ចង់ដឹងថាមានទំនិញល្បីឈ្មោះប៉ុន្មានចូលទីផ្សារកម្ពុជាឬទេ?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទំនិញល្បីៗ ហាងល្បីៗប្រមាណ៣០០ហើយ បានចូលមកកាន់ទីផ្សារកម្ពុជា ប៉ុន្តែក៏មានផលិតផលល្បីៗមួយចំនួនបានចាកចេញទៅវិញផងដែរ ដោយសារផលិត​ផលរបស់ពួកគេមិនសមស្របនឹងបរិបទកម្ពុជា។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងនាថ្ងៃទី១២ មេសានេះថា កាលពីឆ្នាំ២០១៧កន្លងមកនេះ ផលិតផលម៉ាកល្បីៗចំនួន២៤បានចូលមកកាន់ទីផ្សារកម្ពុជា ក្នុងនោះចំនួន៥បានចាកចេញទៅវិញ ដោយ​សារផលិតផលរបស់ពួកគេមិនស្របនឹងស្ថានភាព និងបរិបទកម្ពុជា។អ្នកនាងបន្តថា ការ​ចូលមកដល់នៃផលិតផលល្បីៗនៅក្នុងទីផ្សារកម្ពុជា ដោយសារពួកគេមើលឃើញអំណា​ចនៃការទិញកើនឡើង ស្របពេលសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនដោយរ៉ឹងមាំ។

អ្នកនាងបន្តថា “ទោះជាយ៉ាងណាយើងមើលឃើញថា ផលិតផលដែលលក់ដាច់​ច្រើនជាងគេ ជាលិតផលចំណីអាហារ ភេសជ្ជៈ និងសេវាកម្មកំសាន្ត ដែលបំរើការកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ”។អ្នកនាងបន្តថា “ទំហំផ្សារទំនើបធៀបនឹងមនុស្សម្នាក់នៅកម្ពុ​ជាបច្ចុប្បន្ន នៅទីក្រុងភ្នំពេញមានទំហំធំជាងប្រទេសវៀតណាម ប៉ុន្តែតូចជាងប្រទេស​ថៃនៅឡើយ”។

អ្នកនាងអាន សុធីតាបានបន្តថា កំនើននៃការផ្គត់ផ្គង់ផ្សារទំនើបឆ្នាំនេះ ពិតជាមាន​ទំហំធំ ដែលគិតពីដើមរហូតមកទល់ពេលនេះ ទំហំផ្សារទំនើបកើនជាង៤០ម៉ឺនម៉ែត្រការ៉េហើយ ស្របពេលទំហំនៃការផ្គត់ផ្គង់នៃឆ្នាំនេះកើនខ្ពស់ ហើយបើការផ្គត់ផ្គង់ហក់ឡើងខ្ពស់បន្ថែមទៀត ទំហំនៃការផ្គត់ផ្គង់អាចមានបញ្ហា៕

- Advertisement -
ចែករំលែក