចំឲ្យបានរួចរាល់នៅក្នុងខែឧសភា ដើម្បីដាក់ឆ្លងគណៈរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ធ្វើការត្រួតពិនិត្យ មុនពេលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

យោងតាមរបាយការណ៍ពីស្ថានទូតបង់ក្លាដែស​បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេ​រ​ភាគីរវាងកម្ពុជា និងបង់ក្លាដែសនៅក្នុងឆ្នាំ ២០១៥ មានត្រឹមតែ៦លានដុល្លារប៉ុណ្ណោះ​ ខណ:ដែលប្រទេសទាំងពីរមានធនធាន​ច្រើន​ និងលទ្ធភាពខ្ពស់សម្រាប់កិច្ចសហការលើវិស័យពាណិជ្ជកម្ម។

លោកប៉ាន សូរស័ក្តិ បានរំលឹកឡើងវិញនូវខ្លឹមសារ នៃអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងសំខាន់ៗ ដែលកម្ពុជានិងបង់ក្លាដែស បានចុះហត្ថលេខាជាមួយគ្នាកា​ល​ពីចុងឆ្នាំ ២០១៧ និងបានទទូចដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តអនុវត្តន៍លក្ខខណ្ឌដែលបានចែងប្រកបដោយស្មារតីយោគយល់ខ្ពស់។

កាលពីចុងឆ្នាំ២០១៧ ប្រទេសកម្ពុជា និងបង់ក្លាដេស បានចុះហត្ថលេខាលើអនុស្សារណៈចំនួន៩ ដែលផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យទេស​ចរណ៍ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មរួម ការអនុវត្តគោលដៅអភិវឌ្ឍន៍និរន្តរភាពឆ្នាំ២០៣០ ការបណ្ដុះបណ្ដាលការងារនិងវិជ្ជាជីវៈ ការការពារកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងស្លាកស្នាមសង្គ្រាម ការវិនិយោគលើវិស័យជលផល និងវារីវប្បកម្ម កិច្ចសហការស្រាវជ្រាវរវាងវិទ្យាស្ថានសិក្សាអន្តរជាតិកម្ពុជា និងវិទ្យាស្ថានយុទ្ធសាស្រ្តសិក្សាបង់ក្លាដែស ព្រមទាំងការជំរុញវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអាជ្ញាធរអភិវឌ្ឍន៍វិនិយោគបង់ក្លាដែស៕

- Advertisement -
ចែករំលែក