ដឹង​ទេ​ថា​ខេត្ត​ត្បូងឃ្មុំ​ជ្រើសរើស​អ្វី​ជា​និម្មិត​សញ្ញា​របស់ខ្លួន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ត្បូងឃ្មុំ​អាច​និយាយថា​ជា​ខេត្ត​កូនពៅ​គេ ដែលមាន​ទី​រួម​ខេត្ត​ស្ថិតនៅ​កណ្តាល​ព្រៃ​ដើម​ម៉ៃសាក់ ប៉ុន្តែ​ខេត្ត​នេះ​បាន​រកឃើញ​និម្មិត​សញ្ញា​សម្គាល់​អត្តសញ្ញាណ​ខេត្ត​របស់ខ្លួន​ហើយ។

ខេត្ត​នេះ​បានជ្រើសរើស​យក​កុលាលភាជន៍ ដែលជា​វត្ថុ​បុរាណវិទ្យា​ជាប់ទាក់ទង​នឹង​ប្រវត្តិ​សា​សស្ត្រ​របស់​ខេត្ត​កូនពៅ​គេ​មួយ​នេះ។

អតីត​អភិបាលខេត្ត​ត្បូងឃ្មុំ លោក​ប្រាជ្ញ ច័ន្ទ​អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា តាមរយៈ​ការសិក្សា​ជាមួយ​អ្នកជំនាញ និង​ពិគ្រោះ​យោបល់​ជាមួយ ថ្នាក់ដឹកនាំ​រាជបណ្ឌិតសភា​កម្ពុ​ជាក​ន្ល​ង​មក ខេត្ត​បានសម្រេច​ជ្រើស​រើសយក​កុលា​កុល​ភាជន៍ ជា​និម្មិត​សញ្ញា​របស់ខ្លួន ដោយសារ​និម្មិត​សញ្ញា​នេះ​ជាប់​ទាក់​ង​នឹង​ប្រវត្តិសាស្ត្រ​របស់​ខេត្ត ពិសេស​ទាក់ទង​នឹង​ភូមិ​មូល ដែលមាន​នៅក្នុង​ខេត្ត​នេះ។

ទី​រួម​ខេត្ត​ត្បូងឃ្មុំ ស្ថិតនៅក្នុង​ឃុំ​ស្រឡប់ និង​ស្ថិតនៅ​ចំណុចប្រសព្វ​ស្រុក​ចំនួន​បី គឺ​ស្រុក​ត្បូងឃ្មុំ ស្រុក​ពញ្ញាក្រែក និង​ស្រុក​តំបែរ។

ទាក់ទង​នឹង​ដំណើរការ​អភិវឌ្ឍន៍​ខេត្ត​ថ្មី​នេះ លោក​ឧកញ៉ា​នួន រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន​Khmer foundation Appraisal បាន​ថ្លែងថា ការកសាង​អាគារ​រដ្ឋបាល សាកលវិទ្យាល័យ​របស់​រដ្ឋ​ឲ្យ​ដំណើរការ​ជាមុន ទើប​ក្រុមហ៊ុន​ឯកជន​ចូលទៅ​តាម​ក្រោយ ហើយ​តាម​លោក​ដឹង​មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន បាន​ចាប់អារម្មណ៍​ចូលទៅ​វិនិយោគ​នៅក្នុង​ទី​រួម​ខេត្ត​ថ្មី​នេះ ព្រោះ​មាន​ឧកញ៉ា​ជាច្រើន​បាន​ទិញ​ដី​ទុក​នៅក្នុង​តំបន់​នេះ។ លោក​បន្តថា ការបង្កើត​ខេត្ត​ថ្មី ទាមទារ​បង្កើត​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​សេវាសាធារណៈ​ឲ្យ​បាន​ច្រើន ដូចជា សាលារៀន មន្ទីរពេទ្យ មណ្ឌល​កំសាន្តផ្សេងៗជាមុនសិន ទើប​អាច​ទាក់ទាញ​មនុស្ស​ចូលទៅ​រស់នៅ។

