ខុនដូផ្តោតលើប្រជាជនមានជីវភាពមធ្យមមានហាងឆេងល្អ

0

ដោយដែន ចែងចាំង

ភ្នំពេញ ស្របពេលចំនួនខុនដូកើនឡើងយ៉ាងគំហុក ការផ្គត់ផ្គង់កំពុងលើ​ស​តម្រូវការលើខុនដូប្រណីត អ្នកជំនាញបាននិយាយថា ការវិនិយោគលើខុនដូសម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម កំពុងមានទីផ្សារល្អនៅកម្ពុជា។

ភាគហ៊ុនិកនៃក្រុមហ៊ុនលំនៅដ្ឋានL កម្ពុជាភ្នំពេញ លោកទុយ ប៊ុនបានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា លោកមិនមានការព្រួយបារម្ភ ពីទីផ្សារខុនដូរបស់លោកនោះទេ ដោយសារខុនដូរបស់លោក ផ្តោតសំខាន់លើអ្នកមានជីវភាពលំដាប់មធ្យម ដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ។លោកបន្តថា ក្រុមហ៊ុនលោកកំពុងសាងសង់ខុនដូគំរោងទី៥ និងកំពុងទទួលបានជោគជ័យក្នុងការ​លក់។

លោកបន្តថា “ខ្ញុំមើលមិនឃើញមានសញ្ញាណាមួយបង្កហានិភ័យ ឬលក់មិន​ចេញនូវខុនដូនោះទេ ព្រោះគំរោងអភិវឌ្ឍន៍របស់យើងផ្តោតចំតម្រូវការទីផ្សារពិតប្រាកដ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិត គីម ហ៊ាងបានថ្លែងថា នៅក្នុងក្រុងភ្នំពេញមានខ័ណ្ឌបី ដែលមានមនុស្សរស់នៅច្រើនជាងគេ និងមិនមានដីទំនេរនោះទេ គឺខ័ណ្ឌចំការមក ដូនពេញ និងខ័ណ្ឌ៧មករា ជាកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន ហើយដីនិងផ្ទះជាប់ដីមានតម្លៃថ្លៃ ហេតុនេះបើចង់ទិញផ្ទះក្នុងតម្លៃ៤ទៅ៦ម៉ឺនដុល្លារ អាចទិញបាននៅជាន់ទី២ឬទី៣ ដែលមិនមានបំពាក់សេវាកម្មជណ្តើរយន្ត និងសេវាកម្មចាំបាច់ជាច្រើនផងដែរ។

លោកបន្តថា “ប្រសិនជាមានអ្នកវិនិយោគខុនដូនៅតំបន់នេះ ក្នុងតម្លៃមធ្យ មខ្ញុំជឿថាវានឹងទទួលបានជោគជ័យ ប្រជាជននឹងជ្រើសរើសទិញខុនដូស្នាក់នៅ ជាជាងទិញផ្ទះល្វែងជាន់ទី២ឬទី៣ ដែលជាផ្ទះចាស់”។លោកបន្តថា “ដីនៅតំបន់ទាំងនេះថ្លៃ ប៉ុន្តែបើសិនជាទិញដីបានសាងសង់កំពស់២០ទៅ៣០ជាន់ តម្លៃគិតជាម៉ែត្រការ៉េនឹងថយចុះ ហេតុនេះពួកគេអាចលក់បានក្នុងតម្លៃ៥ ទៅ៦ម៉ឺនដុល្លារ​ក្នុងមួយយូនីត”។

លោកបណ្ឌិតគីម ហ៊ាងបន្តថា ខុនដួដែលសាងសង់បច្ចុប្បន្នមានតម្លៃចាប់ពី៥៥០ទៅ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហេតុនេះបើសាងសង់មួយយូនីតទំហំ​៣០ទៅ៥០ម៉ែត្រការ៉េ ការលក់ចេញអាចលក់បានក្នុងតម្លៃខាងលើ ហើយ អ្នកវិនិយោគអាចចំណេញ៣០ទៅ៤០ភាគរយបានហើយ៕

- Advertisement -
ចែករំលែក