កំនើននៃការផ្គត់ផ្គង់បានធ្វើឲ្យអាផាតម៉ិនមួយចំនួនកែជាសណ្ឋាគារ

1

ដោយ : ដែន ចែងចាំង
ភ្នំពេញ : ទីផ្សារអាផាតម៉ិនទំនងជាឆ្អែតហើយ ខណៈម្ចាស់អាផាតម៉ិនមួយចំនួនបាន​ចាប់ផ្តើមធ្វើការកែប្រែអាផាតម៉ិនរបស់ខ្លួន មកធ្វើជាសណ្ឋាគារជំនួសវិញ ប៉ុន្តែអ្នកជំនាញបានព្រមានថា “វានឹងស្លាប់”ព្រោះទីផ្សារសណ្ឋាគារបច្ចុប្បន្ន ក៏មិនមានសភា​ពល្អនោះដែរ។

លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះមានអាផាតម៉ិននៅសង្កាត់ទន្លេបាសាក់ សង្កា​ត់បឹងកេងកង១ និងសង្កាត់មួយចំនួនទៀត បានធ្វើការកែប្រែទម្រង់ពីអាផាតម៉ិន មកជាសណ្ឋាគារ ដោយសារចំនួនអាផាតម៉ិនផ្គត់ផ្គង់ចូលទីផ្សារ មានច្រើនជាងតម្រូ​វការជាក់ស្តែង ប៉ុន្តែការកែទម្រង់ពីអាផាតម៉ិន មកធ្វើជាអូតែលមិនជោគជ័យនោះទេ។

លោកបន្តថា “វានឹងស្លាប់”ប្រ​សិនជាកែមកធ្វើជាសណ្ឋាគារ ព្រោះកែពីអាផាតម៉ិន មកធ្វើជាអូតែលកែបែបណា​ក៏មិនស្អាតដែរ។ លោកបន្តថា “ការធ្វើអ្វីតាមគ្នាមានគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះការកែពីអា​ផាតម៉ិនមកធ្វើជាសណ្ឋាគារនឹងងាប់។ វាមិនជោគជ័យនោះទេ។ ដោយសារកម្ពុជាមាន​កំណើនភ្ញៀវទេសចរចន្លោះ៥ទៅ៦ភាគរយមួយឆ្នាំ ប៉ុន្តែចំនួនសណ្ឋាគារថ្មីៗក៏​បានបើកដំណើរការច្រើនផងដែរ”។ លោកបន្តថា “មិត្តភក្តិខ្ញុំ បានជួលវីឡាគេបើក​បូទិកអូតែល បាននិងកំពុងដេកស្ងាប និងប្រឈមមុខនឹងការបិទទ្វារហើយ ដោយសារគាត់មិន​បានសួរខ្ញុំ”។
លោកបន្តថា“គាត់ធ្វើតាមគេ ខណៈសណ្ឋាគារតូចៗនៅភ្នំពេញ និងសៀម​រាប​មានសណ្ឋាគារតូចៗបាន​បិទទ្វារបណ្តើរៗផងដែរ”។

លោក ឌិន សុមេធារិទ្ធ បានបន្តថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមានសណ្ឋាគារប្រមាណ៤០០ ខេត្តសៀមរាបមាន៥០០សណ្ឋាគារ បាត់ដំបង និងក្រុងព្រះសីហនុ​មានសណ្ឋាគារ១០០ក្នុងខេត្តនិមួយៗ ដែលមានបន្ទប់សរុបប្រមាណ៣០០០០បន្ទប់ និងផ្ទះសំណាក់មានប្រមាណ២០០០០បន្ទប់។

លោកបន្តថា ដោយសារអាផាតម៉ិនធ្វើគំហុកពេក និងធ្វើតាមគ្នាពេក ជាលទ្ធផលវានឹងធ្វើឲ្យទីផ្សារនេះ ប្រឈមមុខនឹងការលំបាក ជាមូលហេតុធ្វើឲ្យអ្នកវិនិយោ គកែអាផាតម៉ិនមកធ្វើជាអូតែល ហើយនៅពេលកែរួច ពួកគេក៏មិនទទួលបានជោគ​ជ័យ​​នោះដែរ។


​យោងតាមសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលបានបញ្ចប់កាលពីដំណាច់ត្រីមាសទី២ដើមឆ្នាំនេះបានរកឃើញថា ​អាផាតម៉ិនចំនួន១៧គំរោងស្មើនឹងផ្ទះចំនួន៨០០យូនីតទៀត នឹងដាក់ចូលក្នុងទីផ្សារនៅដំណាច់ឆ្នាំនេះ ខណៈបច្ចុ​ប្បន្នមានអាផាតម៉ិនចំនួន៦៥០០យូនីត និងខុនដូចំនួន២៩០០​យូនីតបាននិងកំពុងដំណើរការនៅលើទីផ្សាររួចហើយ។

លោក ឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុន Lucky Realty បានថ្លែងទទួលស្គាល់ថា លោកពិតជាទទួលព៌តមានពីការកែអាផាតម៉ិន មកធ្វើជាសណ្ឋាគារពិតមែន ដែល​អាផាតម៉ិនទាំងនោះមានទីតាំងនៅសង្កាត់ទួលស្វាយព្រៃ និងសង្កាត់បឹងព្រលឹតព្រម​​ទាំងទីតាំងមួយចំនួនទៀត ប៉ុន្តែលោកមិនបញ្ជាក់ឲ្យដឹងពីឈ្មោះអាផាតម៉ិនដែល​បានកែប្រែមកធ្វើជាសណ្ឋាគារនោះទេ។ លោកបន្តថា ក្រៅពីកែប្រែអាផាតម៉ិនធ្វើជា​សណ្ឋាគារ ក៏មានអ្នកវិនិយោគមួយចំនួនបានកែខុនដូ ទៅជាខុនដូថែលផងដែរ។

លោកបន្តថា ​“ការកែប្រែខុនដូទៅជាខុនដូថែល ដែលមានលំនាំតាមបែបស ណ្ឋា​គារប្រណីត គឺជាទស្សនទាននៃការអភិវឌ្ឍន៍ថ្មីនៅកម្ពុជា ប៉ុន្តែមិនមែនជារឿងថ្មីសំរាប់​ប្រទេសជឿនលឿននោះទេ”។ លោកបន្តថា “ការកែប្រែអាផាតម៉ិនឬខុនដូមកជាសណ្ឋាគារ ដើម្បីធ្វើឲ្យអាគារណាមួយមានលក្ខណៈពហុមុខងារ នឹងធ្វើឲ្យគំរោងនោះទទួលបានជោគជ័យច្រើនផងដែរ”។


លោក ឌិត ចណ្ណា បានបន្តថា ប្រសិនជាម្ចាស់អាផាតម៉ិនមានការរៀបចំបានល្អ បំពាក់សម្ភារៈបរិក្ខាទំនើប ឆ្លើយតបនឹងសម័យកាលរីកចំរើន មិនចាំបាច់កែមកធ្វើជា​សណ្ឋាគារនោះទេ ផ្ទុយទៅវិញបើជាអាផាតម៉ិនចាស់ វាពិតជាពិបាកទាក់ទាញភ្ញៀវ ដូច្នេះប្រសិនជាម្ចាស់អាផាតម៉ិន ធ្វើការកែលំអរអាគាររបស់ខ្លួនឬកែមកធ្វើជាសណ្ឋាគារ ដើម្បីបន្ថែមសេវាកម្មនិងសម្ភារៈទំនើប ទើបអាចទាក់ទាញភ្ញៀវមកស្នា​ក់នៅ៕

- Advertisement -
ចែករំលែក