ដំណឹងល្អ! កាណាដាសន្យាបង្កើនការបញ្ជាទិញផលិតផលវាយណភ័ណ្ឌពីកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងនៅព្រឹកនេះថា ភាគីកាណាដានឹងបន្តបញ្ជាផលិតផល វាយណភ័ណ្ឌ សម្លៀកពីកម្ពុជាថែមទៀត ខណៈដែលប្រទេសនេះបានដកការបញ្ជាទិញ ពីប្រទេសមួយចំនួន។

មានប្រសាសន៍ប្រាប់ដល់ក្រុមអ្នកសារព័តមាន ក្រោយជំនួបពិភាក្សាការ​ងា​ររវាងលោកជំទាវ DONICA POTTIE ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំតំបន់ ដែលមាននិវេសនដ្ឋាននៅប្រទេ​សថៃ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ លោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឲ្យដឹងថា នាពេលនេះកាណាដា បានដកការបញ្ជាទិញពីប្រទេសមួយចំនួន ប៉ុន្តែចំពោះប្រទេសកម្ពុជារក្សានៅដដែល។លោកបន្តថា ដោយឡែកតម្លៃនៃការនាំចេញទៅកាន់កាណាដា ក៏ស្ថិតក្នុងភាពល្អប្រសើរ ដែលភាគីកាណាដា បានផ្តល់ភាពអនុគ្រោះសម្រាប់ការនាំចូល ដោយគិតមកទល់ពេលនេះមានចំនួនជាង៩០លានដុល្លារអាមេរិក។

លោកបន្ថែមថា “កត្តាដែលកាណាដា នៅតែបន្តបញ្ជាទិញ ដោ​យសារកម្ពុជា រដ្ឋាភិបាលមានគោលនយោបាយល្អ ដូចជា ការដោះស្រាយលក្ខ​ខណ្ឌ​ការងារប្រាក់ឈ្នួលកើនឡើង និងធ្វើឲ្យមានបញ្ហាប្រកួតប្រជែងមួយចំនួន និងមានអនុគ្រោះ”។លោកបន្តថា “ការបន្តបង្កើនការបញ្ជាទិញពីកម្ពុជា ដោយសារថាអ្នកប្រើប្រាស់ទំនិញនៅក្នុងអរិយប្រទេស មួយចំនួនក៏ពេញចិត្តនឹងអ្វី ជាលក្ខខណ្ឌដែលបានផ្តល់ជូនទៅដល់កម្មករ និយោជិត ពិសេសចុងក្រោយនេះ គោលនយោ​បាយគាំពារសង្គមរបស់ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់គ្រប់បែបយ៉ាង ពិសេសដល់ស្រ្តី ដែលជំរុញឲ្យមានការទាក់ទាញកាន់តែខ្លាំង ទាំងអ្នកប្រើប្រាស់និងអ្នកបញ្ជាទិញ ដែលកត្តាទាំងនេះធ្វើឲ្យអ្នកបញ្ជាទិញកាន់តែចាប់អារម្មណ៍”។

លោកបណ្ឌិតអ៊ិត សំហេងបានបន្តថា ភាគីកម្ពុជា កាណាដាបានផ្តោតទៅលើវិស័យការងារជាសំខាន់ ព្រោះកាណាដា ក៏ជាប្រទេសដែលទិញទំនិញផ្នែកវាយនភ័ណ្ឌពីកម្ពុជាដែរ។ ដូច្នេះភាគីកាណាដាបានស្វែងយល់អំពីលក្ខ​ខណ្ឌ​ការងារ និងការអនុវត្តន៍នូវគោលនយោបាយ ចំពោះសិទ្ធិសេរីភាពនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់។ លោកបន្តថា តាមរយៈនេះប្រទេសទាំងពីរបានយល់គ្នាកាន់តែ ច្បាស់ពីអ្វី ដែលស្ថានភាពដ៏ល្អប្រសើរជាមួយលក្ខខណ្ឌការងារ ហើយភាគីកាណាដា ក៏បានវាយតម្លៃខ្ពស់ថាកម្ពុជាអាចចាត់ទុកថា ជាគំរូមួយនៅក្នុងការអនុវត្តលក្ខខណ្ឌការងារដ៏ល្អប្រសើរនេះ។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជានាយកវិទ្យាស្ថានសិក្សាដើម្បីកាតរអភិវឌ្ឍន៍បានថ្លែងថា វិស័យវាយណភ័ណ្ឌកាត់ដេរ ផលិតស្បែកជើងនៅតែត្រូវបានមើលឃើញថា ជាវិស័យសំខាន់សម្រា​ប់ទ្រទ្រង់កំនើនសេដ្ឋកិច្ចជាតិ បើទោះជាវិស័យនេះប្រឈមនឹងការប្រកួតប្រជែងខ្លាំងក្តី ប៉ុន្តែវានៅតែជាវិស័យដ៏ធំមួយស ម្រាប់ធ្វើជាមូលដ្ឋានដល់កម្ពុជា ដើម្បីឈានទៅកាន់មូលដ្ឋានសេដ្ឋកិច្ចថ្មីមួយទៀត។លោកបន្តថា ទោះជាផលិតភាពត្រូវបានគេមើលឃើញមិនសូវល្អប្រសើរក្តី ប៉ុន្តែអ្នកវិនិយោគមួយចំនួនបានសរសើរកម្មករ និយោជិតកម្ពុជាថាពួកគេធ្វើការបានល្អ មានផលិតភាពខ្ពស់ ក្រោយពួកគេទទួលបានការបណ្តុះបណ្តាល។

លោកបន្តថា “ដោយសារវាជាវិស័យសំខាន់នេះហើយ ទើបរដ្ឋាភិបាលបាននិងកំពុងរៀបចំគោលនយោបាយវិស័យវាយណភ័ណ្ឌ ដើម្បីជួយធ្វើឲ្យវិស័យនេះមានភាពរីកចម្រើនប្រកបដោយនិរន្តរភាព ហើយអ្នកនៅក្នុងវិស័យនេះទទួល​យកបានទាំងអស់គ្នា”៕

- Advertisement -
ចែករំលែក