គំរោងអចលនទ្រព្យធំមួយលេចឡើងនៅកណ្តាលក្រុងមង្គលបុរី

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ គំរោងវិនិយោគលើដីឡូត៍ និងលំនៅដ្ឋានដ៏ធំមួយកំពុងចាប់ផ្តើមនៅក្រុងមង្គលបុរី ក្នុងទឹកដី ខេត្តបន្ទាយមានជ័យ ជាតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកឧកញ៉ាភួ ពុយអគ្គនាយកក្រុមហ៊ុនបៃតង និងអគ្គនាយកធនាគារស្រូវបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកសម្រេចចិត្តវិនិយោគគំរោងនេះឡើង ដោយសា​រតំបន់នោះប្រជាពលរដ្ឋច្រើន និងមានជីវភាពធូរធារកើនឡើងជាប្រចាំ ដែលធ្វើឲ្យតម្រូវការដីឡូត៍ និងលំនៅដ្ឋានតម្លៃមធ្យមមានការកើនឡើង។លោកបន្តថា គំរោងនេះមានផ្ទៃដីជាង៤០ហិកតា ដែលបាននិងកំពុងពុះដីឡូត៍លក់ និងសាងសង់ផ្ទះក្នុងតម្លៃចន្លោះពី៣០,០០០ទៅ ៤០,០០០ដុល្លារសម្រាប់លក់។

លោកបន្តថា “ក្រៅពីពុះដីឡូត៍លក់ ក្រុមហ៊ុនរបស់លោកក៏ជួយសាងសង់ផ្ទះជូនម្ចាស់ដីក្នុងតម្លៃសមរម្យផងដែរ ស្របតាមស្ថានភាពជាក់ស្តែងនៃជីវភាពប្រជាពលរដ្ឋនៅតំបន់នោះ”។លោកបន្តថា “ខេត្តបន្ទាយមានជ័យ កំពុងមានការរីកចម្រើនយ៉ាងលឿន ដោ​យសារការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋនានា ពិសេសការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ”។

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹង ពីទំហំទុនវិនិយោគក្នុងគំរោងនេះនៅឡើយ ដោយលោកអះអាងថា គំរោងនេះធ្វើឡើងជាដំណាក់កាលៗ ហេតុនេះពិបាកក្នុងការប្រើប្រាស់ប្រភពទុនជាក់លាក់។

កាលពីពេលថ្មីៗនេះ ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានបើកឲ្យដំនើរការខ្សែរថភ្លើងថ្មីមួយ ដោយចាកចេញពីក្រុងប៉ោយប៉ែត មកកាន់ក្រុងសិរីសោភ័ណ្ឌ និងបានតភ្ជាប់ពីក្រុងសិរីសោភ័ណមកកាន់ ក្រុងបាត់ដំបង។

ការតភ្ជាប់ការដឹកជញ្ជូន និងធ្វើដំណើរតាមផ្លូវរថភ្លើងនេះ នឹងជួយធ្វើឲ្យសកម្មភាព ណាណិជ្ជកម្មកាន់តែរសរវើកនៅក្នុងទឹកដីភូមិភាគពាយ័ព្យ នៃប្រទេសកម្ពុជា ដែលជាខេត្តមានទីតាំងជាប់នឹងប្រទេសថៃ៕

- Advertisement -
ចែករំលែក