ដំណឹងល្អៈផ្សារទំនើបបែបLifestyleនៅក្រុងសៀមរាបនឹងបើកនៅដើមខែមិថុនា

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ផ្សារទំនើបលំដាប់អន្តរជាតិHeritage Walk ដែលផ្តោតលើបែបផែនជីវិតសម័យថ្មី lifetyle នឹងបើកដំណើរការនៅកណ្តាលក្រុងសៀមរាប នាដើមខែមិថុនា ខាងមុខនេះ។

នាយកគ្រប់គ្រងទូទៅនៃផ្សារទំនើបHeritage Walk លោក ឈាង សុភក្តិ​ បានថ្លែងឲ្យដឹងតាមទូរស័ព្ទ​នារសៀលថ្ងៃទី២៣ មេសានេះថា ផ្សារបែប​ Lifestyle Cromlech នេះបើកដំណើរការនៅដើមខែ​មិថុនាខាងមុខនេះ ដើម្បីផ្តល់កន្លែងកំសាន្តសប្បាយដល់ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បន្ទាប់ពីផ្សារនេះបើកដំណើរការសាងសង់នៅ​ឆ្នាំ២០១៦​កន្លងមកនេះ។ លោកបន្តថា ផ្សារនេះមានកំពស់៥ជាន់ ដោយពីរជាន់ស្ថិតនៅក្រោមដី និងបីជាន់ស្ថិតនៅលើដី ដែលជាកន្លែងផ្តល់សេវាកំសាន្ត ការញុំាអាហារដ៏សម្បូរបែបដល់ភ្ញៀវនានា។
លោកបន្តថា “យើងមិនប្រកួតប្រជែងជាមួយPub Street ទេ និងមិនប្រកួតជាមួយសណ្ឋាគារណា​នោះ​ទេ ប៉ុន្តែក្រុមហ៊ុនមានបំណងផ្តល់សេវាកម្មកំសាន្ត ការញុំាអាហារ និងការដើរកំសាន្តបែបជីវិត​ស៊ីវិល័យថ្មីមួយ សម្រាប់ទីក្រុងសៀមរាប”។លោកបន្តថា “អ្វីសំខាន់ យើងចង់ឲ្យភ្ញៀវទេសចរណ៍មាន​កន្លែងកំសាន្ត និងស្នាក់នៅបានយូរក្នុងក្រុងសៀមរាប”។ ផ្សារដែលផ្តោតលើបែបផែន​ជីវិត​សម័យ​ថ្មីនេះ មានទំហំ១៤០០០ម៉ែត្រការ៉េ និងមានទីតាំងស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ពោលគឺនៅក្បែរទីសក្ការៈ​ព្រះអង្គចេកព្រះអង្គចម។

លោក ឈាង សុភក្តិ បានបន្តថា ក្រៅពីកន្លែងទទួលទានអាហារ ផ្សារបែបស៊ីវិល័យនេះ ក៏មានកន្លែង​កំសាន្តដទៃទៀត និងរោងភាពយន្តផងដែរ ហើយរហូតមកដល់ពេលនេះស្តង់​របស់ផ្សារជាង​៧០​% ត្រូវបានអតិថិជនជួលអស់ហើយ ដោយមានតម្លៃ២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ផ្សារបែបជីវិតស៊ីវិល័យនេះ នេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនEmerald Plus Property Management Co, Ltd។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានថ្លែងថា ក្រុងសៀមរាប ជាក្រុងនៃបណ្តុំភ្ញៀវទេសចរណ៍ ប៉ុន្តែទីក្រុងនេះខ្វះតំបន់ពាណិជ្ជកម្ម និងសេវាកម្មកំសាន្តច្រើន ដែល ទាមទារឲ្យមានការវិនិយោគច្រើនថែមទៀត ដើម្បីផ្តល់សេវាកម្មកំសាន្តសប្បាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អ្នកនាងបន្តថា “ការវិនិយោគរបស់Metro Lifestyle Developmentលើផ្សារនេះ ពិតជាការវិនិយោគត្រឹមត្រូវ និងចំពេលវេលា”៕

 

- Advertisement -
ចែករំលែក