លោក​បន្តថា “ ទី​រួម​ខេត្ត​ថ្មី​នេះ ប្រៀបដូចជា​នំ​មួយ​ដុំ ដែល​ស្រមោច​រោម​ច្រើន និង​ប្រៀប​បី​ដូចជា​កូនក្រមុំ​ស្អាត​មួយ ដែល​មិនទាន់​តុបតែង​ខ្លួន​ផងដែរ។លោក​បន្តថា “ អ្វី​សំខាន់​នាពេលនេះ គឺ​ការរៀបចំ​សេវាសាធារណៈ ដូចជា​ចំណតរថយន្ត សន្តិសុខ តំបន់​ពាណិជ្ជកម្ម​គួរ​ត្រូវ​រៀបចំឡើង ហើយ​ដើម្បី​ទាក់ទាញ​មនុស្ស​ចូលទៅ​រស់នៅ។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បន្តថា ការ​ប្រែក្លាយ​ដីព្រៃ​ម៉ៃសាក់ វាលស្រែ ទៅជា​ទីក្រុង​មួយ​ពិតជា​មិន​ងាយស្រួល​នោះទេ ដូច្នេះ​រដ្ឋាភិបាល​គួរ​មាន​ហិរញ្ញប្បទាន​ណាមួយ ដើម្បី​សាងសង់​ផ្ទះ​សាធារណៈ និង​លក់​តំលៃថោក​ដល់​ប្រជាពលរដ្ឋ និង​បង់ប្រាក់​រំ​លោះ​រយៈពេល​វែង នឹង​អាច​ទាក់ទាញ​ឲ្យ​មនុស្ស​ចូលទៅ​រស់នៅ​ច្រើន។

ទីក្រុង​នេះ​មាន​ទំហំ២០០០ហិកតា ក្នុង​ប្លង់គោល​អភិវឌ្ឍន៍​ជំ​ហ៊ាន​តំបូង ដែល​បាន​គូរ​ប្លង់​ដោយ​លោក​បណ្ឌិត​បេង​ហុង សុជាតិ ខេ​ម​រ៉ូ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លំនៅដ្ឋាន​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់។

លោក​បណ្ឌិត​បេង ហុង សុជាតិ ខេ​ម​រ៉ូ​បាន​ថ្លែងថា ការបំពាក់​ហេ​ដ្ឋា​រចនា​ស ម្ព័​ន្ឋ​តំលៃ​រាប់រយ​លាន​ដុល្លារ​របស់​រដ្ឋាភិបាល ទៅលើ​ទី​រួម​ខេត្ត​ថ្មី​នេះ​ជាការ​ទាក់ទាញ​ដ៏​ធំ​មួយ​ហើយ​សម្រាប់​ទីក្រុង​ថ្មី​នេះ។ លោក​បន្តថា រដ្ឋាភិបាល​លើកទឹកចិត្ត​ចំពោះ​ក្រុមហ៊ុន​ឯកជន ដែល​ចង់ទៅ​ធ្វើការ​វិនិយោគ​នៅ​ទី​រួម​ខេត្ត​ថ្មី​នេះ ក៏ដូចជា​បណ្តា​ខេត្ត​ដទៃទៀត។

ខេត្ត​ត្បូងឃ្មុំ មានស្រុក​ចំនួន៦ និង​ក្រុង​ចំនួន១ គឺ​ស្រុក​ក្រូចឆ្មារ តំបែរ មេមត់ ពញ្ញាក្រែក ត្បូងឃ្មុំ អូររាំងឪ និង​ក្រុង​សួង និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប​ប្រមា ណ​ជាង៩០ម៉ឺន​នាក់។

អគ្គនាយក​ក្រុមហ៊ុន​លី ហួរ​គ្រុប​លោក​ឧកញ៉ា​លី ហួរ​បាន​ថ្លែងថា លោក​មាន​គំរោង​វិនិយោគ​លំនៅដ្ឋាន និង​ផ្សារ​នៅក្នុង​ទីក្រុង​ថ្មី នៃ​ខេត្ត​ត្បូងឃ្មុំ​នាពេលខាងមុខ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ពេលវេលា​ជាក់លាក់​នោះទេ និង​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​វិនិយោគ ដែល​លោក​គ្រោង​វិនិយោគ​លើ​លំនៅដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅក្នុង​ខេត្ត​ទេ៕

- Advertisement -
ចែករំលែក