គំនិតគួរពិចារណា ៖ តើគួរទិញដីពុះឡូត៍ដែរ ឬទេ ?

0

នៅពេលបច្ចុប្បន្ននេះ សកម្មភាពនៃការធ្វើជំនួញលើវិស័យដីធ្លី ដោយការពុះឡូត៍លក់ កំពុងតែកើតមានយ៉ាងផុលផុសស្ទើរគ្រប់ទីកន្លែង។ ជាមួយនឹងរូបភាពនៃការពុះដីឡូត៍លក់នេះផងដែរ គេក៏សង្កេតឃើញមានចំណុចល្អ និងចំណុចអាក្រក់កើតមានចំពោះអ្នកទិញ ត្រូវបានក្លាយខ្លួនជាជនរងគ្រោះ ក្រោមការចាញបោកពួកឈ្មួញខិលខូចផងដែរ។ បើដូច្នេះ តើអតិថិជនគួរពិចារណាទៅលើចំណុចអ្វីខ្លះមុនសម្រេចចិត្តទិញដើម្បីកុំអោយក្លាយទៅជាជនរងគ្រោះ ឬខាតបង់ ?

ជាមួយនឹងប្រធានបទដ៏សំខាន់មួយនេះ ក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យដែលបានចងក្រងជាឯកសារ «ភាពវៃឆ្លាតក្នុងរឿងអចលនទ្រព្យ» បានលើកឡើងថា ៖ ចំពោះការទិញដីឡូត៍គឺមាន 2ប្រភេទ ។           សម្រាប់អ្នកដែលសល់លុយ ពួកគេទិញដីពុះឡូត៍លក់ដោយរំពឹងផលចំណេញពីការឡើងថ្លៃនៅ​ពេល​ខាងមុខ។ ដោយឡែកសម្រាប់អ្នកដែលមានលុយតិចតួច ឬមានកម្រិតជីវភាពមធ្យម ពួកគេគិតថា ទិញដីយកទីតាំងទុកសម្រាប់សាងសង់ផ្ទះផ្ទាល់ខ្លួននៅពេលខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ មុននឹងសម្រេចចិត្តទិញដីពុះឡូត៍លក់ លោកអ្នកត្រូវតែសិក្សាឱ្យបានច្បាស់លាស់អំពីគម្រោងអភិវឌ្ឍដីឡូត៍នោះថាតើមានបណ្តាញអគ្គិសនី មានប្រពន្ធទឹកស្អាត មានប្រពន្ធលូបង្ហូរទឹកត្រឹមត្រូវស្របតាមគម្រោងប្លង់មេរបស់រដ្ឋាភិបាល និងផែនការកំណត់របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែរ ឬទេ ?

កន្លងមកធ្លាប់មានក្រុមហ៊ុនមួយចំនួនតូចបានរកស៊ីធ្វើជំនួញដីធ្លីបោកប្រាស់អតិថិជន ដោយគ្រាន់តែលើកស្លាក និងបំផុសបំផុលអំពីគម្រោងដីពុះឡូត៍របស់ខ្លួនដែលធ្វើឱ្យអតិថិជនជឿជាក់ទុកចិត្ត និងរំពឹងទុកថាជាគម្រោងរបស់រដ្ឋាភិបាល​ ដែលនឹងធ្វើការអភិវឌ្ឍន៍ ហើយខ្លះទៀតបញ្ឆោតថា ក្រុមហ៊ុនរបស់គេ នឹងធ្វើការអភិវឌ្ឍនៅនឹងតំបន់ដីឡូត៍របស់ខ្លួនតែម្ដង ប៉ុន្តែដល់ទីផុតជាក់ស្ដែង វាគ្រាន់តែជាការបោកប្រាស់ ដែលសូម្បីតែផ្លូវបេតុងមួយខ្សែក៏គ្មានផងនោះ ។ កត្តាទាំងអស់នេះហើយ ដែលធ្វើឱ្យឈ្មួញឆបោកកាន់តែរីកចម្រើន ចំណែកឯអតិថិជនក្រីក្រ ស្លូតត្រង់ក្លាយជាជនរងគ្រោះ រហូតមានអ្នកខ្លះត្រូវកប់លុយនៅក្នុងដីទុកចោលរហូតដល់10-20ឆ្នាំ នៅមិនទាន់អាចដកដើមយកមកវិញក៏មាន ហើយបើគិតពីអត្រាការប្រាក់វិញរឹតតែមានចំនួនច្រើន ។

ការទិញដីពុះឡូត៍អាចទទួលបានចំណេញច្រើន លុះត្រាតែដីឡូត៍នោះស្ថិតនៅតំបន់ក្រុង ឬជាយក្រុង ហើយទិញនៅក្នុងតម្លៃមួយដែលទាប និងទិញបានច្រើនឡូត៍។ ប្រសិនបើអ្នកទិញដីពុះឡូត៍សម្រាប់គ្រោងសង់លំនៅដ្ឋានស្នាក់នៅវិញ អ្នកគម្បីសិក្សាឱ្យបានច្បាស់អំពីបរិយាកាសជុំវិញ ដូចជាមានផ្លូវចេញចូល មានបណ្តាញអគ្គិសនី ប្រព័ន្ធទឹកស្អាត និងប្រពន្ធលូរំដោះទឹកត្រឹមត្រូវ ឬទេ , មានលំនៅដ្ឋានប្រជាជនផ្សេងទៀត ឬទេ ហើយវាស្ថិតនៅក្នុងគម្រោងប្លង់មេរបស់រដ្ឋាភិបាល ឬយ៉ាងណា ។ ដោយឡែកចំពោះអ្នកទិញដែលរំពឹងទទួលបានចំណេញវិញក៏ត្រូវពិចារណាទៅលើលំហូរសាច់ប្រាក់របស់ខ្លួនឱ្យបានច្បាស់ ហើយមិនត្រូវរំពឹងថានឹងទទួលបានចំណេញក្នុងរយៈពេលខ្លីនោះទេ។ ការវិនិយោគទៅលើវិស័យដីធ្លី ត្រូវគិតថា ជាការសន្សំប្រាក់ក្នុងរយៈពេលវែង ដែលមិនអាចដកបានក្នុងពេលដ៏ខ្លី។

រឿងមួយទៀតដែលត្រូវប្រុងប្រយ័ត្ន គឺប្លង់រឹង។ ជាបទពិសោធន៍ ធ្លាប់មានក្រុមហ៊ុនពុះដីឡូត៍មួយចំនួនបានយកប្លង់រឹង(ប្លង់ដីរួម) ទៅដាក់បញ្ចាំនៅធនាគារដើម្បីយកលុយប្រការ ឬវិនិយោគលើវិស័យផ្សេងទៀត។ ក្នុងខណៈពេលដែលខ្លួនអ្នកមិនទាន់បានរត់ការទទួលបានប្លង់រឹងពីក្រុមហ៊ុន លោកអ្នកអាចនឹងប្រឈមនឹងគ្រោះហេតុ ប្រសិនបើក្រុមហ៊ុនមានហានិភ័យជាមួយធនាគារ ។ ដូច្នេះ ចំពោះការទាមទារយកប្លង់រឹង គឺជាចំណុចសំខាន់មួយដែលមិនអាចរំលងបាននោះឡើយ ៕

- Advertisement -
ចែករំលែក