ក្រុមហ៊ុន Lion Airline ឥណ្ឌូនេស៊ីសិក្សាជម្រើសពីរដើម្បីហោះត្រង់មកកម្ពុជា

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ក្នុងផែនការតភ្ជាប់ផ្លូវអាកាសពីឥណ្ឌូនេស៊ីមកកម្ពុជា ក្រុមហ៊ុនអាកាសចរ ណ៍ដ៏ធំរបស់ប្រទេសនេះ កំពុងសិក្សាជម្រើសចំនួនពីរ ដើម្បីធ្វើការហោះហើរត្រង់ពីឥណ្ឌូ​នេស៊ីមកទីក្រុងភ្នំពេញ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបាន​ថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា​ ថ្នាក់ដឹកនាំក្រុមហ៊ុន Lion Airline បានមក ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីរៀបចំផែនការ និងសិក្សាពីទីផ្សារហោះហើរត្រង់រវាងប្រទេសទាំងពីរ ដោយមានជម្រើស​ចំនួនពីរ ទី១ គឺការតភ្ជាប់ខ្សែហោះហើរនេះជាមួយប្រទេសក្នុងតំបន់ មុនមកដល់កម្ពុជា និងទី១ ក្រុមហ៊ុននេះអាចបង្កើតក្រុមហ៊ុនអាកាសចរណ៍ថ្មីនៅកម្ពុជា ដើម្បីចាប់ផ្តើមហោះ​ហើរមកកម្ពុជា។

លោកបន្តថា “ការតភ្ជាប់ការហោះហើរត្រង់រវាងប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ដើម្បីជំរុញកំនើនទេសចរណ៍ និងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​បន្ថែមទៀត”។លោកបន្តថា “ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មិនទាន់មានភាពមមា​ញឹកខ្លាំងនោះទេ គឺយើងនៅតែអាចទទួលអាកាសចរណ៍ថ្មីៗចុះចតជាច្រើនទៀត”។

យោងតាមទិន្នន័យពីស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា មានការកើនឡើងប្រមាណ១០ភាគរយក្នុងមួយឆ្នាំ និងមានទំហំទឹកប្រាក់ប្រមាណ២៦០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការតភ្ជាប់ផ្លូវអាកាសតាមរយៈក្រុមហ៊ុន Lion Airline នឹងចាប់ផ្តើមនៅក្រោយពិធីបុណ្យ​ចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយលោករដ្ឋមន្រ្តីបានសម្តែងសុទិដ្ឋិនិយមពីការតភ្ជាប់នេះនឹងជំរុញភឲ្យមានកំណើនភ្ញៀវទេសចរណ៍ លំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរកើនឡើងបន្ថែមទៀត៕

- Advertisement -
ចែករំលែក